ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី​មិន​ប្តូរ​ជំហរ​ពី​រឿង​នុយក្លេអ៊ែរ

ប្រធានាធិបតី​ថ្មី​អ៊ីរ៉ង់ លោក​ ហាសាន រ៉ូហានី​បាន​ប្រាប់​ទៅ​ប្រទេស​លោកខាងលិច​ឲ្យ​ទទួល​ស្គាល់​សិទ្ធិ​មាន​ កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ នៅល្ងាច ថ្ងៃ​ចន្ទ ទី ១៧ មិថុនា គឺ​នៅក្នុង​សន្និសីទ​កាសែត​លើកទីមួយ បន្ទាប់​ពី​បាន​ជាប់ ឆ្នោត ជា​ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ ហាសាន រ៉ូហានី​បាន​ប្រកាស​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​គេ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

នៅក្នុង ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក ហាសាន រ៉ូហានី​ធ្លាប់​បាន​សន្យា​ថា ក្នុង​ការចរចា​ជាមួយ​ប្រទេស​លោកខាងលិច​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក​នឹង​ធ្វើ​នយោបាយ​ទន់ភ្លន់​ជាងមុន។ នយោបាយ​ទន់ភ្លន់​មិនមែន​មាន​ន័យ​ថា លោក​យល់ព្រម​​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ ទៅ​តាម​ប្រទេស​លោកខាងលិចទេ។ ប្រទេស​លោកខាងលិច​ដែល​នៅ​តែ​សង្ស័យ​ថា អ៊ីរ៉ង់​កំពុង​លួច​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​យោធា។

តាម​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី ការទាមទារ​របស់​បស្ចិម​បទេស​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​កម្មវិធី​ចម្រើនធាតុ​ អ៊ុយរ៉ានីញ៉ូមនោះ ​ហួសសម័យ​ទៅហើយ។ បើតាម​លោក​ ហាសាន រ៉ូហានី អ៊ីរ៉ង់​មាន​វិធីសាស្រ្ត​ជាច្រើន ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ប្រទេស​លោកខាងលិច​ទុកចិត្ត​លើ​អ៊ីរ៉ង់​ជាថ្មី។ ដំបូងគេ គឺ​អ៊ីរ៉ង់​នឹង​ធ្វើ​ការងារ​ប្រកប​ដោយ​តម្លាភាព ដើម្បី​បង្ហាញ​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ធ្វើ​ឡើង​ដើម្បី​ផលិត​ថាមពល​អគ្គិសនី គឺ​សមស្រប​តាម​បទដ្ឋាន និង​ច្បាប់​អន្តរជាតិ។

តាម​គោលគំនិត​នេះ លោកប្រធានាធិបតី​ ហាសាន រ៉ូហានី ចង់​ឲ្យ​មាន​ការចរចា​៦​ភាគី​ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ ប៉ុន្តែ មិនមែន​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះទេ។ “ការដាក់​ទណ្ឌកម្ម​ទាំងនោះ​មិន​យុត្តិធម៌ និង គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ ប្រជាជន​អ៊ីរ៉ង់​គ្មាន​កំហុស​ទេ ហើយ កម្មវិធី​នុយក្លេអ៊ែរ​របស់​យើង ក៏​ត្រឹមត្រូវ​តាមច្បាប់ដែរ។ ការដាក់ទណ្ឌកម្ម​កន្លងមក គឺ​បាន​ប្រយោជន៍​ច្រើនទៅ​ខាង​ក្រុមប្រទេស​លោកខាងលិច និង​ប្រទេស​អ៊ីស្រាអែល”។ នេះ​ជា​ការថ្លែង​របស់​លោក​ហាសាន រ៉ូហានី។

គួរ​បញ្ជាក់ថា រហូតមក អ៊ីរ៉ង់​បាន​តុ​ចរចា​៦ភាគី ជាមួយ​ប្រទេស​មហាអំណាច ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ប៉ុន្តែ រហូតមកដល់​ពេលនេះ ការចរចា​មិន​បាន​ឈាន​ដល់​ដំណោះស្រាយ​ណាមួយទេ។ អ៊ីរ៉ង់​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី ចង់​ត្រូវរ៉ូវ​ជាមួយ​ប្រទេស​លោកខាងលិច ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ក្នុងស្រុក។ កុំភ្លេចថា ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​ដែល​បាន​ហាម​មិន​ឲ្យ​ទិញ​ប្រេង​អ៊ីរ៉ង់ បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីស្លាម​អ៊ីរ៉ង់៕ ដោយ ឈាង បុប្ (RFI)

Related Articles

Back to top button
Close
Close