បារាំង និងអង់គ្លេស ចង់ឲ្យមានជំនួយសព្វាវុធជាបន្ទាន់ដល់ ក្រុមប្រឆាំងស៊ីរី
បន្ទាប់ពីវាយយកបានទីក្រុងគូសែ ពីក្រុមអ្នកប្រឆាំងកាលពីសប្តាហ៍មុន ក្រុមយោធារបស់ រដ្ឋា ភិបាលទីក្រុងដាមាស ក្រោមការដឹកនាំរបស់ លោក បាសា អាល់ អាសាដ កាន់តែមានសន្ទុះខ្លាំងឡើងៗ។ បញ្ហាទាំងនេះ បានធ្វើឲ្យ សហភាពអឺរ៉ុប មានការព្រួយបារម្ភ ជាពិសេសបារាំង និងអង់គ្លេស ។ ប្រទេសទាំងពីរចង់ឲ្យមានជំនួយសព្វាវុធជាបន្ទាន់ ដល់ក្រុមអ្នកប្រឆាំង។
លោក Laurent Fabius រដ្ឋមន្រ្តីក្រសួង ការបរទេសបារាំង បានប្រកាសតាមទូរទស្សន៍កាលពីម្សិលមិញ ចង់ឲ្យមានស្មើភាពគ្នាមួយ លើកម្លាំងសព្វាវុធ រវាងក្រុមអ្នកប្រឆាំងនិងរដ្ឋាភិបាលស៊ីរីបច្ចុប្បន្ន។ ដោយលោកបានអះអាងថាវា ជាការបន្ទាន់ណាស់ ដើម្បី ទប់ស្កាត់ ការវាយដណ្តើមយក ទីតាំងធំៗរបស់ក្រុមឧទ្ទាមជាបន្តបន្ទាប់ ពីសំណាក់ បក្សពួក លោក អាសាដ។
ចាប់តាំងពីសប្ដាហ៍មុនមក ទាហ៊ានរដ្ឋាភិបាលស៊ីរី បានវាយដណ្តើមយកបានទីក្រុង គូសែ នៅភូមិភាគខាងជើងនៃប្រទេសស៊ីរី ។ ទីនោះហើយ ជាទីតាំងយុទ្ធសាស្រ្តសំខាន់មួយ សម្រាប់ ការវាយលុក បន្តទៅទីក្រុង អាឡេប ដែលជាកន្លែងសំខាន់មួយរបស់ក្រុមបះបោរ។
បច្ចុប្បន្ន ទាហ៊ាន របស់រដ្ឋាភិបាលស៊ីរី កំពុងតែធ្វើការវាយប្រហារ ទៅលើក្រុមឧទ្ទាមយ៉ាង ក្តៅគគុក។ គឺពួកគេ មានការជួយ ជ្រោមជ្រែងពី ចលនាហេបូឡា នែប្រទេសលីបង់ និងប្រទេស អ៊ីរ៉ង់។ យើងក៏ដឹងផងដែរថា កន្លងមក រូស្ស៊ី ជាប្រទេសផ្ដល់សព្វាវុធធំជាងគេដល់រដ្ឋាភិបាលទីក្រុងដាមាស។
សូមរម្លឹកផងដែរថា កាលពីចុងសប្តាហ៍មុន សហរដ្ឋអាមេរិក និងរូស្ស៊ីបាន ប្រកាសបើកសន្និសីទសន្តិភាពមួយ នៅទីក្រុង ហ្សឺណែវ ដើម្បីដោះស្រាយវិបត្តិស៊ីរី តែការរៀបចំខាងលើ ត្រូវបានលុបចោល ទៅវិញដោយសារ ភាគីក្រុមអ្នកប្រឆាំង បដិសេធក្នុងការចូលរូម។ គឺភាគីប្រឆាំង រដ្ឋាភិបាលស៊ីរី បានគម្រាម ដល់សហគមន៍អន្តរជាតិផងដែរថាគេនឹងមិនចូលតុចចាណាមួយទេ ប្រសិនបើពួកគេនៅតែមិនទាន់បានទទួលការឧត្ថមជា សព្វាវុធ ពីសហគមន៍អន្តរជាតិ។
នៅក្នុងរឿងនេះ ភាគីបារាំង និងអង់គ្លេស ក៏នៅមានភាពទាក់ទើរនៅឡើយ ក្នុងការបញ្ចូនសព្វាវុធ ជាបន្ទាន់របស់ខ្លួន ដល់ក្រុមអ្នកប្រឆាំង។ មូលហេតុ ប្រទេសទាំងនោះ ត្រូវតែគោរព តាមគោលការណ៍របស់ សហភាពអឺរ៉ុប។ គឺ រាល់ការបញ្ជូនអាវុធ ទំនើបៗ ចេញទៅក្រៅ គេត្រូវរងចាំរហូតដល់ ដើមខែសីហាខាងមុខ។
កាលពីព្រឹកថ្ងៃទី ១២មិថុនានេះដែរ នៅទីក្រុងវ៉ាស៊ីនតោន លោក រដ្ឋមន្រ្តីការពារជាតិអាមេរិក John Kerry បានជួបជាមួយ ភាគីអង់គ្លេស លោក William Hague ដើម្បីបន្តពិភាក្សាលើសង្រ្គាមស៊ីវិល ស៊ីរី នេះដែរ។ ហើយក្នុងសប្តាហ៍នេះ លោក បារ៉ាក់ អូបាម៉ា បាន ស្នើទៅក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាតិពិភាក្សារកលទ្ធភាពណាមួយ ដើម្បីបញ្ជូនជំនួយសពាវុធ ដល់ពួកអ្នកប្រឆាំង។
ចាប់តាំង ពីខែមិនា ឆ្នាំ២០១១មក វិបត្តិសង្រ្គាមស៊ីវិល នៅប្រទេសស៊ីរី បានបណ្តាលឲ្យមនុស្ស ប្រមាណជាង ៩៤ ០០០នាក់បានស្លាប់បាត់បង់ជីវិតនិងមនុស្សជាង ៥លាននាក់ទៀតបានភៀស ខ្លួន និងគ្មានទីជំរកពិតប្រាកដ៕ដោយ ជា ប៊ុនធឿន (RFI)