ការប៉ះទង្គិចគ្នា​នៅ​ក្នុង​ក្បួន​បាតុកម្មជាថ្មី​រៀបចំ​ដោយ​គណបក្សអ៊ីស្លាម

នៅ ​ថ្ងៃ​ចន្ទ ទី១០ មិថុនា​នេះ ប្រទេស​បង់ក្លាដែស​មួយ​ភាគធំ​ត្រូវ​បាន​កកស្ទះ​ដោយ​ក្បួន​បាតុ កម្មជាតិ​មួយ​ រៀបចំ​ឡើង​ដោយ​គណបក្ស​អ៊ីស្លាម Jamaat-e-Islami។ ក្បួនបាតុកម្ម​នោះ​បាន​បញ្ចប់​ដោយ​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង ​ក្រុមបាតុករ និង​ក្រុមប៉ូលិស ដោយ​បាន​បណ្តាល​ឲ្យ​របួស​ប៉ូលិស ២នាក់។

នៅ ​ក្នុង​ទីក្រុង​ដាកា សាលារៀន និង​ហាង​លក់​ទំនិញ​ត្រូវ​បាន​បិទទ្វារ។ ចំណែក​នៅ​តាម​ដងផ្លូវ​នានា​ក៏​មាន​ភាព​ស្ងាត់ជ្រងំ ដោយ​ប្រជាជន​បាន​សុខចិត្ត​លាក់ខ្លួន​ពួនសំងំ​នៅ​ក្នុង​ផ្ទះ។ ក្បួន​បាតុកម្ម​ត្រូវ​បាន​បញ្ចប់​ដោយ​មាន​ផ្ទុះ​ឡើង​នៅ​អំពើហិង្សា​រវាង​ ក្រុមបាតុករ និង​ក្រុមប៉ូលិស។ ក្រៅ​ពី​នៅ​ក្នុង​ទីក្រុង​ដាកា អំពើហិង្សា​ក៏​មាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ស្ថិត​នៅ​ប៉ែក​ខាង ជើង និង​ប៉ែកខាងកើត​ប្រទេស។

ការ​ដែល​គណបក្ស​អ៊ីស្លាម Jamaat-e-Islami បាន​រៀបចំ​ឲ្យ​មាន​ក្បួនបាតុកម្ម​ជា​ថ្មី​ពេល​នេះ​ឡើង គឺ​មក​ពី​មាន​គ្នីគ្នា ២នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​តំណាងរាស្រ្ត ត្រូវ​បាន​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​កាត់​ទោស​កំបំាង​មុខ​ឲ្យ​ជាប់​ ក្នុង​ពន្ធនាគារ ម្នាក់ៗ​ចំនួន ៣ខែ កាល​ពី​ថ្ងៃ​អាទិត្យ ទី៩ មិថុនា​ពីបទ​ប្រមាថ​​មើលងាយ​ចៅក្រម។ សេចក្តីសម្រេច​របស់​តុលាការ​ដែល​មាន​តែ​បង្កើន​ថែម​ទៀត​នូវ​ភាព​តានតឹង​ដែល​ មាន​ស្រាប់​រវាង​រដ្ឋាភិបាល​គ្រហស្ថ និង​ក្រុម​គណបក្ស​សាសនា ពិសេស​គឺ​គណបក្ស​អ៊ីស្លាម Jamaat-e-Islami។ គួរ​បញ្ជាក់​ជូន​ថា តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ក្នុង​ប្រទេស​បង់ក្លាដែស​មាន​តួនាទី​ជា​អ្នក ​កាត់ទោស​ជនសង្ស័យ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​សង្រ្គាម​ ក្នុង​សម័យសង្រ្គាម​ដណ្តើម​ឯករាជ្យ​ពី​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ឆ្នំា ១៩៧១។

សូម​ជម្រាប​ជូន​ថា តំាង​ពី​មាន​ការវិនិច្ឆ័យទោស​​លើកទី១ ក្នុង​ថ្ងៃទី២១ មករា​មក មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា​ ១៥០នាក់ នៅ​ក្នុង​អំពើហិង្សា​រវាង​ក្រុមប៉ូលិស និង​សមាជិក​នៃ​គណបក្ស​អ៊ីស្លាម Jamaat-e-Islami។ គណបក្ស​អ៊ីស្លាម​មួយ​នេះ​បាន​ចោទ​រដ្ឋាភិបាល ពី​បទ​បាន​បង្កើត​ឲ្យ​មាន​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ឡើង ក្នុង​គោលដៅ​នយោបាយ។ ការ​ចោទ​យ៉ាង​នេះ​ក៏​ដោយសារ​ថា ជនជាប់សង្ស័យ​ភាគច្រើន ច្រើន​ជា​សមាជិក​របស់​គណបក្សប្រឆំាង​ដែល​ជា​សម្ព័ន្ធមិត្ត​ជាមួយ​គណបក្ស​ អ៊ីស្លាម។ តំាង​ពី​ដើម​ឆ្នំា ២០១៣ នេះ​មក ក្រុម​គណបក្ស ប្រឆំាង​បាន​អំពាវនាវ​ឲ្យ​មាន​ក្បួនបាតុកម្មជាតិ​ចំនួន​ជាង ៣០លើក​មក​ហើយ។

យោង​តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch និតិវិធី​របស់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ នោះ មិន​ស្រប​តាម​និតិវិធី​របស់​អន្តរជាតិ​ទេ។ ចំណែក​រដ្ឋាភិបាល​បាន​ឆ្លើយ​បក​វិញ​ថា ដំណើរការ​របស់​តុលាការ​នោះ គឺ​ចំាបាច់​ណាស់ ដើម្បី​លាងសំអាត​ស្នាមរបួស​សល់​ពី​សម័យ​សង្រ្គាម​កាល​ពី​ឆ្នំា ១៩៧១។ សង្រ្គាម​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣លាននាក់ នេះ​បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​ក្រុង​ដាកា។ តែ​បើ​យោង​តាម​ប្រភព​ឯករាជ្យ​មួយ​ចំនួន​វិញ ចំនួន​មនុស្ស​ស្លាប់​ក្នុង​ពេល​នោះ មាន​ប្រមាណ​តែ​ពី ៣០ម៉ឺន ទៅ ៥០ម៉ឺននាក់​ប៉ុណ្ណោះ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close