កូរ៉េខាងត្បូង​ទទួលយក​សំណើសុំ​បើក​កិច្ចចរចា​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង

កូរ៉េ​ខាង​ត្បូង​បាន​ឆ្លើយតប​ជាវិជ្ជមាន ទៅនឹង​សំណើ​របស់​កូរ៉េ​ខាងជើង នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​សុំ​បើក​កិច្ចចរចាជាផ្លូវការ ទៅលើ​បញ្ហា​សំខាន់ៗ​មួយចំនួន ដែល​ក្នុងនោះ រួមមានការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ នូវ​តំបន់​ឧស្សាហកម្ម​កែស៊ុងផងដែរ។ នេះ​ជា​ដំណើរ​វិវឌ្ឍ​វិជ្ជមាន​មួយ ដែល​អាច​បើក​ផ្លូវ​ទៅ​បន្ធូរបន្ថយភាព​តានតឹង​ផ្នែក​យោធា ដែល​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង ទៅនេះ។

គេអាច​និយាយ​ថា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដែល​កូរ៉េ​ខាងជើង ក្រោយ​ពី​បាន​គំរាម​ធ្វើ​សង្រ្គាម រហូតដល់​គំរាម​វាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​បាន​បិទ​តំបន់​ឧស្សាហកម្ម​​កែស៊ុង ស្រាប់​តែ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ជា​អ្នក​ផ្តួចផ្តើម​គំនិត​មុន ក្នុងការ​ស្នើ​ឲ្យ​មាន​ការ​បើក​កិច្ចចរចា​ជាផ្លូវការ​ឡើងវិញ ជាមួយ​នឹង​កូរ៉េ​ខាងត្បូង។ សំណើសុំ​ចរចា ដែល​បើ​តាម​សេចក្តីថ្លែងការណ៍​តាម​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​កូរ៉េ​ខាងជើង អាច​ធ្វើឡើង​ទៅលើ​សំណុំរឿង​មួយចំនួន រាប់ទាំង​ការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​តំបន់​ឧស្សាហកម្ម​រួម កែស៊ុង និង​ការ​អនុញ្ញាត​ឲ្យ​ប្រជាជន​កូរ៉េ​ឆ្លងដែន​ទៅវិញ​ទៅមក ដើម្បី​ទៅ​លេង​គ្រួសារ​សាច់ញាតិ​របស់​ពួកគេ។

គ្រាន់តែ​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​មាន​ការ​ស្នើសុំ​ពី​សំណាក់​របបដឹកនាំ​ ក្រុង​ព្យុងយ៉ាង រដ្ឋាភិបាល​ក្រុង​សេអ៊ូល ក៏​បាន​ឆ្លើយតប​វិញ​ភ្លាមៗ​ជាវិជ្ជមាន ដោយ​បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា នេះ​គឺ​ជា​ឱកាស​មួយ ដែល​អាច​ឲ្យ​កូរ៉េ​ទាំងពីរ​អាច​នឹង​ចាប់ផ្តើម​បង្កើត​ទំនុកចិត្ត​ជាមួយ​នឹង​ គ្នា។

គួររំឭកឡើងវិញ​ថា ទំនាក់ទំនង​ជាផ្លូវការ​រវាង​កូរ៉េ​ទាំងពីរ​ត្រូវ​បាន​កាត់ផ្តាច់​ទាំងស្រុង ចាប់តាំង​ពី​ខែមីនា ឆ្នាំ​២០១០​មក នៅ​ពេល​ដែល​កូរ៉េ​ខាង​ត្បូង​ចោទ​កូរ៉េ​ខាងជើង​ថាបាន​បាញ់​បន្លិច​ នាវាចម្បាំង​មួយគ្រឿង​របស់​ខ្លួន ដែល​បណ្តាល​ឲ្យ​ទាហាន ៤៦នាក់ ត្រូវ​បាត់បង់ជីវិត។ ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ទៀត ភាព​តានតឹង​ក៏​កើនឡើង​កាន់តែ​ខ្លាំង​រវាង​កូរ៉េ​ទាំងពីរ ដែល​ឈាន​រហូតដល់​ទៅ​ការ​ប្រកាសធ្វើ​សង្រ្គាម​នុយក្លេអ៊ែរ​ ​ពី​សំណាក់​កូរ៉េ​ខាងជើង។ កាន់តែ​គួរ​ឲ្យភ្ញាក់ផ្អើល​ទៅទៀត គឺ​របបក្រុងព្យុងយ៉ាង​បាន​បិទ​លែង​ឲ្យ​ដំណើរការ នូវ​តំបន់​ឧស្សាហកម្ម​រួម​​​កែស៊ុង ដែលជា​ប្រភព​ចំណូល​ដ៏​សំខាន់បំផុត​របស់​កូរ៉េ​ខាងជើង។

នៅពេលនេះ កូរ៉េ​ទាំងពីរ​ព្រមព្រៀង​បើក​កិច្ចចរចា​ផ្លូវការ​ជាមួយគ្នា​ឡើងវិញ ហើយ​ជា​សំណើ​សុំ​ចរចា ដែល​ចេញ​ពី​ភាគី​កូរ៉េ​ខាងជើង ​គួរ​ជា​សញ្ញា​ល្អ​ក្នុង​ការ​ឈានទៅ​បិទបញ្ចប់​ភាពតានតឹង​នៅ​កូរ៉េ។ ទោះជាយ៉ាងណា​នេះ​គឺ​ជា​ក្តីរំពឹង​របស់​ក្រុមអ្នកវិភាគ​ជាច្រើន ក៏ប៉ុន្តែ ក្តីរំពឹង​ក្នុង​លក្ខណៈ​ប្រយ័ត្នប្រយែង ដោយសារ​តែ​ពេលនេះ ការ​យល់ព្រម​ចរចា​នេះ គ្រាន់តែ​ជា​ការ​​យល់​ព្រម​ជាគោល ការណ៍ មិនទាន់​មាន​អ្វី​ជាក់លក់។ ម្យ៉ាងទៀត ប្រធានបទ​ដែល​នឹង​ត្រូវ​ជជែក​ក្នុងការ​ចរចា​នេះ មាន​​បញ្ហា​ច្រើន ដែល​ស្មុគស្មាញងាយ​នឹង​ធ្វើ​ឲ្យ​កិច្ចចរចា​ត្រូវ​ទទួល​បរាជ័យ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close