ការសម្រេចរបស់តុលាការថៃលើការបាញ់សម្លាប់អ្នកថតរូបកាសែតអ៊ីតាលីបញ្ជាក់អំពីនិទណ្ឌភាពសម្រាប់ក្រុមយោធា
បាងកក — គ្រួសាររបស់អ្នកយកព័ត៌មានជនជាតិអ៊ីតាលីដែលត្រូវបានសម្លាប់ក្នុង អំឡុងពេលការ បង្ក្រាបបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្នុងឆ្នាំ២០១០ ក្នុងប្រទេសថៃ បានស្វាគមន៍ការសម្រេចរបស់តុលាការដែលបានបន្ទោសទៅលើក្រុមយោធា។ ក៏ប៉ុន្តែ គ្មាននរណាម្នាក់ ត្រូវបានចោទប្រកាន់ចំពោះការស្លាប់របស់លោក ឬការស្លាប់របស់ពលរដ្ឋជាង៨០នាក់ដទៃទៀត នោះទេ។
សកម្មជនសិទ្ធមនុស្សនិយាយថា អាជ្ញាធរថៃ បន្តអនុញ្ញាតឲ្យក្រុមយោធាអនុវត្តដោយមាននិទណ្ឌភាព។
គ្រួសារនិងអ្នកគាំទ្រលោក Fabio Polenghi និយាយថា ការសម្រេចរបស់តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក ជាជំហានវិជ្ជមានមួយ ក៏ប៉ុន្តែ យុត្តិធម៌នៅតែនៅឆ្ងាយនៅឡើយ។
អ្នកថតរូបកាសែតឯករាជ្យដែលមានវ័យ៤៨ឆ្នាំរូបនេះ ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងបាញ់ត្រូវខ្នងលោកកាលពីខែឧសភា ឆ្នាំ២០១០ គ្រាដែលលោក បានថតរូបការបង្រ្កាបរបស់យោធាថៃទៅលើក្រុមបាតុករ។
តុលាការបានចេញការសម្រេចកាលពីថ្ងៃពុធ ទី២៩ ខែឧសភានេះថា គ្រាប់កាំភ្លើងដែលបាញ់លោក Polenghi ត្រូវគ្នានឹងគ្រាប់កាំភ្លើងដែលប្រើដោយយោធានិងទាហាន ដែលជាក្រុមតែមួយគត់ដែលប្រដាប់ដោយអាវុធនៅទីកន្លែងដែលលោក Polenghi ត្រូវបានបាញ់។
ក៏ប៉ុន្តែ តុលាការនេះ មិនបានបន្តការចោទប្រកាន់ដល់ទាហាន ឬមេបញ្ជាការណាម្នាក់ទេបើទោះជា បានកំណត់អត្តសញ្ញាណកងវរសេនាតូច ដែលមានវត្តមាននៅកន្លែងកើតហេតុនោះក៏ដោយ។ នៅលើកមុននេះ តុលាការនេះ បានសម្រេចថា ការស្លាប់របស់មនុស្សទាំងនោះ គឺដោយគ្រាប់កាំភ្លើងរបស់យោធា ក្នុងអំឡុងពេលបាតុកម្ម ក៏ប៉ុន្តែ បានឲ្យដឹងថា ខ្លួន មិនអាចកំណត់បានទេថា តើអ្នកណាជាអ្នកទទួលខុសត្រូវនោះ។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ អង្គការសិទ្ធិមនុស្ស បានអំពាវនាវឲ្យយោធាទទួលខុសត្រូវចំពោះអាយុជីវិតមនុស្សជាង៩០ នាក់ ដែលបានស្លាប់នៅក្នុងការបង្ក្រាប ដែលអ្នកដែលបានបាត់បង់ជីវិតទាំងនោះ ភាគច្រើនជាពលរដ្ឋដែលគ្មានអាវុធ។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watchសម្រាប់ប្រទេសថៃ លោក ស៊ូណៃ ផាស៊ូក (Sunai Phasuk ) និយាយថា បរាជ័យក្នុងការកាត់ទោសនរណាម្នាក់នៅក្នុងកងយោធា សបញ្ជាក់ឲ្យឃើញថា និទណ្ឌភាពសម្រាប់កងកម្លាំងថៃនៅតែមានជាបន្ត។
«ហើយសម្រាប់គណបក្សនយោបាយ ក្រុមអ្នកនយោបាយ និងសាធារណជនថៃទូទៅវិញ គ្មាននរណាម្នាក់ចេញមកហើយនិយាយយ៉ាងខ្លាំងថា រដ្ឋប្រហារយោធាជាសកម្មភាពមួយមិនអាចទទួលយកបាននោះទេ។ ដូច្នេះ ការភ័យខ្លាចដែលថា រដ្ឋប្រហារអាចធ្វើឲ្យរង្គោះរង្គើដល់រដ្ឋាភិបាលនោះ គឺបានចាក់ឫសយ៉ាងជ្រៅនៅក្នុងការគិតគូរអំពីរឿងនយោបាយ។ ហេតុដូច្នេះហើយ គ្មាននរណាម្នាក់ហ៊ានប្រឈមមុខនឹងយោធានោះទេ។ គ្មាននរណាម្នាក់ ហ៊ានតាមដេញដោលអំពើឧក្រិដ្ឋកម្ម ការប្រព្រឹត្តមិនល្អរបស់យោធានោះទេ»។
ប្រទេសថៃធ្លាប់មានរដ្ឋប្រហារ១៨ដងហើយចាប់តាំងពីក្លាយជាប្រទេស ដែលមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៣២មក។ យោធា ជាស្ថាប័នខ្លាំងបំផុតមួយនៅក្នុងប្រទេសថៃ ហើយជាញឹកញាប់ត្រូវបានការពារដោយអ្នកនយោបាយដែលចង់បានការគាំទ្រដ៏ មានឥទ្ធិពលពីពួកគេ។
ទាហានជាច្រើននាក់ ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងអំឡុងពេល២ខែនៃការងើបឡើងបះបោរ ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកអតីតនាយករដ្ឋមន្រ្តីAbhisit Vejjajiva។
គ្រាដែលក្រុមបាតុកររាប់ម៉ឺននាក់បានចូលកាន់កាប់ភាគកណ្តាលនៃ ទីក្រុងបាងកកដោយសន្តិវិធី ដើម្បីអំពាវនាវឲ្យមានការបោះឆ្នោតជាថ្មីនោះ ក្នុងចំណោមពួកគេមានមនុស្សមួយក្រុមដែលមានការហ្វឹកហាត់យ៉ាងល្អ ប្រដាប់ដោយអាវុធ ស្លៀកពាក់ពណ៌ខ្មៅ បានវាយប្រហារទៅលើកងកម្លាំងសន្តិសុខ។
អ្នកថតវីដេអូនៃបណ្តាញព័ត៌មានReuters ម្នាក់ត្រូវបានសម្លាប់ ហើយអ្នកយកព័ត៌មានពីរ បីអ្នកទៀត បានរងរបួស។ ក៏ប៉ុន្តែ គ្រាដែលលោកអតីតនាយករដ្ឋមន្រ្តី Abhisit និងឧបនាយករដ្ឋ មន្រ្តីរបស់លោក ប្រឈមមុខនឹងការចោទថាបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដោយបានបញ្ជា ឲ្យបង្ក្រាបបាតុករនោះ គ្មានទាហាន ឬមន្រ្តីយោធាណាម្នាក់ត្រូវបានចាប់ខ្លួនទេ។
អ្នកស្រី Elizabetta Polenghi ជាប្អូនស្រីរបស់អ្នកថតរូបកាសែតដែលត្រូវគេសម្លាប់ បានប្រាប់អ្នកយកព័ត៌មានថា អ្នកស្រីនឹងបន្តប្រយុទ្ធរហូតទាល់តែមានការទទួលខុសត្រូវចំពោះ ការស្លាប់របស់បងប្រុសរបស់អ្នកស្រី។
«វិធានការដ៏ត្រឹមត្រូវគឺ ត្រូវមានលទ្ធផលមួយ គឺលទ្ធផលចុងក្រោយមួយ ការសម្រេចរបស់តុលាការ គឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ដូច្នេះ ឥឡូវនេះ ខ្ញុំរំពឹងថា អ្វីមួយពិតជានឹងកើតមានឡើង។ ហើយខ្ញុំសូមនិយាយម្តងទៀតថា អ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់នេះ ពួកគេនឹងទទួលការដាក់ទោស»។
អ្នកស្រី Polenghi និយាយថា សំណើរសុំលើកលែងទោសមួយរបស់រដ្ឋាភិបាល សម្រាប់អ្នកទាំង ឡាយ ណាដែលពាក់ព័ន្ធនៅក្នុងការបះបោរនោះ នឹងធ្វើឲ្យគ្មានយុត្តិធម៌សម្រាប់អ្នកទាំង ឡាយណាដែលត្រូវបាន សម្លាប់ក្នុងពេលមានការបង្ក្រាបដែលក្នុងនោះ ក៏មានបងប្រុសរបស់អ្នកស្រីផងដែរ។
សកម្មជនសិទ្ធិមនុស្សលោក ស៊ូណៃ ថ្លែងថា ការសុំលើកលែងទោសនេះ នឹងលុបបំបាត់ការ ប្រព្រឹត្តមិនត្រឹមត្រូវនិងអំពើហិង្សាដែលបានកើត ឡើងនៅឆ្នាំ២០១០។
«ដូច្នេះ នៅទីបញ្ចប់ ប្រទេសថៃ នឹងនៅតែជាប់គាំងក្នុងវដ្តនៃនិទណ្ឌភាពដែលមនុស្សគ្រប់ គ្នាជឿថា ពួកគេអាចប្រព្រឹត្តបទឧក្រិដ្ឋនិងអំពើហិង្សា ហើយមិនមានទោសពៃរ៍អ្វីឡើយ»។
បាតុករនៅឆ្នាំ២០១០នោះ ជាអ្នកគាំទ្រលោកអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន ស្ហ៊ីណាវ៉ាត់ (Thaksin Shinawatra) ដែលត្រូវបានទម្លាក់ចេញពីតំណែងនៅឆ្នាំ២០០៦ ដោយរដ្ឋប្រហារយោធា ហើយបានរស់នៅក្នុងឋានៈជាជនភៀសខ្លួន ដើម្បីគេចពីទោសជាប់ពន្ធនាគារ។
រដ្ឋប្រហារនោះ បានបែងចែកនយោបាយថៃ គឺអ្នកគាំទ្រលោកថាក់ស៊ីនមាននៅតាមជនបទ ហើយនឹងអភិជននៅក្នុងទីក្រុងដែលបានហៅលោកថាជាអ្នកប្រព្រឹត្ត អំពើពុករលួយ និងមិនស្មោះស្ម័គ្រនឹងព្រះរាជា។
នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន គឺលោកស្រីយីងឡាក់ ស្ហ៊ីណាវ៉ាត់ (Yingluck Shinawatra) ជាប្អូនស្រីរបស់លោកថាក់ស៊ីន ហើយឧបនាយករដ្ឋមន្រ្តីរបស់លោកស្រី កំពុងដាក់ស្នើសេចក្តីព្រាងច្បាប់លើកលែងទោសមួយ។
ពលរដ្ឋជាច្រើននៅក្នុងប្រទេសថៃ ភ័យខ្លាចថា សេចក្តីព្រាងច្បាប់លើកលែងទោសនេះ គឺមានបំណងនាំលោក ថាក់ស៊ីន ឲ្យចូលប្រទេសថៃវិញ ដែលការណ៍នេះ អាចបង្កឲ្យមានភាពមិនស្ងប់ សុខជាថ្មីទៀត៕ ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់(VOA)