លោក​អូបាម៉ា​ទទួលជួប​ប្រធានាធិបតី​ភូមា​នៅ​សេតវិមាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត

នៅថ្ងៃ​ចន្ទ​នេះ លោក​អូបាម៉ា​នឹង​ទទួល​ជួប​លោក​ប្រធានាធិបតី​ភូមា ថេន សេន នៅ​ឯ​សេតវិ មាន នៅ​ក្នុង​ដំណើរទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្តមួយ ដែល​មិនធ្លាប់​មាន នៅ​ក្នុងរយៈពេល​ប្រមាណ​ជា កន្លះ​សតវត្សរ៍​កន្លងទៅនេះ។ ការដែល​លោក​អូបាម៉ា​ទទួល​ជួប​លោក ថេន សេន នៅពេលនេះ គឺជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ បង្ហាញ​អំពី​ការ​គាំទ្រ​របស់​អាមេរិក ចំពោះ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ភូមា។ ក៏ប៉ុន្តែ មាន​សកម្ម ជន​សិទ្ធិមនុស្ស​មួយចំនួន​យល់ថា លោក​អូបាម៉ា​ ហាក់ដូចជា​បោះជំហាន​លឿនពេក​ទៅរក​មេដឹកនាំ​ភូមា នៅ​ក្នុងពេល​ដែល​ភូមា​នៅមាន​បញ្ហាធំៗ​ច្រើន​ទៀត មិនទាន់​អាច​ដោះ ស្រាយ​បាន ។

លើកចុងក្រោយបង្អស់ ដែល​មេដឹកនាំ​ភូមា​ ត្រូវបាន​មេដឹកនាំ​អាមេរិក​ទទួលជួប នៅ​សេតវិមាន កើត មានតាំង​ពី​​​ឆ្នាំ​១៩៦៦ម៉្លេះ គឺ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លីនដុន ចនសុន (Lyndon Johnson) និង​ឧត្តមសេនីយ៍​ភូមា នេ វីន (Ne Win)។ ចាប់ពីពេលនោះ​មក អស់រយៈពេល​៤៧ឆ្នាំ ភូមា​ដែល​ដឹកនាំ​ដោយ​របបសឹក​ត្រូវ​ទទួលរងទណ្ឌកម្ម​របស់​អាមេរិក ហើយ​មិនដែល​មាន​មេដឹកនាំ​ភូមា​ណាមួយ​ឈានជើង​ជាន់​សេតវិមាន​ជាថ្មីទៀត​ទេ។

លោក​អូបាម៉ា បាន​ផ្តល់​កិត្តិយស​ទទួល​ជួប​ លោក​ថេន សេន (រូបលោកផ្ទាល់ជា​អតីត​ឧត្តម សេនីយ៍​ក្នុង​របបសឹកភូមា) គឺ​ធ្វើ​ឡើង ក្នុង​គោលដៅ​បង្ហាញ​ការ​គាំទ្រ​ចំពោះកំណែទម្រង់ ដែល​រដ្ឋាភិបាល​ភូមា​បាន​ធ្វើ​នាពេល​កន្លងមក និង​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ភូមា​បន្ត​កំណែទម្រង់​នេះ​ឲ្យ​បាន​កាន់តែ​ ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​នាំ​ភូមា​ទៅកាន់​ផ្លូវ​ប្រជាធិបតេយ្យ​ដោយ​ពេញលេញ។

ក៏ប៉ុន្តែ សកម្មជន​សិទ្ធិមនុស្ស និង​សមាជិក​សភា​អាមេរិក​មួយចំនួន បាន​បង្ហាញ​នូវ​ក្តីបារម្ភ​ថា លោក​អូបាម៉ា​ទើប​នឹង​បាន​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ភូមា ​​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ភូមា ហើយ​នៅពេលនេះ ក៏​ស្រាប់តែ​ទទួលជួប​លោក​ថេន សេន នៅ​សេតវិមាន​ទៀត ដែល​វាហាក់ដូចជាការ​បោះជំហាន​លឿនពេក​ទៅរក​ភូមា នៅ​ក្នុងពេល​ដែល​ភូមាមិនទាន់​អាច​ដោះ ស្រាយ​បញ្ហា​ជម្លោះ​ជាតិសាសន៍​បាន ជាពិសេស អំពើ​ហិង្សា​ប្រព្រឹត្ត​ទៅលើ​សហគមន៍​ជនជាតិ​ភាគតិច​ភូមា ដែល​កាន់​សាសនា​អ៊ីស្លាម នៅតែ​កើតមាន​ឥតឈប់ឈរ​។

មន្រ្តី​រដ្ឋការ​របស់​លោក​អូបាម៉ា​វិញ បាន​ទទួលស្គាល់ថា ភូមា​ពិត​ជា​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​មែន​ដែល​ត្រូវ​ដោះស្រាយ ហើយ​ក្នុងគោលដៅ​ជំរុញ​ឲ្យ​ភូមា​បន្ត​ធ្វើ​កំណែទម្រង់ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ហើយ ទើប​លោក​អូបាម៉ា​ខិតខំ​ព្យាយាម​បង្ហាញ​នូវ​កាយវិកា គាំទ្រ​កំណែទម្រង់ ដែល​បាន​ធ្វើ​រួចហើយ។ ទាំងនេះ គឺ​ដើម្បី​ឲ្យ​លោក​ថេន សេន អាច​មាន​ហេតុផល​​សមរម្យ ប្រាប់​ទៅ​អតីត​មេដឹកនាំ​យោធា​ភូមា​ផ្សេងទៀត ដែល​ជំទាស់​នឹង​ការ​ធ្វើ​កំណែទម្រង់​ ឲ្យពួកគេ​​បាន​ឃើញ​ច្បាស់​ផ្ទាល់​នឹង​ភ្នែក អំពី​ផលចំណេញ ដែល​បាន​មក​ពី​ការ​ធ្វើ​កំណែទម្រង់នេះ។

ទោះជាយ៉ាងណា មាន​អ្នកវិភាគជាច្រើន​បាន​សំឡឹងឃើញ​ថា ការបន្ទន់ឥរិយាបថ​យ៉ាង ឆាប់ រហ័ស​របស់​លោក​អូបាម៉ា ចំពោះ​ភូមា ក្នុងមួយរយៈកាល​ថ្មីៗ​ចុងក្រោយ​នេះ ក្រៅពី​ចង់​បង្ហាញ​នូវការ​​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ភូមា លោក​អូបាម៉ា​ក៏​សំឡឹង​ឃើញ​អំពី​ផលប្រយោជន៍​នយោបាយ និង​យុទ្ធសាស្រ្ត សម្រាប់​អាមេរិក​ខ្លួនឯង​ផ្ទាល់ ផងដែរ ពីព្រោះ​ថា ​រាប់​ទសវត្សរ៍​​កន្លងទៅនេះ ភូមា ដែល​​ជា​ប្រទេស​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ និង​មាន​សក្តានុពល​ខាង​ផ្នែក​សេដ្ឋកិច្ច ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ផ្តាច់មុខ​របស់​ចិន។ ការស្តារ​ទំនាក់ទំនង​ជាមួយ​ភូមា គឺ​ជា​ផ្នែក​មួយ នៃ​យុទ្ធសាស្រ្ត​របស់​លោក​អូបាម៉ា ដែល​យក​តំបន់​អាស៊ី ជា​អាទិភាព​ចម្បង នៃ​នយោបាយ​ការបរទេស​របស់​លោក៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close