អាមេរិករិះគន់រុស្ស៊ីរឿងបញ្ជូនមីស៊ីលទំនើបទៅឲ្យរដ្ឋាភិបាលស៊ីរី
ប្រមុខដឹកនាំកងទ័ពអាមេរិក បានរិះគន់រុស្ស៊ី កាលពីថ្ងៃសុក្រម្សិលមិញ ជុំវិញការបញ្ជូនមីស៊ីលទំនើបសម្រាប់បាញ់នាវា ទៅឲ្យកងកម្លាំងរបស់លោកបាស្ហា អាល់អាសាដ។ ក្នុងពេលជាមួយគ្នានេះ សន្និសីទអន្តរជាតិស្តីពីបញ្ហាស៊ីរី ដែលរុស្ស៊ី និងអាមេរិកបានព្រមព្រៀងគ្នាបើកធ្វើ កាលពីពេលថ្មីៗនេះ កំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារតែប្រទេសទាំងពីរនេះខ្វែងគំនិតគ្នា ទៅលើគោលដៅ និងវិសាលភាព នៃសន្និសីទនេះ។
ការបញ្ជូនមីស៊ីល ទំនើបទៅឲ្យស៊ីរីនៅពេលនេះ នឹងជួយពង្រឹងកម្លាំងកងទ័ពរបស់លោកអាសាដ ហើយនឹងធ្វើឲ្យសង្រ្គាមស៊ីវិលស៊ីរី កាន់តែឆាបឆេះ ធ្វើឲ្យប្រជាជនស៊ីរី កាន់តែទទួលរងការឈឺចាប់ខ្លាំងឡើងថែមទៀត។” នេះគឺ ជាប្រសាសន៍របស់ឧត្តមសេនីយ៍ ម៉ាទីន ដិមស៊ី (Martin Dempsey) នាយអគ្គសេនាធិការកងទ័ពចម្រុះអាមេរិក (Chairman of the Joint Chiefs of Staff) ដែលថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រម្សិលមិញ។
នេះគឺ ជាលើកទី១ ដែលមន្រ្តីយោធាកំពូលរបស់អាមេរិក ធ្វើអត្ថាធិប្បាយជុំវិញការបញ្ជូនមីស៊ីលរុស្ស៊ី ទៅឲ្យកងទ័ពស៊ីរី ហើយវាក៏អាចជាការបញ្ជាក់ផងដែរថា រុស្ស៊ីពិតជាបានបញ្ជូនមីស៊ីលទំនើបនេះទៅឲ្យលោកអាសាដ ពិតដូចជាសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានមួយចំនួនកន្លងមកមែន។
គួរបញ្ជាក់ថា មីស៊ីល ដែលរុស្ស៊ីបញ្ជូនទៅឲ្យកងទ័ពស៊ីរីនេះ គឺជាប្រភេទមីស៊ីលទំនើប សម្រាប់បាញ់ពន្លិចនាវា ហើយអាចបាញ់បានចម្ងាយរហូតដល់ទៅ ៣០០គីឡូម៉ែត្រ។ មីស៊ីលទាំងនេះអាចនឹងក្លាយជាឧបសគ្គដ៏ធំមួយ សម្រាប់កងទ័ពជើងទឹករបស់ប្រទេសលោកខាងលិច ប្រសិនបើពួកគេសម្រេចធ្វើអន្តរាគមន៍យោធានៅស៊ីរី។
រុស្ស៊ីមិនបានបញ្ជាក់ច្បាស់លាស់ អំពីព័ត៌មានជុំវិញការបញ្ជូនមីស៊ីលប្រឆាំងនាវាទៅឲ្យលោកអាសាដនេះ ទេ ក៏ប៉ុន្តែ មន្រ្តីអ្នកនាំពាក្យរបស់លោកប្រធានាធិបតីពូទីនបានអះអាងថា រុស្ស៊ីនឹងគោរពទៅតាមកិច្ចសន្យាលក់គ្រឿងសព្វាវុធ ដែលបានចុះជាមួយនឹងរដ្ឋាភិបាលស៊ីរី។
និយាយអំពីសន្និសីទអន្តរជាតិ ដែលរុស្ស៊ី និងអាមេរិកធ្លាប់បានព្រមព្រៀងគ្នាថានឹងបើកធ្វើ ដើម្បីស្វែងរកដំណោះស្រាយវិបត្តិស៊ីរី រហូតមកទល់នឹងពេលនេះ គេនៅតែមិនទាន់ដឹងថា តើសន្និសីទនេះនឹងអាចបើកធ្វើនៅពេលណា? ឬក៏ថាតើវាអាចនឹងធ្វើបានដែរឬក៏អត់នោះទេ?
លោកបាន គីមូន អគ្គលេខាធិការអ.ស.ប ដែលបានជួបជាមួយលោកពូទីន កាលពីម្សិលមិញបានលើកឡើងថា សន្និសីទអន្តរជាតិនេះគួរតែត្រូវបើកធ្វើឲ្យបានឆាប់ៗ។ មន្រ្តីទូតប្រទេសលោកខាង លិច ប្រចាំនៅអ.ស.ប បានបង្ហើបឲ្យដឹងថា តាមគម្រោងសន្និសីទនេះនឹងត្រូវបើកធ្វើ នៅចន្លោះថ្ងៃទី១០ ទៅ ១៥ ខែមិថុនាឆាប់ៗនេះ។ ក៏ប៉ុន្តែ ភាគីដែលត្រូវចូលរួមក្នុងសន្និសីទនេះនៅមិនទាន់ឯកភាពគ្នានៅឡើយទេ អំពីលក្ខខណ្ឌ បែបបទ និងខ្លឹមសារ ដែលត្រូវជជែកគ្នា ក្នុងសន្និសីទនេះ។
បារាំងវិញបានបង្ហាញជំហរយ៉ាងច្បាស់កាលពីថ្ងៃសុក្រម្សិលមិញថា ខ្លួននឹងជំទាស់ទៅនឹងរាល់កិច្ចប្រជុំទាំងអស់ ដែលទាក់ទងនឹងវិបត្តិស៊ីរីនេះ ប្រសិនបើក្នុងកិច្ចប្រជុំនេះមានវត្តមាន ប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់លោកបាស្ហា អាល់អាសាដ ដែលនេះជាជំហរផ្ទុយស្រឡះពីរុស្ស៊ី ដែលទាមទារថា អ៊ីរ៉ង់ត្រូវតែមានចំណែកក្នុងការដោះស្រាយបញ្ហាស៊ីរី។
នៅក្នុងពេលដែលសហគមន៍អន្តរជាតិកំពុងតែខ្វែងគំនិតគ្នា នៅក្នុងប្រទេសស៊ីរីឯណោះវិញ សង្រ្គាមស៊ីវិល នៅតែបន្តឆាបឆេះ បង្កឲ្យមានមនុស្សស្លាប់ និងរបួសរៀងរាល់ថ្ងៃ។ ចំនួនអ្នកស្លាប់ ដែលគិតជាសរុបតាំងពីផ្ទុះវិបត្តិរហូតមកទល់នឹងពេលនេះ បានកើនឡើង រហូតដល់ទៅជាង ៨ម៉ឺននាក់៕ដោយ សេង ឌីណា (RFI)