អនាគតនាយករដ្ឋមន្ត្រីប៉ាគីស្ថានNawaz Sharif ចង់ស្តារទំនាក់ទំនងជាមួយអាមេរិកនិងឥណ្ឌា
នៅ ប៉ាគីស្ថាន ពីរថ្ងៃបន្ទាប់ពីបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីមក លោកNawaz Sharif បានសន្យាថា នឹងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងឥណ្ឌាបន្ថែមទៀត។ ពាក្យ សន្យានេះបង្ហាញច្បាស់ថា អនាគតនាយករដ្ឋមន្ត្រីប៉ាគីស្ថានបន្ទន់ឥរិយាបថបន្តិចទៅវិញជាមួយ អាមេរិក ព្រោះថា ក្នុងការឃោសនាបោះឆ្នោតកន្លងមក លោក Sharif ធ្លាប់បានបង្ហាញនូវគោលគំនិតប្រឆាំងអាមេរិក។
ទើបតែ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីប៉ាគីស្ថានមិនទាន់បាន ស្រួលបួលផង លោក Nawaz Sharif បានប្រាប់អ្នកសារព័ត៌មានបរទេស នៅថ្ងៃចន្ទម្សិលមិញនេះថា លោកសន្យានឹងពង្រឹងទំនាក់ទំនងប៉ាគីស្ថានជាមួយសហរដ្ឋអាមេរិកនិង ឥណ្ឌា អោយបានកាន់តែរឹងមាំថែមទៀត។ លោកបានប្រាប់ថា ប៉ាគីស្ថានផ្តល់ការគាំទ្រខ្លាំងក្លាដល់អាមេរិកនៅពេលដែលកងទ័ព អាមេរិកនឹងត្រូវដកចេញអស់ពីប្រទេសអាហ្វហ្កានិស្ថាន នៅឆ្នាំ២០១៤ ខាងមុខនេះ។
នៅពេលដែលជិតបានកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកNawaz Sharif ហាក់បន្ទន់ឥរិយាបថបន្តិចទៅវិញជាមួយអាមេរិកដែលជាប្រទេសផ្តល់ មូលនិធិដល់ប៉ាគីស្ថាន។
គួររំលឹកថា ក្នុងការឃោសនាបោះឆ្នោតកន្លងមក លោក Sharif ធ្លាប់បានបង្ហាញនូវគោលគំនិតប្រឆាំងជាមួយអាមេរិក។ លោកជំទាស់នឹងទង្វើរបស់អាមេរិកដែលបានប្រើយន្តហោះ Drone ដែលជាយន្តហោះគ្មានមនុស្សបើកនោះ ដើម្បីប្រតិបត្តិការកំចាត់ក្រុមភេរវករអាល់កៃដា និងពួកតាលីបង់ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន។
ប្រតិបត្តិការយន្តហោះអាមេរិកកំចាត់ក្រុមឧទ្ទាម មិនត្រឹមតែបានធ្វើអោយជនស៊ីវិលជាច្រើនរូបបាត់បង់ជីវិតប៉ុណ្ណោះទេ វាជាការរំលោភបូរណភាពដែនដីប៉ាគីស្ថាន ដែលធ្វើអោយប្រជាជនប៉ាគីស្ថានខឹងសម្បារ។ លោក Nawaz Sharif នឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយអាមេរិកអោយបានច្បាស់លាស់។
ដោយឡែក សហរដ្ឋអាមេរិកតែងតែសង្ស័យថា ប៉ាគីស្ថានប្រើផ្លូវដើរពីរទន្ទឹមគ្នា គឺក្រៅពីគាំទ្រជាផ្លូវការដល់អាមេរិកក្នុងការកំចាត់ក្រុមភេរវករ ប៉ាគីស្ថានក៏បានគាំទ្រដល់ពួកឧទ្ទាមនៅអាហ្វហ្កានិស្ថានផងដែរ ដើម្បីពង្រឹងឥទ្ធិពលខ្លួននៅទីនោះ។ ទោះយ៉ាងនេះក្តី ប្រសិនបើអាមេរិកចង់សំរេចអោយមានការចរចាសន្តិភាពជាមួយពួកឧទ្ទាម នោះ អាមេរិកនឹងត្រូវការប្រទេសប៉ាគីស្ថានចៀសមិនរួច។
ងាកមកនិយាយពីទំនាក់ទំនងជាមួយឥណ្ឌាដែលធ្លាប់ជាអតីតសត្រូវ ប៉ាគីស្ថានវិញម្តង អនាគតនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានអញ្ជើញនាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh អោយចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់លោក នាពេលឆាប់ៗខាងមុខនេះ។ លោក Manmohan Singh បានឆ្លើយតបទៅវិញថា លោកចង់បិទទំព័របញ្ចប់ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន ដែលមានជាង៦០ឆ្នាំមកហើយនោះ។
គួររំលឹកឡើងវិញថា លោក Nawaz Sharif ដែលមានវ័យ៦៣ឆ្នាំហើយនោះ ធ្លាប់ធ្វើជានាយក រដ្ឋមន្ត្រីប៉ាគីស្ថានពីរលើករួចមកហើយ គឺពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ និងពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៩។ ជោគជ័យបោះឆ្នោតកាលពីថ្ងៃសៅរ៍កន្លងមកនេះ ត្រូវបានបណ្តាបស្ចិមប្រទេសអបអរសាទរនិងលើកឡើងថា ជាជំហានឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។
យោងតាមលទ្ធផលបោះឆ្នោតជាបឋម គណបក្សសម្ព័ន្ធអ៊ីស្លាមរបស់លោក Nawaz Sharif បានទទួលអាសនៈសភា ១២៥អាសនៈ ក្នុងចំណោមអាសនៈសរុប២៧២៕ដោយ ព្រំ សឿន សូលីណា (RFI)