HRW៖អាជ្ញាធរ​ចូលរួម​ការ​សម្លាប់​ជនជាតិ​អ៊ីស្លាម​ភាគ​តិច​

អង្គការ​ការពារ​សិទ្ធ​មនុស្ស​អន្តរជាតិ Human Rights Watch (HRW) ទើប​បាន​ចេញ​របាយការណ៍​​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ចោទ​អាជ្ញាធរ​នៅ​រដ្ឋ​​រ៉ាគីន​ ថា​បានធ្វើការ​​បោស​សំអាត​ប្រឆាំង​​ជនជាតិ​ភាគ​តិច​អ៊ីស្លាម​​ចាប់​តាំង​ពី​ ឆ្នាំ​២០១២​នៅ​ប៉ែក​ខាង​លិច​ភូមា។ គឺ​ជា​អំពើ​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​មនុស្ស​ជាតិ-នេះ​បើ​យោង​តាម Human Rights Watch ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ញូវយក(New York) ។ អង្គការការពារសិទ្ធមនុស្ស​ដដែលនេះ​ បាន​បញ្ជាក់​ទៀត​ថា អំពើ​ហិង្សា​ប្រឆាំង​សហគមន៍​អីស្លាម ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១១០​នាក់​នៅ​ខែ​មិថុនា​និង​នៅ​ខែ​ តុលា​២០១២។

អង្គការ​ការពារ​សិទ្ធ​មនុស្ស​អន្តរជាតិ Human Rights Watch នៅ​ក្នុង​របាយការណ៍​មួយ​របស់​ខ្លួន​​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​២២​មេសា បាន​ចោទ​”​កង​កម្លាំង​សន្តិសុខ​ភូមា ថា បាន​​រួម​ចំណែក​​ក្នុង​​ការ​កំទេច​បំផ្លាញ​ អាវុធ​​របស់​ជន​ជាតិ​ភាគ​តិច​អ៊ីស្លាម Rohingyas ដែល​មាន​ជាប់ខ្លួន ដើម្បី​ទុក​ការពារសុវត្តិភាពរបស់ពួកគេ។​​​

ម្យ៉ាងទៀត នៅពេលដែល​ ​ក្រុម​អ្នក​កាន់​​ព្រះពុទ្ធសាសនា  ចាប់​ផ្តើមធ្វើការ​​កាប់​សម្លាប់​​ជនជាតិ​ភាគ​តិច​ ទាំង​បុរស​ស្ត្រី​និង​កុមារ នៅខែ​មិថុនានិង​ខែ​តុលា​២០១២ កង​ទ័ព​ភូមា​ ​ដែល​មាន​ភារៈ​កិច្ច​​ការពារ​សុវត្តិភាព​ប្រជាជនបែរ ​ជា​​​នៅ​ស្ងៀម គ្មាន​ធ្វើ​អន្តរាគមន៍​ឡើយ ហើយ​នៅ​​ក្នុង​ករណី​ខ្លះ ​ពួក​គេ​ថែមទាំង​​ចូល​រួម​ក្នុង​​អំពើ​ហិង្សា​ទៀតផង​។

ជួនកាលខ្លះ កង​សន្តិសុខ​ភូមា ​បានធ្វើ អន្តរាគមន៍ ​ដើម្បី​ ​​ទប់ស្កាត់​អំពើ​ហិង្សា​និងក៏​ដើម្បី​​ ការពារ​​កុំ​ឲ្យ​ជន​ជាតិ​ភាគ​តិច​រត់​ភៀស​ខ្លួន ។ ​ ប៉ុន្តែជា​ញឹកញាប់ ​ កង​សន្តិសុខ​ មិន​បាន​អើពើ នឹងបញ្ហា​​ឈ្លានពាននេះ​ឡើយ ផ្ទុយទៅវិញ បែរ​ជាទៅ​ជួយ​គាំទ្រ​ដោយ​ផ្ទាល់​​​ពួក​ជន​ឈ្លាន​ពាន​ ​នៅ​​ក្នុង​ការ​បង្កឃាតកម្ម​ឬ​​ក៏​ការ​រំលោភ​បំពានសិទ្ធិ​មនុស្ស​ផ្សេងៗ​ ទៀត។​

លោក Phil Robertson នាយករង​នៃ​អង្គការ​ Human Rights Watch ទទួលបន្ទុកខាង​​តំបន់​​អាស៊ី បាន​ចាត់ទុក​​សហគមន៍​ជន​ជាតិ​ភាគ​តិច​អ៊ីស្លាម​ ថា ជា​ជន​រងគ្រោះ​ដោយ​ការ​រើសអើង​ប្រកាន់​ពូជ សាសន៍​ និង​ដែលត្រូវគេ​​​រំលោភ​បំពានតាមតែអំពើតែចិត្តនៅ​​​​ភូមា។ មិនតែប៉ុណ្ណោះ អាជ្ញាធរ ថែមទាំង​លើក​ទឹកចិត្ត​ពួក​​អ្នក​ឈ្លានពាន​ក្នុង​ការ​​​​ប្រព្រឹត្ត​​​អំពើ​ ឆ្កួត​លីលា​​ផ្សេងៗ​ទៀត ​ប្រឆាំង​ទៅ​លើ​ជន​ជាតិ​អ៊ីស្លាម។ លោក Phil Robertson ​បាន​​ថែ្លងសង្កត់ពាក្យ​​ដូច​នេះ ដោយ​ ​យោង​ទៅ​លើ មរណភាព​របស់​ជន​អ៊ីស្លាម​៤៣​នាក់ និងការរត់ភៀសខ្លួន​របស់បណ្តាជន​យ៉ាង​តិច​​​១ម៉ឺន​២០០០នាក់​កាល​ពីខែ​មីនា​ នៅចំកណ្តាលប្រទេសភូមា។​

លើសពីនេះ អាជ្ញាធរ​ភូមា ថែម​ទាំង​​រារាំង​មិន​ឲ្យ​អង្គការ​​មនុស្សធម៌​នានា ​អាច​ចូល​ទៅ​កាន់​​ជំរំ​ដ៏​​​តោក​យ៉ាក​​របស់​​ជន​ភៀស​ខ្លួន Rohingyas និង​ Kamans ដែរ​​ដែល​កំពុង​ប្រឈម​​មុខ​នឹង​ការ​អត់​ម្ហូប​អាហារ​ទទួល​ទាន​ និង​ជម្ងឺ​ផ្សេងៗ​ទៀត​ដូច​យ៉ាង​ជម្ងឺ អាសន្ន​រោគ​​និងជម្ងឺគ្រុនពោះ វៀន- នេះបើយោងតាម​របាយការណ៍របស់ អង្គការ​ Human Rights Watch ។

គួររំលឹកថា ជនជាតិ​ភាគ​តិចអ៊ីស្លាម​ជាង ១២​ម៉ឺន​នាក់​ បាន​ភៀស​ខ្លួន ​ពី​​អំពើ​ហិង្សា​នានា​​នៅ​រដ្ឋ Rakhine  ដែលនៅទីនោះ ​ពួកគេ​ ត្រូវ​ទទួល​រងដោយ​ការ​វាយ​​ប្រហារ​ដោយ​​កាំបិត​តាំង​តោ​ពី​ពួក​ អ្នកកាន់ព្រះពុទ្ធសាសនា​ ។​ ចំណែក​លំនៅឋានរបស់ពួកគេ​ទៀត​សោត ក៏​ត្រូវបានគេ​ដុ​ត​បំផ្លាញ​​ដែរ ។​ ជនភៀស​ខ្លួន​អ៊ីស្លាម​ទាំង​នេះ ជា​ច្រើន​​ពាន់​​នាក់ បាន​នាំ​គ្នា​ជិះ​តាម​ទូកដើម្បី​រត់​ភៀស​ខ្លួន​​ចេញ​ពី​ភូមា ដើម្បី​ទៅ​កាន់​ប្រទេស​ជិត​ខាង​​ដែល​​នៅ​ទីនោះ ពួក​គេ ត្រូវបាន​រង​គ្រោះ​មួយ​សារ​ទៀត​ដោយ​​ធ្លាក់ទៅ​​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ ឈ្មួញ​ទុច្ចរិត​៕ដោយ នុយ ប៊ែរណាដែត​(RFI)

Related Articles

Back to top button
Close
Close