ប្រតិកម្ម​អន្តរជាតិ​ចំពោះ​មរណភាពអតីតនាយករដ្ឋមន្រ្តី​អង់គ្លេស Margaret​ Thatcher

គេ​បាន​ដឹង​រួច​មកហើយ​ថា ​​«ស្ត្រី​ដែក​ថែប»​ គឺ​ជា​នាម​​ដែល​គេ​បាន​ដាក់​អោយ​​​​អតីត​​នាយករដ្ឋមន្ត្រី​អង់គ្លេស គឺ​លោកស្រី Margaret Thatcher ​ដែល​ទើបបាន​​ទទួល​មរណភាព​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ក្នុង​ជន្មាយុ ៨៧ ឆ្នាំ ដោយ​​គ្រោះថ្នាក់​ដាច់សរសៃ​ឈាម​ក្នុង​ខួរក្បាល។ ក្នុង​កិច្ចការ​ដឹកនាំអង់គ្លេស​​​​​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ ១៩៩០​ របស់​លោកស្រី​ គេ​កត់សំគាល់​ថា លោកស្រី​ជា​អ្នកនយោបាយ​មួយរូប​ដែល​មិន​ងាយ​អត់ឧនអធ្យាស្រ័យ​​នោះឡើយ ទាំងក្នុង​កិច្ចការ​​​ជាតិ​ ទាំង​ក្នុង​កិច្ច​ការ​​អន្តរជាតិ។

ទាំង ​អ្នក​ដែល​បង្អាប់​រិះគន់​​លោកស្រី Margaret Thatcher ក៏ដូច​ជា​អ្នក​គាំទ្រ​​នានា​របស់​លោកស្រី​ គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​ដាក់​នាម​អោយ​លោកស្រី​​​ថា​ជា​ “ស្ត្រី​ដែកថែប”។​ ពិភព​លោក​បាន​ចាប់​អារម្មណ៍​​​ការ​ដឹកនាំ​​របស់​​លោកស្រី Margaret Thatcher នៅ​អង់គ្លេស តាំង​តែ​​ពី​​​ពេល​ដំបូង​​ នៅ​ពេល​ដែល​លោកស្រី​ឡើង​កាន់​តំណែង​ជា​ស្ត្រី​នាយករដ្ឋមន្ត្រី​ទីមួយ នៅ​អង់គ្លេស​មក​ម្ល៉េះ។

គឺ​គេ​កត់សំគាល់​​​លើ​​​ការ​​សំរេចចិត្តដ៏​មោះមុត​​របស់​លោកស្រី ក្នុង​ឆ្នាំ ១៩៨២ ក្នុង​ ការ​​ដាក់​ទ័ព​ជើងទឹក​អង់គ្លេស​​ដោះស្រាយ​វិបត្តិ​ជម្លោះ​​ប្រជុំកោះ Malouines ប្រឆាំង​ទៅ​នឹង ប្រទេស Argentine​។​ គួររំលឹក​ថា នៅពេលនោះ ឧត្តមសេនីយ​នានា​​បាន​សំរេច​​​កាន់កា​ប់​ប្រជុំកោះ Malouines ដែល​ជា​កោះ​ជម្លោះ​​រវាង​ប្រទេស Argentine និង​អង់គ្លេស។ ការ​ប្រឈមមុខ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​បាន​បង្ក​អោយ​​​កងទ័ពទាំងពីរ​ភាគី​ ​ស្លាប់អស់​​​​ជាច្រើន​រយ​នាក់។

សហរដ្ឋអាមេរិក​នៅ​ពេល​នោះ​​​​គឺ​មាន​ទំនោរ​ទៅ​ខាង​ប្រទេស​Argentine។ ប៉ុន្តែ​ នៅ​ទីបំផុត ប្រធានាធិបតី​ Ronald Reagan បាន​សំរេច​ចិត្ត​ផ្តល់​ជាជំនួយ​ពស្តុភារ​ដល់​អង់គ្លេស​វិញ។ ម្យ៉ាងទៀត​ ​​លោកស្រី Margaret Thatcher និង​​លោក ​ Ronald Reagan ក៏​​មាន​​ការ​យល់ឃើញ​នយោបាយ​​ស្រប​គ្នា​ផងដែរ​ គឺ​ថា​​អ្នក​ដឹកនាំ​ទាំងពីរ​​​រូបនេះ​មាន​ជំហរ​ប្រឆាំង​​​លទ្ធិ​ កុំម្មុយនិស្ត​ និងគាំទ្រ​​​សេដ្ឋកិច្ច​បែប​សេរី និយម។

ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​​​​មិន​បានអត់ឧន​ដល់​សហភាព​សូវៀត ​នៅ​ពេល​នោះ​ទេ។ លោកស្រី Margaret Thatcher ដែល​​មិន​ទុកចិត្ត​​ការ​ដឹកនាំ​នៅ​អឺរ៉ុប​នោះ បាន​​​​ប្រឹង​ប្រែង​ហាមឃាត់​មិន​អោយ​មាន​នុយក្លេអ៊ែរ​ និង​សកម្មភាព​របស់​អង្គការ​OTAN។ ហើយ​បន្ទាប់​ពី​នោះ​មក លោកស្រី​បាន​សំដែង​ការ​គាំទ្រ​លើក​ទឹកចិត្ត​ដល់​នយោបាយ​​​បើក​ចំហ​របស់​ ប្រធានាធិបតី​រុស្ស៊ី Mikhaïl Gorbatchev។

ទាក់ទង​​​នយោបាយ​សេដ្ឋកិច្ច Margaret Thatcher ជា​អ្នក​​​យល់ស្រប​ចំពោះ​​នយោបាយ​ទីផ្សារ​រួម ដោយ​យល់​ថា​នយោបាយ​នេះ​ជា​មធ្យោបាយ​​​​ដែល​នាំ​អោយ​​មាន​​ការ​ផ្តោះប្តូរ​បែបសេរី ។ ទោះ​យ៉ាងនេះ​ក្តីអតីត​ប្រមុខ​រដ្ឋា ភិបាល ​អង់គ្លេស​រូប​នេះ​មិន​បាន​​ទទួល​យក​នយោបាយ​​​​ រូបិយបណ្ណ​រួម ​​នៅ​​អឺរ៉ុប​នោះ​ទេ។

លោកស្រី Thatcher តែងតែ​គិត​ប្រយោជន៍ជាតិ​​អង់គ្លេស​មុន​ប្រទេស​ណាៗ​ទាំង​អស់ ពិសេស​មុន​ប្រទេស​នានា​នៅ​​សហភាព​អឺរ៉ុប។ ដូច្នេះ លោកស្រី​ជា​ដៃ​គូ​ដ៏​​ពិបាក​​បំផុត​សំរាប់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​។ ប៉ុន្តែ​លោកស្រី Thatcher នៅ​តែ​ទទួល​បាន​​ការ​គោរព​ខ្ពស់​​ពី សំណាក់​អ្នកដឹកនាំ​នានា ដោយ​សារ​តែ​​អត្តចរិត​ ​​និង​ជំហរ​​រឹងប៉ឹង​ដូចដែកថែប​​​​​របស់​លោកស្រី៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close