ក្រុងសេអ៊ូល​សន្យា​តបតវិញ​យ៉ាង​សាហាវ​ប្រសិនបើ​មាន​ការ​ផ្គើន​ពី​ក្រុង​ព្យុងយ៉ាង​

កូរ៉េ​ទាំង​ពីរ​នៅតែ​បន្ត​គំរាម​គ្នា​ ទៅវិញ​ទៅមក​ឥត​ឈប់ឈរ។ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតី​​កូរ៉េខាង​ត្បូង​បាន​សន្យា​​វាយ​តបត​យ៉ាង​សាហាវ​​ទៅ​​កូរ៉េ​ ខាង​ជើង​វិញ​ប្រសិន​បើ​​មាន​ការ​ផ្គើន​ណាមួយ​ពី​ក្រុង​ព្យុងយ៉ាង។​ កូរ៉េ​ខាង​ត្បូងសំអាង​​​មាន​​សហ រដ្ឋអាមេរិក​ជា​ដៃ​គូ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កូរ៉េ​ខាង​ជើង។

នៅ​ថ្ងៃ​ចន្ទ​នេះ លោកស្រី​ប៉ាក់ គុនហេ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​សន្យា​​វាយ​តបត​យ៉ាង​សាហាវ​​ទៅ​​កូរ៉េ​ ខាង​ជើង​វិញ​ប្រសិន​បើ​​មាន​ការ​ផ្គើន​ណាមួយ​ពី​ក្រុង​ព្យុងយ៉ាង។​នៅ​​ក្នុង ​កិច្ច​ប្រជុំ​​​​ជាមួយ​​​​មន្ត្រី​យោធា​ជាន់​ខ្ពស់នានា​​ និង​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េ​ខាង​ត្បូង នាពេល​​ព្រឹកមិញ​នេះ លោកស្រី ប៉ាក់ គុនហេ បាន​​ចេញវាចា​​​ថា​ “ខ្ញុំគិតថា​យើង​ត្រូវ​តែធ្វើ​ការ​​​ប្រយុទ្ធ​យ៉ាង​សាហាវ​ និងអោយ​បាន​​ឆាប់​រហ័សដោយ​មិន​ចាំបាច់​ពិចារណា​​ផ្នែក​នយោបាយ​អ្វី​ឡើយ ប្រសិន​បើ​​កូរ៉េ​ខាង​ជើង​​​ហ៊ាន​ប្រថុយ​​​​ផ្គើន​​ប្រជាជន​របស់​យើង។”។​​

កូរ៉េ​ខាង​ត្បូងសំអាង​​​មាន​​សហរដ្ឋអាមេរិក​ជា​ដៃ​គូ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កូរ៉េ​ខាង​ជើង។
បើ​យោង​តាមអ្នកនាំពាក្យ​កង​​​ទ័ព​អាមេរិក​ ក្រុងវ៉ាស៊ីនតោន​​​ទើបតែ​បាន​​​​បញ្ជូន​យន្តហោះ​ប្រដេញ​មក​កាន់​​កូរ៉េ​ខាង​ ត្បូង​ កាល​ពីថ្ងៃ​អាទិត្យ​​ម្សិលមិញ ដើម្បី​ចូលរួម​​​ក្នុង​​​សមយុទ្ធយោធា​​មួយ​ទៀត​​ដែលនឹង​​​ប្រព្រិត្តិ​ទៅ​​ រហូត​ដល់​ចុង​ខែ​មេសា​នេះ។

ឧបទ្វីប​កូរ៉េ​បាន​ក្លាយ​ទៅ​ជា​ទីតាំង​នៃ​ការគំរាមកំហែង​​ទៅវិញ​ទៅម​ក​រវាង​ ប្រទេស​កូរ៉េ​ទាំង​ពីរ​ ​ចាប់​តាំងពី​​ខែ​ធ្នូ​​ឆ្នាំ​២០១២ កន្លង​មក គឺ​ចាប់​ពី​ពេល​ដែល​ក្រុង​ព្យុងយ៉ាង​បាន​សំរេច​ជោគជ័យ​ក្នុង​ការ​បង្ហោះ​ ផ្កាយ​រណប​ ហើយ​ពិសេស​ទៅ​ទៀត​គឺ​នៅ​ពេល​​ដែល​​មាន​ការ​សាកល្បង​នុយក្លេអ៊ែរជា​​​លើកទីបី ​របស់​កូរ៉េ​ខាង​ជើង ដែល​បាន​ធ្វើ​អោយ​កូរ៉េខាង​ជើង​​ទទួល​ទណ្ឌកម្មថ្មីៗ​ទៀត​​ពី​សំណាក់​អង្គការ ​សហប្រជាជាតិ​។

ជា​ការ​តបតទៅ​នឹង​សមយុទ្ធ​យោធាដែល​ក្រុង​សេអ៊ូល​បាន​ធ្វើ​រួម​គ្នា​ជាមួយ​ ក្រុង​វ៉ាស៊ីនតោន ​​ក្រុងព្យុងយ៉ាង​​បាន​ប្រកាស​ថា​លុប​ចោល​រាល់​យុទ្ធសន្តិភាព និង​សន្ធិសញ្ញា​​​ផ្សេងៗទៀត​ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុងសេអ៊ូល​។ ​​​ ហើយ​នៅ​ទីបញ្ចប់​ នៅ​ថ្ងៃ​សៅរ៍​​​កន្លង​មក​នេះ កូរ៉េ​ខាង​ជើង​បាន​ប្រកាស​​​​ស្ថានភាព​សង្គ្រាម​ជាមួយ​កូរ៉េ​ខាង​ត្បូង។
បើ​គិត​តាម​ច្បាប់​អន្តរជាតិ​ បងប្អូន​កូរ៉េ​ទាំង​ពីរ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រាម​​នៅឡើយ​ទេ​ ព្រោះ​ថា សង្គ្រាម​​រវាង​​កូរ៉េ​ទាំង​ពីរ​ក្នុង​ចន្លោះ​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ​ ១៩៥៣ បាន​បញ្ចប់ទៅ​​តាម​រយៈ​​ការ​ចុះ​ហត្ថលេខា​​​លើ​​​យុទ្ធសន្តិ ភាព​ គឺ​មិន​មែនតាម​​លើ​​​សន្ធិសញ្ញា​សន្តិភាព​នោះ​ទេ។​​​

ស្ថានភាព​តានតឹងរវាង​​​កូរ៉េ​ទាំង​ពីរ​​​គឺ​តែង​តែ​មាន​ឡើង​​ជា​ច្រើន​​ ទសវត្សរ៍​មក​ហើយ ហើយ​រាល់ដង​គឺ​ស្ថិត​នៅ​ក្រោម​រូបភាព​ដដែលៗ គឺ​ថាក្រុងព្យុងយ៉ាង​ជា​អ្នក​គំរាម​កាន់​តែ​ខ្លាំងឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ថ្ងៃ ហើយ​នៅ​ទីបំផុត​​ស្ថានភាព​ស្ងប់​ស្ងាត់​បាន​វិល​ត្រលប់​​មក​ដូចដើម​វិញ។ មកដល់​ដំណាក់​ការនេះ​ អ្នកវិភាគ​នានា​គិតថា កូរ៉េ​ខាង​ជើង​មិន​អាច​​បង្ក​សង្គ្រាម​សារ​ជាថ្មី​ជាមួយ​កូរ៉េ​ខាង​ត្បូង​ បានទេ ព្រោះ​​សង្គ្រាម​នេះ​នឹង​ធ្វើ​អោយ​កូរ៉េខាង​ជើង​​​បរាជ័យ​ជាក់ជា​មិន​ខាន៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close