ទ័ព​កូរ៉េខាង​ជើង​ប្រុង​ជើង​វាយ​អាមេរិក​

នៅ​ថ្ងៃ​អង្គារ​ទី ២៦​មីនា​ឆ្នាំ​២០១៣​នេះ កូរ៉េខាង​ជើង​បាន​គំរាម ​ ​ជា​ថ្មី​ម្តង​ទៀត ថា​នឹង​អាច​នឹង​វាយប្រហារ​ សហរដ្ឋ​អាមេរិក ព្រម​ទាំង​កោះ​ហ្គាំ (Guam) និងកោះ​​ហាវ៉ៃ (Hawaï) ដោយ​បាញ់​មីស្ស៊ីល។ ព្យុងយ៉ាង​​ហាក់​ដូចជា​បាន​ប្រកាស​អាសន្ន​ដាក់​បញ្ជា​ឱ្យ​ពល​ទាហាន​របស់​ ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​       ប្រយុទ្ធ​ទៀតផង។ តើ​នេះ​អាច​ចាត់​ទុក​ថា​ជាគំរាម​ពិត​ប្រាកដ​ មែនទែន​ខុស​ពី​ទម្លាប់​មុនៗ​ ឬ​យ៉ាងណា ?!

ជា​ច្រើន​​​សប្តាហ៍​មក​ហើយ​ដែល​ កូរ៉េខាង​ជើង បាន​ស្រែក​​គំរាម កាន់​តែ​ច្រើនខ្លាំង​ឡើងៗ ប៉ុន្តែ​សំដី​ចុង​ក្រោយ​នេះ​ មាន​លក្ខណៈ​ច្បាស់​លាស់​ ខុស​សព្វ​មួយ​ដង និង​គួរ​ឱ្យព្រួយ​បារម្ភ​មែនទែន។​ ​

ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​នៃ​របប​ក្រុង​ព្យុងយ៉ាង​ បាន​ប្រកាស​ថាទាហាន​​កូរ៉េខាង​ជើង​បាន​ទទួល​បទ​បញ្ជា​​ប្រយុទ្ធ​រួច​ហើយ។ កង​ពល​ពិសេស​ផ្នែក​យុទ្ធ សាស្ត្រ​មីស្សីល និង​កាំភ្លើង​ធំ​​បាញ់​រយៈ​ឆ្ងាយ​ ក៏​ស្ថិត​ក្នុង​ឥរិយាបថ​ត្រៀម​អាសន្ន និង​ត្រៀម​បាញ់​ ​សហរដ្ឋ​អាមេរិក បាញ់​ឆ្ពោះ​ទៅ​កោះ​ហ្គាំ និង​កោះ​ហាវ៉ៃ ក្នុង​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក​​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិកឈរ​ជើង​នៅ ទីនោះ។​

ទោះ​បើ​ការ​បាញ់​សាកល្បង​មីស្ស៊ីល​កាលពី​ថ្ងៃ​ទី ១២​កុម្ភៈ​ ២០១៣ បាន​ទទួល​ជោគជ័យ​ក៏​ដោយ ​ ក៏​អ្នក​ឯកទេស​​យល់​ថា​ព្យុងយ៉ាង​មិន​ទាន់​មាន​សមត្ថភាព​ផ្នែក​បច្ចេកទេស​ គ្រប់គ្រាន់​អាច​បាញ់​បង្ហោះមីស្ស៊ីល​​អន្តរទ្វីប​ ​វាយប្រហារ​សហរដ្ឋ​អាមេរិកដល់​ទេ។ មីស្ស៊ីល​រយៈ​មធ្យម​ដែល​កូរ៉េ​មាន​ មិន​អាច​បាញ់​ដល់​​កោះ​ហ្គាំ និង​ហាវ៉ៃ ផង។

ចុះ​បើ​កូរ៉េខាង​ជើង​បាញ់​ដល់ ?! ការ​ប្រកាស​ក្តែងៗ​របស់​ព្យុងយ៉ាង​​នៅ​តែ​ជា​ប្រភព​នៃ​ក្តី​ព្រួយ​បារម្ភ​ ។ គ្រោះ​នៃ​ការ​ផ្ទុះ​សង្គ្រាម​ បានឡើង​ដល់​កំរិត​កំពូល​មិន​ធ្លាប់​មាន។ កាលពី​ថ្ងៃសុក្រទី ២២​មីនា ២០១៣ វ៉ាស៊ីនតោន និង​សេអ៊ូល​បាន​ពង្រឹង​លក្ខខណ្ឌ​សហប្រតិបត្តិការ​យោធា​ ដោយអាមេរិក​ប្រកាស​ការពារ​និង​គាំទ្រ​កូរ៉េខាង​ត្បូង​ ​ទល់​រាល់​នឹង​ទង្វើ​ បង្ក​ហេតុ​​ របស់​កូរ៉េខាង​ជើង សូម្បី​តែ​បន្តិចបន្តួច​ក៏​ដោយ​ក្តី។

នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​វិញ សេអ៊ូល​ស្តាប់​ការ​គំរាម​កំហែង​ដោយ​ស្ងប់​ស្ងាត់​បំផុត។ ប្រតិកម្ម​ផ្លូវការ​ពុំ​ទាន់​មាន​ បណ្តាញ​ឃោសនា​ព័ត៌មាន​ ទូរទស្សន៍​ជាតិ ក៏​មិន​ផ្អាក​កម្មវិធី​​ផ្សាយ​របស់​ខ្លួន​ដើម្បី​ជូន​ដំណឹង​អំពី​ការ​ព្រមាន ​របស់​ព្យុងយ៉ាងនេះ​ទេដែរ៕ដោយ អៀង សុខម៉ិញ​(RFI)

Related Articles

Back to top button
Close
Close