អាហ្វ្រិកទិសដៅទីពីរនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនថ្មី
បន្ទាប់ពីរុស្ស៊ី ថ្ងៃនេះលោកប្រមុខដឹកនាំចិន ត្រូវបន្តដំណើរឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក ដោយចាប់ផ្តើមពីប្រទេសតង់សានី ប្រទេសអាហ្វ្រិកខាងត្បូង និងចុងក្រោយគឺសាធារណរដ្ឋកុងហ្គោ។ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងដែរនេះ ក្រុងប៉េកាំងសង្ឃឹមថានឹងអាចបង្កើនការផ្តោះប្តូរពាណិជ្ជកម្មនិង ការទូតជាមួយទ្វីបអាហ្វ្រិកឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។
មិនខុសពីនៅរុស្ស៊ី អ្វីដែលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិននៅអាហ្វ្រិក មានជំនក់ចិត្តនិងសម្រស់កាន់តែខ្លាំងនៅប្រទេសចិន គឺលោកជំទាវឧត្តមសេ នីយ៍ Peng Liyuan ភរិយាប្រធានាធិបតី និងជាតារាចម្រៀងដ៏មានប្រជាប្រិយភាព។ ព្រោះជាលើកទីមួយ លោកស្រីទំនងជានឹងអាចជួបជាមួយអង្គការក្រៅរដ្ឋាភិ បាលដើម្បីនិយាយ អំពីការអភិវឌ្ឍន៍នៅអាហ្វ្រិក ដូចដែលបណ្តាភរិយាប្រធានា ធិបតីបស្ចឹមលោកតែងធ្វើកន្លងមក។ នេះបើតាមការបង្ហើបឱ្យដឹងរបស់សារព័ត៌ មាន Financial Times។ ជំនួយ អភិវឌ្ឍន៍ ដោយគ្មានលក្ខខណ្ឌរបស់ចិនទៅកាន់បណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក ដែលជាគ្រិះនៃទំនាក់ទំនងចិន-អាហ្វ្រិក។
ជាមួយនឹងចំនួនបណ្តាជនចិនជាងមួយលាននាក់រកស៊ីនៅទ្វីបអាហ្វ្រិក ទំនាក់ទំនងចិន-អាហ្វ្រិក មិនចប់ជំនួយអភិវឌ្ឍន៍ ពាណិជ្ជកម្មទេ ចិនត្រូវការទ្វីបអាហ្វ្រិកដើម្បីប្រយោជន៍ជំហរ ការទូតផង និងភូមិសាស្ត្រយុទ្ធសាស្ត្រផង។
ក្នុងការអញ្ជើញទៅកាន់ប្រទេសតង់សានីនេះ មានប្រតិភូជាថៅកែក្រុមហ៊ុនសហ គ្រាសជាច្រើនដែរបានអមដំណើរ លោកប្រធានាធិបតី។ ចិន ដែលទិញដំឡូង និងពោតពីតង់សានី ជាដៃគូពាណិជ្ជកម្មទីមួយ និងជាប្រភពវិនិយោគលំដាប់ទីពីរ របស់តង់សានី។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ផ្តោតសំខាន់លើផ្នែកកសិកម្ម ប៉ុន្តែទស្សនកិច្ចរបស់ប្រធានាធិបតីចិនពេលនេះ ជាឱកាសមួយរបស់ចិនក្នុងការចុះហត្ថលេខាព្រមព្រៀងលើវិស័យ ពាណិជ្ជកម្មនិងវប្បធម៌។ ប៉េកាំងកំពុងតែសំអិតសំអាង “អំណាចស្រទន់របស់ខ្លួន” Soft power។
ជាមួយនឹងប្រទេសកុងហ្គោវិញ ចិនចង់បង្ហាញនិងនិយាយដដែលៗប្រាប់ថា “សាធារណរដ្ឋកុងហ្គោដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ ឱ្យតំបន់អាហ្វ្រិកកណ្តាល។ រីឯប្រទេសអាហ្វ្រិកខាងត្បូង ដែលចិនបានគាំទ្របេក្ខភាពឱ្យចូលជាក្រុមប្រទេសមានសេដ្ឋកិច្ចកំពុង លូតលាស់ខ្លាំង BRICS (ប្រេស៊ីល-រុស្ស៊ី-ឥណ្ឌា-ចិន និងអាហ្វ្រិកខាងត្បូង) ត្រូវបានចាត់ទុក ថាជា “ដៃគូយុទ្ធសាស្ត្រយ៉ាងពេញលេញ” និងមានទំនាក់ទំនងចាក់ឬសចាក់គល់យ៉ាងជ្រៅ សំរាប់ជួយធ្វើជាក្បាលម៉ាស៊ីនរក្សាស្ថិរភាពតំបន់។ ព្រោះចិនត្រូវការអាហ្វ្រិកដើម្បីធានាធនធានវត្ថុធាតុដើម ប៉ុន្តែវត្តមានកាន់តែច្រើនឡើងៗរបស់ចិននៅអាហ្វ្រិក ជួនកាលបង្កឱ្យមានតានតឹងខ្លាំង៕ដោយ អៀង សុខម៉ិញ (RFI)