លោកស៊ី ជីនពីង​បាន​អំពាវនាវ​ឲ្យ​មាន​ការកែប្រែ​មុខមាត់​ប្រទេស និង​​ពង្រឹង​កងទ័ព

នៅ​ថ្ងៃ​អាទិត្យ ទី១៧ មីនា​នេះ គឺ​ជា​ថ្ងៃ​បិទបញ្ចប់​សម័យប្រជុំ​ប្រចំាឆ្នំា​របស់​សភា​ប្រជាជនចិន​រយៈពេល ១២ថ្ងៃ​ក្នុង​ទីក្រុង​ប៉េកំាង។ សម័យប្រជុំ​ដែល​បាន​ឈាន​ដល់​ការ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី គឺ​លោក​ស៊ី ជីនពីង និង​នាយករដ្ឋមន្រ្តី​ថ្មី គឺ​លោក​លី ខឺឈាំង។ ថ្លែង​នា​ឱកាស​បិទបញ្ចប់​សម័យប្រជុំ​នៅ​ថ្ងៃ​នេះ​ក្នុង​នាម​ជា​ ប្រមុខរដ្ឋថ្មី លោក​ស៊ី ជីនពីង​បាន​អំពាវនាវ​ឲ្យ​មាន​ការកែប្រែ​មុខមាត់​ប្រទេស និង​ការ​បង្កើន​សមត្ថភាព​របស់​កងទ័ព​ដើម្បី​ទទួល​បាន​ជ័យជំនះ​នៅ​ក្នុង​ការ​ ប្រយុទ្ធ។

ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ប្រទេស​ចិន​បាន​បើក​ទំព័រ​ថ្មី​ជាមួយ​នឹង​ក្រុមអ្នក​ដឹកនំា​ថ្មី​សម្រាប់​ អណត្តិ​រយៈពេល ១០ឆ្នំា​ខាង​មុខ។ ថ្លែង​លើកដំបូង​ក្នុង​នាម​ជា​ប្រធានាធិបតី​ថ្មី លោក​ស៊ី ជីនពីង​មិន​ញញើត​នឹង​តំាង​ខ្លួន​ជា​អ្នកជាតិនិយម​ដើម្បី​លើក​ដំកើន​ មហិទ្ធិឫទ្ធិ​របស់​ប្រទេស​ចិន។ « យើង​នឹង​តស៊ូប្រយុទ្ធ​ដើម្បី​បុព្វហេតុ​លទ្ធិសង្គមនិយម​សម្រាប់​ពណ៌សម្បុរ ​របស់​ប្រទេស​ចិន » នេះ​ជា​ការ​សន្យា​របស់​លោក​ស៊ី ជីនពីង។ លោក​ស៊ី ជីនពីង​ដែល​បាន​ធានា​អះអាង​ថា ដើម្បី​អាច​ឲ្យ​សុបិន​របស់​ចិន​ក្លាយ​ជា​ការ​ពិត​បាន គេ​ត្រូវ​តែ​លើក​ដំកើន​សា្មរតី​របស់​ចិន មាន​ន័យ​ថា ជា​ស្មារតីជាតិ​ដែល​ប្រមូលផ្តុំ​ជុំវិញ ការ​ស្នេហាមាតុភូមិ និង​ការ​ធ្វើកំណែទម្រង់។

សម្រាប់​លោក​ស៊ី ជីនពីង ទាហាន​គ្រប់រូប និង​មន្រ្តី​យោធា​ប្រជាមានិត​គ្រប់​ជាន់ថ្នាក់ ព្រម​ទំាង​កម្លំាង​ប៉ូលិស​ទំាង​អស់​ត្រូវ​តែ​ស្តាប់​តាម​ការ​ចង្អុល​បង្ហាញ​ ផ្លូវ​របស់​គណបក្ស និង​ត្រូវ​តែ​សមត្ថភាព​ទទួល​បាន​ជោគជ័យ​ជានិច្ច​នៅ​លើ​គ្រប់​ សមរភូមិប្រយុទ្ធ ព្រម​ទំាង​ជា​កងកម្លំាង​ប្រដាប់អាវុធ​មាន​វិន័យ​ទៀត​ផង។ ការ​អំពាវនាវ​ឲ្យ​ពង្រឹង​កងទ័ព​របស់​លោក​ស៊ី ជីនពីង ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន​កំពុង​ស្គាល់​ភាព​តានតឹង​យ៉ាង​ខ្លំាង​ដោយសារ​តែ​ជម្លោះ​ដំណ្តើម​ ទីប្រជុំកោះ​សេនកាគូ​នៅ​ក្នុង​សមុទ្រចិនខាងកើត។

ក្រៅ​ពី​រូបលោក​ប្រធានាធិបតី​ថ្មី ស៊ី ជីនពីង រូប​លោក​លី ខឺឈាំង​ក៏​បាន​បន្លឺ​សំឡេង​លើក​ដំបូង​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​ថ្មី​ ដែរ។ ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត លោក​លី ខឺឈាំង​បាន​ស្តីបន្ទោស​សហរដ្ឋអាមេរិក​ដែល​បាន​ចោទ​ចិន​ថា ជា​អ្នក​វាយប្រហារ​ព័តមានវិទ្យា​ប្រឆំាង​សហរដ្ឋអាមេរិក។ លោក លី ខឺឈាំង​បាន​ចាត់ទុក​ការ​ចោទប្រកាន់​នេះ​ថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ថា ចិន​ក៏​ជា​អ្នករងគ្រោះ​ដោយ​ការ​វាយប្រហារ​ដូច​គ្នា​នេះ​ដែរ។

ទាក់ទង​នឹង​បញ្ហា​ក្នុង​ស្រុក​វិញ លោក​នាយករដ្ឋមន្រ្តី​ថ្មី​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​កាត់​បន្ថយ​ការ​ចំណាយ​ របស់​រដ្ឋាភិបាល តាម​រយៈ​ការ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ដែល​ស៊ីប្រាក់ខែ​រដ្ឋ កាត់បន្ថយ​ការ​ចំណាយ​លើ​លំនៅដ្ឋាន​របស់​មន្រ្តីរដ្ឋការ កាត់បន្ថយ​ការ​ចំណាយ​លើ​ដំណើរ​ទស្សនកិច្ច​របស់​មន្រ្តីផ្លូវការ និង​កាត់​បន្ថយ​ការ​ទិញ​រថយន្ត​សម្រាប់​មន្រ្តីរដ្ឋាភិបាល​ជា​ដើម។ កាល​ពី​មួយ​សប្តាហ៍​កន្លង​ទៅ ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ធ្វើ​កំណែទម្រង់​លើ​ផ្នែក​រដ្ឋបាល​របស់​ ខ្លួន​ដោយ​ធ្វើ​យ៉ាង​ណា បង្កើន​ប្រសិទ្ធិភាព​ការងារ និង​រូបភាព​ដែល​ពេល​ខ្លះ​បាន​អាប់អួរ​ដោយសារ​រឿងអាស្រូវ​ពុករលួយ​មួយ​ចំនួន។ រឿង​អាស្រូវ​ពុករលួយ​ដែល​លោក​ប្រធានាធិបតី​ថ្មី​ស៊ី ជីនពីង​ធ្លាប់​បាន​បញ្ជាក់​ថា ជា​ខ្មំាងសត្រូវ​ផ្ទៃក្នុង​ដែល​ត្រូវ​តែ​ដក​ចោល​ទំាង​ឫស ទោះ​បី​ជា​រូប​ជនពុករលួយ​នោះ​មាន​អំណាច​កម្រិត​ណា​ក៏​ដោយ ពោល​គឺ​គេ​ត្រូវ​តែ​កំចាត់​ទំាង​សត្វ​ខ្លា និង​សត្វ​មូស៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close