អាកាសធាតុត្រជាក់គ្របដណ្តប់អឺរ៉ុបប៉ែកពាយ័ព្យដោយការធ្លាក់ព្រិលខ្លាំង
អឺរ៉ុបភាគពាយ័ព្យកំពុងគ្របដណ្តប់ ដោយព្រិលឬទឹកកកសំឡី។ នៅបាំងមិនដល់១០ថ្ងៃផង ដល់និទាឃរដូវឬរដូវផ្ការីក ទឹកកកសំឡីបានធ្លាក់ចុះយ៉ាងសំបើមកាលពីថ្ងៃអង្គារ ម្សិលមិញ នៅភាគខាងជើងនិងភាគខាងលិចប្រទេសបារាំង។ ការដឹកជញ្ជូនសាធារណៈ ត្រូវបានប្រព្រឹត្តទៅដោយរអាក់រអួលបំផុតជាពិសេនៅតំបន់ ទីក្រុងប៉ារីសនិងប៉ែកពាយ័ព្យនៃប្រទេសបារាំង។ អាកាសធាតុត្រជាក់ដោយសារការធ្លាក់ព្រិលយ៉ាងសម្បើមនេះ ក៏បានបណ្តាលឲ្យមនុស្សស្លាប់ពីរនាក់ដែរនៅក្នុងតំបន់ Bretagne និង Normandie ។
ក្រសួងឧតុនិយមបារាំងកាលពីយប់មិញ បានលើកការប្រកាសភាពប្រយុងប្រយ័ត្នកំរិតខ្ពស់ នៃការធ្លាក់ព្រិលនិងទឹកកកក្តាំងចេញវិញហើយពីតំបន់ La Mancheនិងតំបន់ Calvados ក៏ប៉ុន្តែនៅក្នុងតំបន់២១ផ្សេងទៀតនៃប្រទេសបារាំងនៅតែ បន្តរក្សា ទុកដដែលក្នុងកំរិតមធ្យម។
នៅក្នុងការដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនTGV រថភ្លើង Eurostar ឬ Thalys ត្រូវបានផ្អាកសកម្មភាព។ ចំណែក ការដឹកជញ្ជូនសាធារណៈតាម រថភ្លើងក្រោមដី RER ក្នុងតំបន់ Ile-de-France ជុំវិញប៉ារីសនិងក្នុងប៉ារីស ក៏មានការរាំងស្ទះយ៉ាងច្រើនរហូតដល់ក្រសួងអយស្ម័យាន្តបារាំងSNCF ប្រកាស អំពាវនាវ កុំឲ្យប្រជាជនបារាំងក្នុងតំបន់ Ile-de-Franceទៅធ្វើការទៀតផង។
ដោយហេតុ ផ្លូវថ្នល់និងផ្លូវ autoroute ត្រូវកាត់ផ្តាច់ដោយគំនរទឹកកកហើយកន្លែងជាច្រើនផ្សេងទៀត ត្រូវអន្តរាយ ជាពិសេសនៅតំបន់ La Manche និងតំបន់ Pas-de-Calais ។ ចំណែក ការធ្វើដំណើរតាមរថយន្ត ត្រូវប្រព្រឹត្តទៅដោយពិបាកបំផុតដោយហេតុតែមានការរអិលទឹកកក ។ នៅទីប្រជុំជនធំៗនិងនៅជាយក្រុង ក៏ជួបប្រទះនឹងបញ្ហាដាច់អគីសនី ដែរ។
នៅលើការដឹកជញ្ជូនតាមជើងអាកាសវិញ ម្សិលមិញនេះ យន្តហោះមួយគ្រឿងនៃក្រុមហ៊ុន ទុយនីស៊ី Tunisair ដែលដឹកអ្នកដំណើរ១៤០នាក់ បានធ្វើការហោះចុះខុសផ្លូវ នៅព្រលានយន្តហោះ Orly តែពុំបានបណ្តាលឲ្យមានអ្នករងរបួស ឡើយ។
ឥឡូវនេះ អាកាសធាតុ បានល្អប្រសើរបន្តិចវិញហើយ ក្នុងថ្ងៃនេះ។ ក៏ប៉ុន្តែ អាកាសធាតុត្រជាក់នៅតែគ្របដណ្តប់នៅឡើយ-រីឯការធ្លាក់ ព្រិល ក៏ កំពុងតែ សំដៅទៅទិសខាងត្បូងនិងទិសខាងកើតនៃប្រទេសបារាំង បន្តិចម្តងៗហើយ៕ ដោយ នុយ ប៊ែរណាដែត (RFI)