អាមេរិក​បើក​ការចរចា​ជាថ្មី​ជាមួយ​ក្រុមឧទ្ទាម​តាលីបង់​នៅ​អាហ្វហ្កានិស្ថាន

នៅ ​ប្រទេស​អាហ្វហ្កានិស្ថាន លោក​ប្រធានាធិបតី Hamid Karzai បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា រដ្ឋបាល​អាមេរិកំាង​បាន​ចាប់​ផ្តើម​កិច្ចចរចា​ជាមួយ​ក្រុម​ឧទ្ទាម​តាលីបង់​ ឡើង​វិញ។ ព័ត៌មាន​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​ទីក្រុង​វ៉ាស៊ីតោន​ទេ តែ​ត្រូវ​បាន​ឆ្លើយ​បដិសេធ​ដោយ​អ្នកនំាពាក្យ​របស់​ក្រុមឧទ្ទាម។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ទំនាក់ ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​កាប៊ូល​អាមេរិក​កាន់​តែ​ឡើង​តានតឹង​ឡើងៗ ពិសេស​ខណៈ​ដែល​កងទ័ព​អូតង់​ទំាងអស់​ត្រៀម​ខ្លួន​នឹង​ដក​ចេញ​ពី​ អាហ្វហ្កានីស្ថាន​នៅ​ដំណាច់​ឆ្នំា ២០១៤ ខាង​មុខ។

ការ ​បញ្ជាក់​របស់​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន Hamid Karzai ដែល​ថា រដ្ឋបាល​អាមេរិកំាង​បាន​ជជែក​ជាមួយ​ពួក​ឧទ្ទាម​តាលីបង់​រៀងរាល់​ពេល​នេះ​បាន ​កើត​មាន​ឡើង ចំ​ពេល​ដែល​លោក​រដ្ឋមន្រ្តី​ថ្មី​នៃ​ក្រសួង​ការពារជាតិ​អាមេរិក ឆាក់ ហឺហ្គិល (Chuck Hagel) កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ទីក្រុង​កាប៊ូល។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ព័ត៌មាន​ថ្លែង​ដោយ​លោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថាន​ពិត​ជា​បាន​ធ្វើ​ឲ្យ​ លោក ឆាក់ ហឺហ្គិល ទើសទាល់​ចិត្ត​យ៉ាង​ខ្លំាង។ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​រូប​នេះ សុខចិត្ត​នៅ​ស្ងៀម មិន​ឆ្លើយតប​អ្វី​ទេ និង​បាន​ព្យាយាម​និយាយ​លើ​សំណុំរឿង​អាទិភាព​ផ្សេង​ទៅ​វិញ។ ជារួម មាន​ឧបសគ្គ​ជា​ច្រើន​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​អាហ្វហ្កានិស្ថាន និង​អាមេរិក​មើល​គ្នា​មិន​សូវ​ចំ។

កងទ័ព​អាមេរិក​ក្នុង​ខេត្ត Wardak បាន​ទទួល​ការ​ចោទប្រកាន់​ពី​បទប្រព្រឹត្តិ​កំហុសឆ្គង​ជាច្រើន​នៅ​ទីនោះ និង​ដែល​ត្រូវ​បាន​លោក​ប្រមុខរដ្ឋ​អាហ្វហ្កានិ ស្ថាន​ដាក់​ឱសានវាទ​សុំឲ្យ​ អាមេរិក​ដក​ទ័ព​របស់​ខ្លួន​ទំាង​អស់​ចេញ​ពី​ខេត្ត Wardak យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី ១០ មីនា។ បន្ទាប់​មក កិច្ចចរចា​រវាង​ទីក្រុង​កាប៊ូល និង​វ៉ាស៊ីតោន​ក៏​មាន​ដែរ ទាក់ទង​នឹង​ការ​ផ្ទេរ​ការ​គ្រប់គ្រង​ពន្ធនាគារ Bagram ទៅ​ឲ្យ​រដ្ឋាបាល​អាហ្វហ្កានិស្ថាន។ តាម​ធម្មតា អាមេរិក​បាន​សន្យា​ប្រគល់​ការ​គ្រប់គ្រង​ពន្ធនាគារBagramនេះ​ទៅ​ឲ្យ​រដ្ឋអំណាច​អាហ្វហ្កានិស្ថាន ​តំាង​តែ​ពី​ខែ​កញ្ញា​មក​ម្ល៉េះ តែ​ពាក្យ​សន្យា​នេះ​បាន​លើក​ម្តង ម្តង​ទៀត។

សំណុំរឿង​ចម្រូងចម្រាស​ទាំង​អស់​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ ទំនាក់ទំនង​កំពុង​បន្ត​តានតឹង​រវាង​អាហ្វហ្កានិស្ថាន និង​សហរដ្ឋអាមេរិក៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close