នាយកធនាគារអភិវឌ្ឍអាស៊ីត្រូវបានតែងតាំងជាអគ្គទេសាភិបាលធនាគារកណ្តាលជប៉ុន
នៅថ្ងៃព្រហស្បតិ៍នេះលោកស្ហ៊ីនហ្សូអាបេនាយករដ្ឋមន្រ្តីជប៉ុនបានសម្រេច តែងតាំងលោក ហារូហ៊ីកូ គូរ៉ូដា (Haruhiko Kuroda) ឲ្យធ្វើជាអគ្គ ទេសាភិបាលធនាគារកណ្តាលជប៉ុន ជំនួសអគ្គទេសាភិបាលបច្ចុប្បន្ន ដែលសម្រេចលាឈប់ពីតំណែង ចាប់ពីថ្ងៃទី១៩ មីនា ខាងមុខនេះតទៅ។ លោកហារូហ៊ីកូ គូរ៉ូដា ដែលបច្ចុប្បន្ននេះជានាយកធនាគារអភិវឌ្ឍអាស៊ី(ADB) គឺជាអ្នកដែលធ្លាប់បង្ហា ញជំហរគាំទ្រនយោបាយរបស់លោកស្ហ៊ីនហ្សូ អាបេ ដែលចង់ឲ្យធនាគារកណ្តាលជប៉ុនដាក់ចេញនូវវិធានការ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចជប៉ុន។
ចាប់តាំង ពីបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីជប៉ុន កាលពីខែធ្នូមុនមក លោកស្ហ៊ីនហ្សូ អាបេ តែងតែបានទទូចទាមទារឲ្យធនាគារកណ្តាល ចេញមុខជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចជប៉ុនជាពិសេសតាមរយៈការបោះពុម្ពលុយដោយ គ្មានកម្រិតដែនកំណត់។ លោកស្ហ៊ីនហ្សូ អាបេ ថែមទាំងធ្លាប់បានគំរាមអគ្គ ទេសាភិបាលធនាគារកណ្តាលជប៉ុនបច្ចុប្បន្ន ទៀតផងថា ប្រសិនបើធនាគារកណ្តាលមិនព្រមធ្វើតាមសំណើនេះទេ រដ្ឋាភិបាលនឹងចេញច្បាប់ថ្មី បញ្ចប់ឯក រាជ្យរបស់ធនាគារកណ្តាល។ ការគំរាមកែប្រែច្បាប់ ស្តីពីឯករាជ្យរបស់ធនាគារកណ្តាល ដែលនាំឲ្យមានការរិះគន់ ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងធនាគារកណ្តាលបរទេស។
លោកម៉ាសាអាគី ស្ហ៊ីរ៉ាកាវ៉ា អគ្គទេសាភិបាលបច្ចុប្បន្ន បានសម្រេចលាឈប់ពីមុខតំណែង ចាប់ពីថ្ងៃទី១៩ មីនាខាងមុខនេះទៅ ហើយលោកស្ហ៊ីន ហ្សូ អាបេ ក៏បានសម្រេចតែងតាំងអ្នកដែលមាននយោបាយស្រដៀងនឹងលោក ឲ្យមកធ្វើជាអគ្គទេសាភិបាលថ្មីវិញ។
លោកហារូហ៊ីកូ គូរ៉ូដា គឺជាអតីតមន្រ្តីជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុជប៉ុន ទទួលបន្ទុកនយោបាយអត្រាប្តូរប្រាក់ជប៉ុន មុននឹងឡើងមកដឹកនាំធនាគារអភិវឌ្ឍអាស៊ី ចាប់តាំងពីឆ្នាំ២០០៥មកទល់នឹងពេលបច្ចុប្បន្ន។ លោកហារ៉ាហ៊ីកូ គូរ៉ូដា ត្រូវបានគេស្គាល់ថា ជាអ្នកដែលមានគំនិតស្រដៀងគ្នានឹងលោកស្ហ៊ីនហ្សូ អាបេ ពោលគឺ ចង់ឲ្យធនាគារកណ្តាលជប៉ុនបោះពុម្ពលុយដោយគ្មានកម្រិតដែនកំណត់ ដើម្បីបង្កើនអត្រាអតិផរណាប្រចាំឆ្នាំជប៉ុនឲ្យបានយ៉ាងតិច ២% និងបញ្ចុះថ្លៃលុយយេន ដើម្បីជំរុញការនាំចេញទំនិញជប៉ុនទៅបរទេស។ កន្លងមក លោកគូរ៉ូដា ថែមទាំងធ្លាប់បានរិះគន់អគ្គទេសាភិបាលធនាគារកណ្តាលបច្ចុប្បន្នទៀតផង ថា មិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីស្តារសេដ្ឋកិច្ចជប៉ុន។
ហេតុដូច្នេះហើយបានជា កាលពីថ្ងៃពុធម្សិលមិញ គ្រាន់តែលេចឮដំណឹង ស្តីពីការតែងតាំងលោកហារូហ៊ីកូ គូរ៉ូដា ជាអគ្គទេសាភិបាលធនាគារកណ្តាលជប៉ុន លុយយេនបានចាប់ផ្តើមធ្លាក់ថ្លៃភ្លាមៗ ធៀបនឹងលុយដុល្លារ។
លោកហារូហ៊ីកូ គូរ៉ូដា រួមទាំងអគ្គទេសាភិបាលរងពីររូបផ្សេងទៀត នឹងត្រូវឆ្លងកាត់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងព្រឹទ្ធសភាជប៉ុន នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានលើកឡើង នៅថ្ងៃព្រហស្បតិ៍នេះថា អគ្គទេសាភិបាល និងអគ្គទេសាភិបាលរងថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអនុវត្តនយោបាយសេដ្ឋកិច្ច ដែលលោកស្ហ៊ីនហ្សូ អាបេ បានដាក់ចេញ។ នេះអាចជាការបញ្ជាក់ថា អគ្គ ទេសាភិបាលថ្មី និងលោកស្ហ៊ីនហ្សូ អាបេ ទំនងជានឹងដើរក្នុងគន្លងផ្លូវដូចគ្នា ហើយរដ្ឋាភិបាលជប៉ុនក៏មិនចាំបាច់ត្រូវធ្វើការកែប្រែច្បាប់ ស្តីពីឯករាជ្យរបស់ធនាគារកណ្តាល ដែលនាំឲ្យមានការរិះគន់ពីបរទេសនោះដែរ៕(RFI)