ការបោះឆ្នោតនៅ ហ្ស៊ីមបាវេ ទំនងជាមិនអាចកើតមាននៅខែមីនាទេ
ទំនាស់ ស្តីពីសំណើររដ្ឋធម្មនុញ្ញថ្មីមួយរបស់ប្រទេសហ្ស៊ីមបាវេ (Zimbabwe) កំពុងតែកាត់បន្ថយឳកាស ដែលរដ្ឋាភិបាលនឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការក្នុងការរៀប ចំការបោះឆ្នោតជាតិនៅត្រឹមថ្ងៃទី៣១ ខែមីនា។ ដូច ដែល Sebastian Mhofu រាយការណ៍សម្រាប់វីអូអេ ពីទីក្រុង ហារារី (Harare) រដ្ឋា ភិបាលឯកភាពជាតិមិនអាចព្យាករណ៍ថាតើពេលណាដែលប្រទេសនេះនឹងមាន រដ្ឋធម្មនុញ្ញថ្មីនោះទេ។
និយាយឱ្យប្រាកដរដ្ឋធម្មនុញ្ញថ្មីមួយត្រូវតែកើតមានមុនពេលការបោះឆ្នោត ថ្មីនៅក្នុងប្រទេស ហ្ស៊ីមបាវេ ពីព្រោះក្រុមមេដឹកនាំអាហ្វ្រិកខាងត្បូង ចង់ធានាឲ្យប្រាកដថា ការបោះឆ្នោតនោះមានភាពអាចជឿទុកចិត្តបាន។
គណៈកម្មាធិការ មួយបានបញ្ជូនសេចក្តីព្រៀងរដ្ឋធម្មនុញ្ញទៅកាន់រដ្ឋ សភា កាលពីខែកក្កដាឆ្នាំទៅ ប៉ុន្តែគណបក្សនយោបាយធំៗរបស់ ហ្ស៊ីមបាវេ មិនទាន់យល់ស្របនៅឡើយទៅលើការកែប្រែទាំងឡាយ ដែលត្រូវធ្វើ មុនពេលរដ្ឋធម្មនុញ្ញនេះត្រូវដាក់នៅចំពោះមុខក្រុមអ្នកបោះឆ្នោត នៅក្នុងការធ្វើប្រជាមតិមួយ។
ដំណើរការបង្កើត រដ្ឋធម្មនុញ្ញរបស់ ហ្ស៊ីមបាវេ ស្ថិតក្នុងភាពទ័លច្រកដោយសារតែជម្លោះរវាងគណបក្សធំៗនៅក្នុង រដ្ឋាភិបាលចម្រុះ ដែលរួមមាន គណបក្ស ZANU-PF របស់លោកប្រធានាធិបតី រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) និងគណបក្សចលនាដើម្បីការផ្លាស់ប្តូរបែបប្រជាធិបតេយ្យ (Movement for Democratic Change) ឬហៅកាត់ថាគណបក្ស MDC របស់លោកនាយករដ្ឋមន្ត្រី ម័រហ្គាន ស្វាន់ហ្គីរ៉ៃ (Morgan Tsvangirai)។
គណបក្ស ទាំងនេះ មិនយល់ស្របទៅលើចំណុចនៃសំណើរសុំកាត់បន្ថយអំណាចរបស់ប្រធានាធិបតី និងការបញ្ចូលច្បាប់ស្តីអំពីសិទ្ធិរបស់មនុស្សស្រលាញ់ភេទដូចគ្នា នៅក្នុងចំណោមចំណុចមិនយល់ស្របដទៃទៀត។ ជាលទ្ធផល ហ្ស៊ីមបាវេ ទំនងជានឹងមិនឆ្លើយតបតាមសេចក្តីសម្រេចរបស់តុលាការ ក្នុងការរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី៣១ ខែមីនាទេ។
លោក ម៉ាកដូណល ឡេវ៉ានីកា (McDonald Lewanika) ដឹកនាំអង្គការវិបត្តិនៅក្នុងរដ្ឋាភិបាលចម្រុះ ហ្ស៊ីមបាវេ (Crisis in Zimbabwe Coalition)។ លោកនិយាយថា មានកត្តាផ្សេងៗទៀត ដែលនឹងធ្វើឲ្យការបោះឆ្នោតទំនងជាមិនអាចកើតឡើងនៅត្រឹមដំណាច់ខែ មីនានេះ។
«យើងបានឮអំពីការរំកិលកាលបរិច្ឆេទ ទាក់ទងនឹងដំណើរការរៀបចំការ បោះ ឆ្នោត។ បញ្ហានេះមិនទាន់កើតឡើងនៅឡើយទេ។ ហើយសំខាន់ជាងនេះទៀត ស្ថានភាពដែលត្រូវបានរំពឹងថានឹងមាននៅទីនោះ ដើម្បីធានាឲ្យបានថា ដំណើរការបោះឆ្នោតនេះមានភាពសេរីនិងយុត្តិធម៌ មិនដឹងជាត្រូវសម្រេចបានបែបណានោះទេ។ ករណីជាក់ស្តែងគឺថា ដំណើរការតាក់តែងរដ្ឋធម្មនុញ្ញ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយ នៅពេលនេះ»។
លោក អេរីក ម៉ាទីនេហ្គា (Eric Matinenga) រដ្ឋមន្ត្រីកិច្ចការរដ្ឋធម្មនុញ្ញ និងរដ្ឋសភារបស់ប្រទេស ហ្ស៊ីមបាវេ ថ្លែងថា លោកមិនអាចនិយាយបានទេ ថាតើនៅពេលណាទើបការធ្វើប្រជាមតិអាចត្រូវបានធ្វើឡើង។
លោក ម៉ាទីនេហ្គា បានកំពុងដឹកនាំការពិភាក្សា ដែលសំដៅបង្រួមការខ្វែង គំនិតគ្នាទៅលើរដ្ឋធម្មនុញ្ញ។ លោកនិយាយថា ចំណុចនៃការខ្វែងគំនិតគ្នាបានថយចុះពីជាង៣០ចំណុចនៅត្រឹមតែ ៥ចំណុចតែប៉ុណ្ណោះ ចាប់តាំងពីខែកក្កដាឆ្នាំទៅ។ លោកនិយាយទៀតថា លោកចង់ឲ្យបញ្ហានេះត្រូវបានដោះស្រាយឲ្យបានឆាប់រហ័ស។
ទោះជា ចំណុចនៃការខ្វែងគំនិតគ្នាត្រូវបានដោះស្រាយក៏ដោយ វាប្រហែល ជាមិនអាចទៅរួចទេ ដែលថា ហ្ស៊ីមបាវេ នឹងរៀបចំការបោះឆ្នោតនៅត្រឹមខែមីនានេះ ដោយសាររដ្ឋធម្មនុញ្ញតម្រូវឲ្យមានការជូនដំណឹងរយៈពេល៩០ថ្ងៃ មុនពេលការបោះឆ្នោតមួយអាចត្រូវបានធ្វើឡើង។
ហើយ មានឧបសគ្គមួយផ្សេងទៀតដែលត្រូវដោះស្រាយ នោះគឺបញ្ហាថវិកា។ កាលពីខែមុន លោក តេនដាយ ប៊ីទី (Tendai Biti) រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ ហ្ស៊ីមបាវេ បាននិយាយថា ប្រទេសនេះគ្មានថវិកាសម្រាប់ការធ្វើប្រជាមតិ និងការបោះឆ្នោតនោះទេ។
«នៅក្នុងឆ្នាំ២០១៣នេះបញ្ហាប្រឈមធំបំផុតគឺការផ្តល់ថវិកាសម្រាប់ការ បោះ ឆ្នោត និងការធ្វើប្រជាមតិ។ វាច្បាស់ណាស់ថា ធនធានរបស់យើងមិនគ្រប់គ្រាន់ទេ។ វាច្បាស់ណាស់ដែលថាសហគមន៍អន្តរជាតិត្រូវតែចូលមកជួយ»។
គណៈកម្មការ រៀបចំការបោះឆ្នោតរបស់ ហ្ស៊ីមបាវេ បានស្នើសុំទឹកប្រាក់ជិត២០០លានដុល្លារ ដើម្បីរៀបចំការធ្វើប្រជាមតិ និងការបោះឆ្នោត។ កាលពីដើមសប្តាហ៍នេះ លោក ប៊ីទី បាននិយាយថា លោកបានបញ្ចេញថវិការចំនួន១លាន ដុល្លារ ដើម្បីធានាឲ្យប្រាកដថា ការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតអាចចាប់ផ្តើមបាន៕ប្រែសម្រួលដោយ លី សុខឃាង (VOA)