រាជរដ្ឋាភិបាល​ថៃ​ចង់​ជួបជជែក​ជាមួយ​ក្រុមឧទ្ទាម​នៅ​ប៉ែកខាងត្បូង​ក្នុង​ប្រទេស​ម៉ាឡេស៊ី

នៅ​ថ្ងៃ​ពុធ ទី២៧ កុម្ភៈ​នេះ អ្នក​ទទួលខុសត្រូវជាន់ខ្ពស់​ថៃ​ម្នាក់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​ក្រុង​បាងកក​ចង់​រៀបចំ​កិច្ចប្រជុំ​សន្តិភាព​មួយ​ជាមួយ​ ក្រុមឧទ្ទាមថៃ​អ៊ីស្លាម​អ្នកទាមទារ​ផ្តាច់ទឹកដី​នៅ​តំបន់​ប៉ែក​ខាងត្បូង​ ប្រទេស​ថៃ។ គម្រោង​រៀបចំ​ជំនួបចរចា​សន្តិភាព​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ កូឡា ឡំាពួរ ប្រទេស​ម៉ាឡេស៊ី។ ម្យ៉ាង​ទៀត ជំនួប​ចរចា​ជាមួយ​ក្រុមឧទ្ទាម​គ្រោង​នឹង​រៀបចំ​ឡើង ចំ​ពេល​ដែល​អំពើហិង្សា​នៅ​តំបន់​ប៉ែកខាងត្បូង​បាន​កើត​មាន​ច្រើន​ដង​ក្នុង​ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ការ​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ជួប​ចរចា​រវាង​រាជរដ្ឋាភិបាល​ថៃ និង​ក្រុមឧទ្ទាម​ថៃ​អ៊ីស្លាម​អ្នក​ទាមទារផ្តាច់ទឹកដី​និយម​នៅ​ប៉ែកខាងត្បូង​ បាន​កើត​មាន​ឡើង មួយ​ថ្ងៃ​មុន​ជំនួប​ផ្លូវការ​រវាង​លោកស្រី​នាយកដ្ឋមន្រ្តី​ថៃ យីងឡាក់ ស៊ីណាវ៉ាត់ត្រា និង​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ណាយីប រ៉ាហ្ស៉ាក់ ក្នុង​ទីក្រុង​កូឡា ឡំាពួរ ប្រទេស​ម៉ាឡេស៊ី។ មាន​សំណុំរឿង​ជា​ច្រើន​ដែល​ឥស្សរជន​ទំាង​ពីរ​គ្រោង​នឹង​លើក​យក​ទៅ​ជជែក​ ជាមួយ​គ្នា ក៏​ប៉ុន្តែ ប្រធានបទ​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នោះ គឺ​ពាក់ព័ន្ធ​នឹង​ចលនា​បះបោះ​របស់​ក្រុម​ឧទ្ទាម​ថៃ​អ៊ីស្លាម​អ្នកទាមទារ​ ផ្តាច់ទឹកដី​និយម​នៅ​ក្នុង​ខេត្ត​ថៃ​ទំាង ៣ ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ជាប់​ព្រំដែន​រវាង​ប្រទេស​ជិត​ខាង​ទំាង​ពីរ។ ចលនា​បះបោះ​របស់​ក្រុម​ឧទ្ទាម​ថៃ​អ៊ីស្លាម​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ ស្លាប់​ប្រមាណ​ជា ៥ ៥០០នាក់​ហើយ គិត​តំាង​ពី​ឆ្នំា ២០០៤ មក។

« ខ្ញុំ​សង្ឃឹម​ថា ជំនួប​ចរចា​រវាង​រាជរដ្ឋាភិបាល​ក្រុង​បាងកក និង​ក្រុមឧទ្ទាម​អាច​នឹង​ចាប់​ផ្តើម​នា​ពេល​ឆាប់ៗ​ខាង​មុខ » នេះ​ជា​ថ្លែង​របស់​លោក​ឧត្តមសេនីយ​ប៉ារ៉ា ដន ប៉ាត់តាណាថាប៊ុត អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​ថៃ និង​ដែល​លោក​ត្រូវ​ជូន​ដំណើរ​លោកស្រី​យីងឡាក់​ទៅ​ប្រទេស​ម៉ាឡេស៊ី។ លោក​ប៉ារ៉ា ដន​បាន​បញ្ជាក់​ដោយ​លំអិត​ថា ប្រទេស​ម៉ាឡេស៊ី​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ព្រម​ទំាង​ជួយសម្រួល​ឲ្យ​មាន​ជំនួប​រវាង​រាជរដ្ឋាភិបាល​ថៃ និង​ក្រុមឧទ្ទាម​ថៃ​អ៊ីស្លាម​អ្នក ទាមទារផ្តាច់ទឹកដី​និយម​នៅ​ប៉ែក​ខាង​ ត្បូង។ ក៏​ប៉ុន្តែ ម៉ាឡេស៊ី​នឹង​មិន​ដើរ​តួនាទី​អ្វី​នៅ​ក្នុង​ជំនួប​នោះ​ទេ។

គួរ​ជម្រាប​ជូន​ថា តំាង​ពី ៩ឆ្នំា​មក​ហើយ ពោល​គឺ​តំាង​តែ​ពី​ឆ្នំា ២០០៤ មក​ម្ល៉េះ ដែល​ក្រុមឧទ្ទាម​ថៃ​អ៊ីស្លាម​បាន​វាយប្រហារ​ដោយ​មិន​រើសមុខ​លើ​ប្រជាជន​ អ្នកកាន់សាសនា​ព្រះពុទ្ធ ក៏​ដូច​ជា​អ្នកកាន់សាសនា​អ៊ីស្លាម​នៅ​តំបន់​ប៉ែក​ខាង​ត្បូង​ដែល​បាន​ស្ថិត​ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ម៉ាឡេស៊ី​រហូត​ដល់​ដើម​ទសវត្សទី ២០។ ជា​តំបន់​ដែល​សម្បូរ​ដោយ​ប្រជាជន​ថៃ​អ្នកកាន់សាសនា​អ៊ីស្លាម​រស់នៅ នៅ​ក្នុង​ប្រទេស​មួយ​ដែល​ប្រជាជន​ភាគច្រើន ជា​អ្នក​កាន់​សាសនា​ព្រះ ពុទ្ធ។ កាល​ពី ១០ថ្ងៃ​មុន​នេះ ការ​បំផ្ទុះ​គ្រាប់បែក​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ប៉ាត់តានី​បាន​ផ្តាច់​ ជីវិត​មនុស្ស ៣នាក់។

អស់​រយៈពេល​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ ដែល​រដ្ឋាភិបាល​ក្រុង​បាងកក​បាន​សម្រេច​ជ្រើស​យក​ដំណោះស្រាយ​តែ​មួយ គឺ​វាយប្រហារ​តាម​ផ្លូវយោធា​លើ​ពួក​ឧទ្ទាម​ឲ្យ​ដល់​ឫសគល់​តែ​ម្តង។ តែ​បញ្ហា​នៅ​ត្រង់​ថា រដ្ឋាភិបាល​ថៃ​នៅ​មិន​បាន​ដឹង​ច្បាស់​អំពី​វត្តមាន ឬមួយ​ក៏​រចនាសម្ព័ន្ធ​ពិតប្រាកដ​របស់​ចលនា​បះបោរ​មួយ​នេះ​ទេ។ ម្យ៉ាង​ទៀត ពី​មួយ​ឆ្នំា ទៅ​មួយ​ឆ្នំា ចលនា​មួយ​នេះ​បាន​ពង្រឹង​បន្ថែម​នូវ​កម្លំាង​របស់​ខ្លួន​តាម​រយៈ​ការ​ដាក់​ បញ្ចូល​យុវជន​សម័យ​ថ្មី​ដែល​មាន​លក្ខណៈ​ហិង្សា​ជាង​រៀមច្បង​របស់​ពួក​គេ។ អ៊ីចឹង​ហើយ​បាន​ក្រុម​អ្នក វិភាគ​នយោបាយ​ថៃ​ហាក់​ដូច​ជា​មិន​សូវ​មាន​ សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ អំពី​កិច្ចប្រជុំ​ស្វែង​រក​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​នោះ ព្រោះ​ថា ជា​ចលនា​មួយ​ដែល​គ្មាន​រូបរាង​ច្បាស់លាស់ និង​មាន​ឯកសណ្ធានចម្រុះ មិន​ខុស​ពី​សម្លៀកបំពាក់​របស់​ប្រជាជន​ធម្មតា​ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close