បាតុករ​ក្រិក​ចុះដងផ្លូវ​ធ្វើ​កូដកម្មប្រឆាំង​នយោបាយ​ត្បិតត្បៀត​​របស់​រដ្ឋាភិបាល​

ប្រទេស​ក្រិក បាន​ទទួល​រង​ជា​ថ្មី​ទៀត​នូវ​កូដកម្ម​ទូទៅ​មួយ​នៅ​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ​ នេះ តាម​ការ​អំពាវនាវ​របស់​អង្គការ​សហជីព​នានា​នៅ​ក្នុង​ប្រទេស ដើម្បី​ប្រឆាំង​ទល់​នឹង​​ផែនការ​ត្បិតត្បៀត​ថវិកា​រដ្ឋ​ដែលទាមទារដោយ​សហភាព​ អឺរ៉ុប​និង​មូលនិធិរូបិយ​វត្ថុអន្តរជាតិ​ដែល​ម្ចាស់​បំណុល​របស់​ប្រទេស​ ក្រិក។

អង្គការសហជីពឯកជន​សំខាន់ៗនៅក្នុងប្រទេសក្រិក  បានអំពាវនាវ​​​​បុគ្គលិក ​​​គ្រូបង្រៀន  គ្រូពេទ្យ​និង​មេធាវី ឲ្យចូលរួម​ក្នុងកូដកម្មទូទៅមួយទៀត​ នៅថ្ងៃពុធនេះ ដើម្បី​ធ្វើការ ប្រឆាំង ទល់នឹង​ផែនការនយោបាយ ត្បិត​ត្បៀត​ថវិការ​រដ្ឋ​របស់​រដ្ឋាភិបាលលោក Antonis Samaras។

ក្បួនបាតុកម្មជាច្រើនទៀត ក៏ត្រូវគ្រោងធ្វើឡើង​ដែរ នៅ​​ល្ងាច​ថ្ងៃ​ពុធ​នេះ​​​ក្នុង​ទីក្រុង អាថែន​ និងធ្វើដំណើរសំដៅទៅ លើ​ទីលាន Syntagma​​  ទល់មុខ អគារ​សភាក្រិក តាម​ការ​អំពាវ​នាវ​​របស់​ក្រុម​សហជីពក្រិកផ្សេងៗទៀត។

កូដកម្មនេះ ​បាន​ជំរុញឲ្យអាជ្ញាធរ​ ខាងព្រលានយន្តហោះ -សម្រេចចិត្ត​លុប​ចោល​​​ឬ​​ក៏​ផ្អាក​ជើង​​ហោះហើរ​ របស់ខ្លួន ។​ ខាងមន្ទីរពេទ្យវិញ គឺមានតែខាងផ្នែក​សង្គ្រោះ​បន្ទាន់តែ​ប៉ុណ្ណោះ ដែល​នៅ​មាន​ដំណើរ​ការតែមានបុគ្គលិក​ធ្វើការ​ក្នុង​ចំនួន​​តិច​តួច។​​ រីឯ ការដឹក​ជញ្ជូនតាម​កប៉ាល់​​​​វិញ​ក៏មាន​ភាព​រអាក់​រអួល​យ៉ាង​ខ្លាំង​ដែរ​ ​នៅថ្ងៃពុធនេះ ពីព្រោះ កប៉ាល់ ជាច្រើនគ្រឿង ត្រូវចតនៅមួយកន្លែងក្នុងកំពុង​ផែ។​

គួរបញ្ជាក់ដែរថា កូដកម្មទូទៅនៅក្នុងប្រទេសក្រិកនេះ ត្រូវ​បានប្រព្រឹត្តទៅ មួយថ្ងៃ បន្ទាប់ ពី​ដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរដ្ឋបារាំង លោក François Hollande​កាលពីថ្ងៃ​អង្គារ​ម្សិល​មិញ​នៅប្រទេសក្រិក ដើម្បីបញ្ជាក់ពី​សណ្តានទឹកចិត្តរបស់បារាំងក្នុង​ការ​ប្រឹងប្រែង​ដើម្បី​ជួយស្តារសេដ្ឋកិច្ចរបស់ប្រទេស​ក្រិក​ឲ្យបានប្រសើរឡើងវិញ ។  លោក ប្រធានាធិបតីបារាំង ក៏​បាន​សម្តែងគារវកិច្ចផង​ដែរចំពោះ ការខិតខំប្រឹង​ប្រែង​របស់​ពលរដ្ឋ​ក្រិក​ក្នុង​ការ​ ស្តារសេដ្ឋកិច្ចប្រទេសខ្លួននិងដោយបានអំពាវនាវ​ឲ្យ​សហគ្រាស​បារាំង​នានាឲ្យ​ ចូលមក​ធ្វើ​វិនិយោគទុន​នៅក្នុងប្រទេសក្រិកដែរ។

ប្រទេស​​ក្រិក​​ ជា​ប្រទេស​មួយ​ដែល​មាន​កម្រិត​សេដ្ឋកិច្ច​​​ទន់​​ ខ្សោយ​ជាង​គេ​នៅ ក្នុង​ចំណោម​​ បណ្តា​ប្រទេស​នានា ​​​ក្នុង​សហភាព​អឺរ៉ុប   និងនៅតែបន្តធ្លាក់ចុះ​ ក្នុង​រយៈ​ពេល​៥​​ឆ្នាំ​​កន្លង​មក​នេះ។ ​ចំណែក អត្រា​អ្នក​គ្មានការ​ធ្វើវិញ ក៏​ មាន​រហូត​ដល់​​ទៅ​​ ២៧ ភាគរយ ដែរ​​ក្នុង​ចំណោម​ប្រជាជន​សកម្ម​ក្នុង​ប្រទេស។ ចំណែក​ក្រុម​អ្នក​ជំនាញ​​ខាង​សេដ្ឋកិច្ច វិញ បាន​ ​ប្រមើលទុក​ថា ​​​​​ប្រទេស​ក្រិក​​នឹង​​បន្ត​​ប្រឈម​​មុខ នឹង​​ការ​កាត់​បន្ថយ​ការងារ​​​ធ្វើ​​ នៅ​ឆ្នាំ​២០១៣ ត​ទៅ​ទៀត។ ម្យ៉ាងទៀត ម្ចាស់បំណុលក្រិក បានទាមទារផងដែរ​ឲ្យរដ្ឋាភិបាល ក្រិក​លុបចោល​ការងារ​រដ្ឋ​ចំនួន​២ម៉ឺន៥០០០​ កន្លែង​។

គួរកត់សម្គាល់ថា ក្រោយពីមានកូដកម្មប្រឆាំងនានានៅដើមសប្តាហ៍នេះមក រដ្ឋាភិបាល ក្រិក បានបន្ធន់ជំហរបន្តិចវិញ ដោយ​បានជូនដំណឹង អំពី​ការ​លះបង់​ចោល​​គម្រោងផែន ការ​របស់ខ្លួន ក្នុងការ​បញ្ឈប់ការងាររបស់មន្ត្រីរដ្ឋការក្រិកចំនួន​១៩០០​នាក់៕ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close