ការចរចាស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលភូមានិងក្រុមឧទ្ទាមកាឈីន
នៅថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលភូមានិងក្រុមឧទ្ទាមកាឈីនបានធ្វើការចរចាទល់មុខ គ្នា នៅប្រទេសចិន ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពក្នុងប្រទេស។ រដ្ឋាភិបាលភូមានិងក្រុមឧទ្ទាមកាឈីន ធ្លាប់បានចរចាលើបទឈប់បាញ់ ជាច្រើនលើកមកហើយ តែមិនដែលទទួលបាននូវជោគជ័យឡើយ។ ការចរចាចុងក្រោយបង្អស់ គឺនៅខែមិថុនា ឆ្នាំ ២០១១។ គួររំលឹកថា បទឈប់បាញ់គ្នានៅភូមា បានចូលជាធរមាន តាំងពី១៧ ឆ្នាំមុនម្ល៉េះ។ ប្រធានាធិបតី ថេន សេន បានប្រកាសថា ភូមាកំពុងយកចិត្តទុកដាក់ដល់ស្ថិរភាពនយោបាយក្នុងប្រទេស និងការបង្រួបបង្រួមជាតិ។
ការចរចាស្វែងរកសន្តិភាព បានប្រព្រិត្តទៅ ក្នុងលក្ខណៈជាមិត្តភាព នៅក្រុងRuili ដែលជាប្រទេសចិន ក្បែរព្រំប្រទល់ភូមា។ គេឃើញមានវត្តមានរបស់លោក Aung Min ជាអ្នកចរចាសំខាន់មកពីរដ្ឋអំណាចភូមា និងឧត្តមសេនីយ៍ Gun Maw មេដឹកនាំសំខាន់ទីពីររបស់ក្រុមឧទ្ទាមកាឈីន។ បន្ទាប់ពីបានពិភាក្សាគ្នាអស់រយៈពេលប្រាំពីរម៉ោងមក ភាគីទាំងពីរបានសំរេចនឹងជួបចរចាគ្នាម្តងទៀត នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រដ្ឋាភិបាលភូមានិងក្រុមឧទ្ទាមកាឈីន ពុំដែលបានចុះសម្រុងគ្នាក្នុងដំណោះស្រាយស្វែងរក សន្តិភាពជាថ្មីនោះឡើយ តាំងពីការចរចាលើបទឈប់បាញ់គ្នា កាលពីខែមិថុនា ឆ្នាំ ២០១១ ទទួលបរាជ័យមកម្ល៉េះ។ គួររំលឹកថា បទឈប់បាញ់គ្នានៅភូមា ចូលជាធរមាន តាំងពី១៧ ឆ្នាំមុនម្ល៉េះ។
ការវាយប្រហារគ្នាជាថ្មី រវាងរដ្ឋាភិបាលភូមានិងក្រុមឧទ្ទាមកាឈីន បានបង្កអោយប្រជាជនជាច្រើននាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតភៀសខ្លួន។
នៅភូមា ក្រុមឧទ្ទាមកាឈីន ជាក្រុមឧទ្ទាមប្រដាប់អាវុធតែមួយគត់ ដែលមិនទាន់ចរចាសំរេចបាននូវការឈប់បាញ់គ្នា ជាមួយរដ្ឋអំណាច។ ក្រុមឧទ្ទាមកាឈីនទាម ទារអោយរដ្ឋកាឈីន ស្ថិតនៅភាគខាងត្បូងប្រទេស ទទួលបានឯករាជ្យភាព។
ក្នុងរយៈពេលជាងពីរខែកន្លងមកនេះ ការប្រយុទ្ធគ្នាតទល់គ្នារវាងក្រុមឧទ្ទាមនេះ ជាមួយរដ្ឋាភិបាល បានរីករាលដាលខ្លាំងនៅភូមា។ កងទ័ពភូមាទទួលស្គាល់ថា ខ្លួនបានធ្វើការវាយប្រហារក្រុម ឧទ្ទាម តាមផ្លូវអាកាស។
រដ្ឋាភិបាលភូមាថ្មី ដែលចូលកាន់តំណែងបន្តពីរបបសឹកភូមា កាលពីដើមឆ្នាំ ២០១១ បានខិតខំបង្កើនការកែទំរង់នានានៅក្នុងប្រទេស។ លោក ថេន សេន ដែលជាប្រធានាធិបតីភូមា បានសន្យាថានឹងផ្អាកសង្គ្រាមជាមួយក្រុមឧទ្ទាមជនជាតិភាគតិច នានា ដែលមានវត្តមាននៅក្នុងប្រទេស៕ដោយ ព្រំ សឿន សូលីណា (RFI)