រុស្ស៊ី​អាច​វាយ​ដណ្តើម​យកបាន​ប្រទេស​ស៊ុយអែត​ តែ​ក្នុង​មួយ​សប្តាហ៍​

សេចក្តី​ថ្លែងការណ៍​នេះ ធ្វើ​ដោយ​អគ្គ​មេបញ្ជាការ​ជាន់ខ្ពស់​ស៊ុយអែត តាម​ដែល​កាសែត​រុស្ស៊ី Kommersant លេខ​ថ្ងៃ​នេះ​ចុះ​ផ្សាយ ញ៉ាំង​ឲ្យ​កើត​ឡើង ជា​បរិយាកាស​ឆោឡោ ក្នុង​ប្រទេស​នោះ ហើយ​ផ្ទុះ​ឡើង​ជា​រឿង​អាស្រូវ ទាល់​តែ​ព្រះរាជអាជ្ញា​ស៊ុយអែត សម្រេច​ថា​ថ្កោលទោស​មេទ័ព​នោះ​ ចំពោះ​ការ​ទម្លាយ​កិច្ចការ​សម្ងាត់​របស់​រដ្ឋ​ឲ្យ​លាន់​ខ្ចរ​ខ្ចាយ។

តាម​កាសែត​រុស្ស៊ី Kommersant បរិយាកាស​ឆោឡោ​នោះ កើត​ឡើងគឺ​ក្រោយ​ពី អគ្គមេបញ្ជាការ​ជាន់ខ្ពស់​កងទ័ព​ស៊ុយអែត ឧត្តម​សេនីយ Swerker Joranson ក្នុង​បទ​សម្ភាសន៍​​ ទៅ​កាសែត​ក្នុង​ស្រុក Svenska Dagblader ពាក់ព័ន្ធ​នឹង​ការ​គម្រាម​ជា​យថាហេតុ​ពី​ខាង​រុស្ស៊ី ថ្លែង​ថា៖ “​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​ខាង​មហា​អំណាច​ខាង​កើត​នោះ ប្រទេស​ស៊ុយអែត ​អាច​ឈរ​ទប់​ខ្លួន​យ៉ាង​យូរ​ណាស់​បាន​តែ​១​សប្តាហ៍។ ប្រទេស​ស៊ុយអែត​​មិន​ដែល​បំពាក់​អាវុធ​ក្នុង​កម្រិត​ខ្លាំងក្លា ទាល់​តែ​ថាអាច​តទល់​ការ​វាយប្រហារ​នោះ​តែ​ម្នាក់ឯង​ឡើយ។

ដូច្នេះ ជា​ការ​ចាំ​បាច់ យើង​ត្រូវការ​ឲ្យ​មាន​ជំនួយ​ពី​ក្រៅ ឬ​មួយ​ពី​ខាង​បក្សសម្ព័ន្ធ អូតង់ ឬ​មួយ​ពី​ខាង ស.រ.អា. ប៉ុន្តែ ពួក​អ្នក​នយោបាយ​របស់​យើង ចេះ​តែ​មិន​បណ្តោយ​ឲ្យ​ធ្វើ​យោធូបនីយកម្ម​សង្គម​យើង លុះ​ទាល់​តែ​យើង​អាច​កំចាត់​ការ​គម្រាម​ពី​ទិស​ខាង​កើត​ ដោយ​កម្លាំង​របស់​យើង​ផ្ទាល់​ឡើយ”។

សេចក្តី​ថ្លែងការណ៍​​របស់​ឧត្តមសេនីយ Joranson តាម​ការ​កត់​សម្គាល់​នៃ​កាសែត​រុស្ស៊ី គឺ នាំ​ឲ្យ​ផ្អើល​ដល់​អាជ្ញាធរ​ស៊ុយអែត។ ព្រះរាជ​អាជ្ញា​ស៊ុយអែត Tomas Lindstrand​ ជឿ​ជាក់​ថា ព័ត៌មាន​ទម្លាយ​ចេញ​ពី​បបូរ​មាត់​មេទ័ព​ស៊ុយអែត​នោះ គឺ​សំខាន់​សែន​សំខាន់ សម្រាប់​ប្រទេស​ណា​ ដែល​សត្រូវ​ស្រាប់​នឹង​ស៊ុយអែត។ ម៉្លោះ​ហើយ បានជា​ព្រះរាជ​អាជ្ញា​នោះ ទាមទារ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ឧប្បត្តិហេតុ​នេះ ពីព្រោះ​ឧត្តមសេនីយ Joranson អាច​យោង​ទៅ​លើ​ទិន្នន័យ​សម្ងាត់ របស់​ក្រសួង​ការពារ​ជាតិ​ស៊ុយអែដ​ផ្ទាល់។ ដោយ​ហេតុថា​ទិន្នន័យ​ទាំង​នោះ ជា​រឿង​សម្ងាត់​របស់​រដ្ឋ បានជា​វា​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ស៊ុយអែត​តែ​ម្តង។ អ្វី​ដែល​កាសែត​រុស្ស៊ី​ចាប់​អារម្មណ៍ គឺ​ថា ភាគី​រាជ​អាជ្ញា​ស៊ុយអែត ទោះ​ថ្លែង​ថ្កោល​ទោស​ក្តី ក៏​ប៉ុន្តែ​មិន​បដិសេធ​ឡើយ សំដី​ពោល​អាង​របស់​មេទ័ព Joranson ដែល​ថា​រុស្ស៊ី​ជា “សត្រូវ​ធំ​បំផុត” របស់​ស៊ុយអែត។

បទសម្ភាសន៍​នាំ​ឲ្យ​ភ្ញាក់​ផ្អើល​​របស់​មេទ័ព​ស៊ុយអែត ត្រូវ​បាន​ចុះ​ផ្សាយ គឺ​នៅ​ចំ​ពេល​ដែល​ក្នុង​ប្រទេស​នោះ ប្រព្រឹត្ត​ទៅ​យ៉ាង​ពុះ​ខ្ជោល នូវ​ការ​តស៊ូ​មតិ​ជុំវិញ​បញ្ហា “តើ​ស៊ុយអែត​​គួរ​ចូលជា​សមាជិក​អូតង់​ឬ​ទេ?”។ ថ្វីត្បិត​តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុយអែត លោកស្រី Karine Enstrem រំលឹក​ថា បញ្ហា​ចូល​អូតង់ “ឥត​ស្ថិត​ក្នុង​របៀប​វារៈ​ប្រចាំ​ថ្ងៃ” ក្តី​ ក៏​ក្នុង​សន្និសីទ​ក្រោម​បាវចនា​ថា “​ប្រជាជន​និង​រឿង​ការពារ​ជាតិ​” គឺ​មាន​អញ្ជើញ​រូប​លោក ​Anders Fog Rasmussen ជា​អគ្គលេខាធិការ​បក្ស​សម្ពន្ធ​អូតង់​ឲ្យ​ចូលរួម​ដែរ។

ស្របនឹង​ការ​ស្ទង់​មតិ​នៅ​ស៊ុយអែត ចំនួន​អ្នក​ដែល​មិន​ចង់​ឃើញ​ប្រទេស​ខ្លួន ជា​សមាជិក​អូតង់ បាន​ថយ​ចុះ​ដល់​៣២% ទៅ​ហើយ បើ​ប្រៀប​ទៅ​នឹង​ ៥០%​កាល​ពី​ឆ្នាំ​មុន៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close