សហគមន៍អន្តរជាតិយល់ព្រមលុបបំណុលជាងពាក់កណ្តាលរបស់ភូមា
នៅថ្ងៃច័ន្ទ ទី២៨ មករានេះ រដ្ឋាភិបាលប្រទេសភូមាបានបញ្ជាក់ឲ្យដឹងថា ក្រុម ប្រទេសម្ចាស់បំណុលនៃក្លិបប៉ារីសបានយល់ព្រមលុបចោលប្រាក់បំណុលចំនួនពាក់កណ្តាលដែលភូមាបានជំពាក់។ តាមសេចក្តីជូនដំណឹងមួយចុះផ្សាយដោយកាសែតផ្លូវការប្រចំាថ្ងៃឈ្មោះ New Light of Myanmar ឲ្យដឹងថា កិច្ច ព្រមព្រៀងចុះហត្ថលេខានៅថ្ងៃសុក្រ ទី២៥ មករា បានសម្រេចកាត់បន្ថយប្រាក់ បំណុលក្រៅប្រទេសរបស់ភូមាប្រមាណជា ៦ ០០០លានដុល្លារ។ នេះជាសញ្ញាវិជ្ជមានថ្មីមួយទៀតដែលសហគមន៍អន្តរជាតិបានផ្តល់ទៅឲ្យរដ្ឋាភិបាល ស៊ីវិលភូមា។
នៅក្នុងចំណោមប្រាក់បំណុលលុបចោលប្រមាណជា ៦ ០០០លានដុល្លារនោះ ប្រទេសជប៉ុនតែមួយបានសម្រេចលុបចោលចំនួន ៣ ០០០លានដុល្លារ និងប្រទេសន័រវែសចំនួន ៥៣៤លានដុល្លារ។ រីឯបំណុលសេសសល់ដែលភូមានៅជំពាក់ជប៉ុន និងន័រវែសនឹងត្រូវពន្យារពេលសងរយៈពេល ១៥ឆ្នំា។ យោងតាមកិច្ច ព្រមព្រៀងដដែល ប្រទេសម្ចាស់បំណុលផ្សេងទៀតនឹងត្រូវប្រកាសពីការលប់ ចោលបំណុលរបស់ ខ្លួននៅក្នុងរយៈពេល ៦ខែខាងមុខ។ លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុភូមា វីន ស្ហេនបានបញ្ជាក់ថា កាយវិការរបស់ក្លិបប៉ារីស គឺជាការបើកសករាជថ្មីមួយដែលភូមាសន្យាធ្វើសហប្រតិបត្តិការ ពេញទំហឹងជាមួយគ្រប់ប្រទេសសមាជិកនៃក្លិបប៉ារីស។ ប្រទេសសមាជិកក្លិបប៉ារីសរួមមានសហ រដ្ឋអាមេរិក ជប៉ុន និងប្រទេសអឺរ៉ុបមួយចំនួនធំ។
ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលភូមាក៏បានទូទាត់បញ្ជីសេសសល់ជាមួយធនា គារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីក្នុងទឹកប្រាក់សរុប ៩០០លានដុល្លារ តាមរយៈប្រាក់កម្ចីបន្តរបស់ប្រទេសជប៉ុន។ ទង្វើនេះបានជួយសម្រួល និងអនុញ្ញាតឲ្យភូមាអាចវិលត្រលប់មកទទួលជំនួយអន្តរជាតិជាថ្មីដែល ប្រទេសក្រីក្រមួយនេះបានអាក់ខានអស់រយៈពេលជាយូរឆ្នំាមកហើយ។ យ៉ាងណាក៏ដោយ លោក ស្រី Annette Dixon នាយិកានៃធនាគារពិភពលោកប្រចំាភូមាបានគូសបញ្ជាក់ថា មានកិច្ចការជាច្រើនដែលភូមាត្រូវបន្តធ្វើនៅក្នុងកំណែទម្រង់វិស័យ សេដ្ឋកិច្ចរបស់ខ្លួន។
នៅលើវិស័យសេដ្ឋកិច្ច សភាបានអនុម័តច្បាប់មួយស្តីពីវិនិយោគបរទេស និងកំពុងពិនិត្យមើលលើច្បាប់មួយទៀតស្តីពីការធានាឯករាជភាពរបស់ ធនាគារ កណ្តាល។ កាលពី ១០ថ្ងៃមុននេះ រដ្ឋាភិបាលទីក្រុងណៃពីដ៏បានទទួលជួបក្រុមប្រទេសអ្នកផ្តល់ជំនួយ។ ក្នុងឱកាសនោះ រដ្ឋាភិបាលបានបង្ហាញជូននូវឯកសារមួយស្តីពីជម្រើសជាយុទ្ធសាស្រ្ត របស់រដ្ឋាភិបាលនៅឆ្នំាខាងមុខ ព្រមទំាងកិច្ចសន្យាស្តីពីអភិបាលកិច្ចល្អ និងយុទ្ធនាការប្រយុទ្ធប្រឆំាងនឹងអំពើពុករលួយ។ យោងតាមឯកសារនោះដដែល រដ្ឋាភិបាលក៏បានបង្ហាញអំពីកំណើនសេដ្ឋកិច្ចទទួលបាន ៥,៥% ពីខែមីនា ឆ្នំា ២០១១ ដល់ខែមេសាឆ្នំា ២០១២ ព្រមទំាងការព្យាករណ៍សម្រាប់ឆ្នំា ២០១២-២០១៣ ចំនួន ៦,២៥% ផងដែរ។
គួរជម្រាបជូនថា រដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតីថេន សេនបានធ្វើឲ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លំាង តាមរយៈកម្មវិធីកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចដ៏ស្វាហាប់របស់ខ្លួន។ ទន្ទឹមគ្នានេះ និងក្រៅពីការបោះឆ្នោតសភាដែលអនុញ្ញាតឲ្យលោកស្រីអ៊ុង សានស៊ូជីបានទទួលកៅអីតំណាងរាស្រ្តនោះ លោកថេន សេនក៏បានសម្រេចដោះលែងអ្នកទោសនយោបាយមួយចំនួន។ គឺកាយវិការទំាងអស់នេះហើយដែលបានជម្រុញឲ្យក្រុមប្រទេសលោកខាងលិចលើកទ័ណ្ឌកម្មឬមួយក៏ព្យួរទ័ណ្ឌកម្មមួយចំនួន ពិសេស គឺដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកអូបាម៉ាកាលពី ដំណាច់ឆ្នំា ២០១២៕ដោយ គួច គន្ធារ៉ា (RFI)