បន្ទាប់ពីបញ្ចប់ទស្សនកិច្ចចំនួន២០០ប្រទេស បុរសម្នាក់បញ្ចប់ដំណើរជុំវិញពិភពលោកនៅស៊ូដង់ខាងត្បូង
បុរសជនជាតិអង់គ្លេស ឈ្មោះ ហ្គ្រាហាម ហ៊ូហ្គេស (Graham Hughes) និយាយថា លោកបានបំបែកឯតទគ្គៈពិភពលោក ដោយបានធ្វើដំណើរទៅកាន់គ្រប់រដ្ឋអធិបតេយ្យ នៅក្នុងពិភពលោក ដោយមិនជិះយន្តហោះ។ Hannah McNeish នៃវីអូអេ បានរកឃើញរូបលោក ខណៈដែលលោកបានចូលទៅក្នុងប្រទេសស៊ូដង់ខាងត្បូង(South Sudan) ដែលជាប្រទេសថ្មីបំផុតរបស់ពិភពលោក និងជាប្រទេសចុងក្រោមបំផុតនៅក្នុងបញ្ជីរបស់លោក ហ៊ូហ្គេស។
ដោយគ្រវីលិខិតឆ្លងដែន ដែលពោរពេញទៅដោយទិដ្ឋាការ ទាំងអស់ ដែលលោកបានប្រមូល ខណៈដែលលោកបានធ្វើអ្វីដែលលោកហៅថាជា «ដំណើរផ្សងព្រេង» លោក ហ្គ្រាហាម ហ៊ូហ្គេស បានអបអរសាទរឯតទគ្គៈ ដែលលោកប្រកាសដោយខ្លួនឯង ក្នុងនាមជាមនុស្សដំបូងបង្អស់ ដែលបានធ្វើដំណើរទៅកាន់រដ្ឋអធិបតេយ្យចំនួន២០១។
ជនជាតិអង់គ្លេសវ័យ៣៣ឆ្នាំរូបនេះ ដែលមកពីទីក្រុង លីវើភូល (Liverpool) បានធ្វើដំណើរនៅលើផ្លូវអស់រយៈពេលជិតបួនឆ្នាំ។ ជាការគួរឲ្យកត់សម្គាល់ លោក បានធ្វើដំណើរតាមផ្លូវគោក និងផ្លូវសមុទ្រតែប៉ុណ្ណោះ។
«ថ្ងៃនេះគឺជាថ្ងៃទី១៤២៦ នៃបេសកកម្មដំណើរផ្សងព្រេង ដែលជាការប៉ុនប៉ងនៅ ក្នុងការបំបែកឯតទគ្គៈពិភពលោករបស់ខ្ញុំ ដែលនឹងក្លាយទៅជាមនុស្សដំបូងបំផុត ដែលបានធ្វើដំណើរទស្សនកិច្ចទៅគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក ដោយមិនជិះយន្តហោះ»។
ដោយប្រើថវិកាយ៉ាងតិចតួចបំផុត ដែលផ្តល់ឱ្យដោយការបរិច្ចាគពីក្រុមគ្រួសារនិងមិត្តភក្តិ លោកថ្លែងថា លោកបានសុំដោយសារឡានគេជិះ ស្នាក់ នៅតាមផ្ទះប្រជាពលរដ្ឋនិងហូបតែអាហារតាមតំបន់នៅក្នុងដំណើររបស់ លោក។
ដោយពាក់មួករបៀបអ្នកឃ្វាលគោ និងមានស្បោងតូចៗចំនួនបីដែលដាច់រហែករយ៉ៃ លោក ហ៊ូហ្គេស បាននិយាយថា នៅពេលលោកបានប្រកាសពីផែនការរបស់លោកកាលពីដំបូង គ្មាននរណាម្នាក់ជឿថាលោកនឹងអាចធ្វើដំណើរបានឆ្ងាយបែបនេះទេ។
«មនុស្សភាគច្រើនបានគិតថា ខ្ញុំដូចជាមនុស្សឆ្កួត។ មនុស្សជាច្រើនបានគិតថា វាមិនអាចទៅរួចទេ។ មនុស្សជាច្រើនបានគិតថា វាមិនអាចធ្វើទៅបានទេ។ សំណួរជាច្រើនពាក់ព័ន្ធនឹងបញ្ហាថាតើ អ្នកនឹងទៅកាន់ប្រទេស អាហ្វកានីស្ថាន (Afghanistan) យ៉ាងដូចម្តេច ថាតើអ្នកនឹងទៅកាន់ប្រទេស អ៊ីរ៉ាក់ (Iraq) ឬប្រទេស សូម៉ាលី (Somali) យ៉ាងដូចម្តេច។ និយាយតាមត្រង់ទៅ ប្រទេសទាំងអស់នោះ គឺជាប្រទេសដែលងាយស្រួលចូលទៅវិញទេ»។
លោកបាននិយាយថា ក្រុមមន្ត្រីនៅតាមព្រំដែន ទួកគី (Turkey) បានលើកលែងលក្ខខណ្ឌសុំទិដ្ឋាការ និងអនុញ្ញាតឲ្យលោកចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ រយៈពេល១០ថ្ងៃ។
ដំណើរនេះបានចូលទៅដល់កោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានដូចជាកោះ សៅថម (Sao Tome) និង នូរុ (Nauru) ដែលជារឿយៗ ត្រូវជិះតាមកប៉ាល់ដឹកទំនិញមួយ ដែលធ្វើដំណើរតែម្តងក្នុងមួយខែតែប៉ុណ្ណោះ ដែលបង្ហាញអំពីការលំបាកបំផុត។ ប៉ុន្តែ លោក ហ៊ូហ្គេស បានដាក់បទបញ្ញតិលើខ្លួនឯងថា លោកត្រូវតែដាក់ជើងនៅលើដីគោក នៅក្នុងគ្រប់ប្រទេសទាំងអស់ ដើម្បីបញ្ចប់ភារកិច្ចរបស់លោក។
ចំណុចសំខាន់ៗរាប់បញ្ចូលទាំងការទស្សនាការបាញ់បង្ហោះយានអវកាសចុង ក្រោយនៅសហរដ្ឋអាមេរិក និងការធ្វើដំណើរជុំវិញទ្វីបអាហ្វ្រិក។ ចំណុចមិនជាទី សោមនស្ស រាប់បញ្ចូលទាំងការជាប់ឃុំឃាំង រយៈពេល៦ថ្ងៃនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(Democratic Republic of Congo) ពីបទសង្ស័យថាជាចារកិច្ច។ លោកក៏ត្រូវជាប់ឃុំឃាំងផងដែរនៅក្នុងប្រទេស ខេបវើដេ (Cape Verde)។
ប៉ុន្តែ លោក ហ៊ូហ្គេស មាននិយាយថា វាគឺជាប្រជាពលរដ្ឋ មិនមែនជាទីកន្លែងទេ ដែលស្ថិតនៅក្នុងអាទិភាពនៃបញ្ជីរបស់លោក។
«ការគូសបញ្ជាក់ដ៏សំខាន់ ដែលខ្ញុំត្រូវនិយាយនៅក្នុងដំណើរនេះ សម្រាប់ខ្ញុំ គឺជាការបញ្ជាក់ឡើងវិញពីជំនឿរបស់ខ្ញុំទៅលើមនុស្សជាតិ និងការពិតដែលថា ប្រជាពលរដ្ឋដែលខ្ញុំបានជួបនៅតាមផ្លូវ មានភាពរួសរាយនិងរាក់ទាក់យ៉ាងខ្លាំង»។
ចំណុចដ៏យ៉ាប់យឺនបំផុតរបស់លោក គឺការជិះយន្តហោះមកផ្ទះវិញកាលពីឆ្នាំមុន បន្ទាប់ពីបានដឹងថា ប្អូនស្រីរបស់លោកមានជម្ងឺដែលមិនអាចព្យាបាលជាសះស្បើយ និងការបន្តដំណើរទៀត បន្ទាប់ពីនាងបានទទួលមរណភាព ហើយក្រោយមក គឺការបែកគ្នាជាមួយមិត្តស្រីដែលមានទំនាក់ទំនងអស់រយៈពេល១០ឆ្នាំ មក ហើយ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោក ហ៊ូហ្គេស បានបំបែកឯតទគ្គៈពិភពលោក នៅឆ្នាំដំបូងក្នុងដំណើរទស្សនកិច្ចរបស់លោក ដោយបានទៅទស្សនាប្រទេសចំនួន១៣៣។ បន្ទាប់ មកលោកបានបញ្ចប់ដំណើរនៅកាន់រដ្ឋ ដែលជាសមាជិករបស់អង្គការសហ ប្រជាជាតិទាំងអស់ចំនួន១៩៣ ព្រមទាំងកន្លែងផ្សេងៗទៀតដូចជា ប៉ាឡេស្ទីន (Palestine) កូសូវ៉ូ (Kosovo) និងតៃវ៉ាន់ (Taiwan) ដែលត្រូវបានចាត់ទុកជាទូទៅថាជារដ្ឋអធិបតេយ្យទោះបីជាគ្មានការ ទទួលស្គាល់ជាផ្លូវការក៏ដោយ។
នៅថ្ងៃណាមួយ លោក ហ៊ូហ្គេស ចង់រស់នៅក្នុងទីក្រុង លីវើភូល។ ប៉ុន្តែ សម្រាប់ពេលឥឡូវនេះ លោកមិនទាន់ត្រៀមខ្លួនដើម្បីព្យួរមួកធ្វើដំណើររបស់លោកនៅឡើយទេ ចំពោះអ្វីដែលលោកនិយាយថា បានក្លាយជាការងារដ៏ប្រសើរបំផុតនៅក្នុងពិភពលោក៕ប្រែសម្រួលដោយ លី សុខឃាង (VOA)