រុស្ស៊ី​ចាប់​ផ្តើម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ ចេញ​ពី​ប្រទេស​​ស៊ីរី​

គឺ​ថ្ងៃ​អង្គារ​នេះ ដែល​យន្តហោះ​ស៊ីវិល​២​គ្រឿង នៃ​“​ក្រសួង​រុស្ស៊ី​ខាង​ស្ថាន ការណ៍​អាសន្ន​” ស្រប​តាម​ការ​ផ្ទុក​ផ្តាក់​ របស់​ថ្នាក់​ដឹក​នាំ​រុស្ស៊ី​ ហោះ​ចេញ​ពី​ក្រុង​ម៉ូស្គូ ទៅ​ដឹក​​មក​កាន់ មាតុ​ប្រទេស​វិញ ជន​រួមឈាម​ណា​ដែល​ចង់​ចាក​ចេញ​ពី​ស៊ីរី ជា​ទី​ដែល​ភ្លើង​សង្គ្រាម​ឆាប​ឆេះ អស់​ជិត​២​ឆ្នាំ​ហើយ។ ពលរដ្ឋ​រុស្ស៊ី ដែល​ចង់​ចាក​ចេញ​បែប​នេះ ឥឡូវ​មាន​ប្រមាណ ១៥០នាក់។

ជា​បឋម​ គួរ​និយាយ​ថា​ យន្តហោះ​២​គ្រឿង​នោះ​ ហោះ​មិន​មែន​ទៅ​កាន់​ ប្រទេស​ស៊ីរី​ ផ្ទាល់​ឡើយ​ តែ​គឺ​ទៅ​កាន់​ក្រុង​ Beyrouth​ រដ្ឋ​ធានី​ Liban នៅ​ជិត​ខាង ជា​ទី​ដែល​មាន​ជនជាតិ​រុស្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​នោះ ក្រោយពី​ចាក​ចេញ​ពី​ស៊ីរី កំពុង​នៅ​រង់​ចាំ​ស្រាប់។ យន្តហោះ​រុស្ស៊ី​២​គ្រឿង​នោះ គឺ​មួយ​ជា​យន្តហោះ​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ម៉ាក IL-76 សម្រាប់​ដឹក​ឥវ៉ាន់​របស់​គេ និង​មួយ​ទៀត គឺ​ម៉ាក Yak-42 សម្រាប់​ដឹក​អ្នក​ដំណើរ​ផ្ទាល់។ តាម​សំដី​អ្នក​នាំ​ពាក្យ​ផ្លូវការ​នៃ “​ក្រសួង​រុស្ស៊ី​ខាង​ស្ថានការណ៍​អាសន្ន​” លោកស្រី Irina Rossius ក្នុង​ថ្ងៃ​អង្គារ​នេះ ត្រូវ​ដឹក​ចេញ​មក គឺ​ចំនួន​ ប្រហែល​១០០​នាក់។ អ្នក​ទាំងនេះ ភាគ​ច្រើន​ជា​ស្ត្រី​ជាតិ​រុស្ស៊ី ដែល​មាន​ប្តី​ជាតិ​ស៊ីរី និង​កូនៗ​របស់​គេ។

គ្មាន​ទេ​តួលេខ​ពិត​ប្រាកដ អំពី​ចំនួន​ជាតិ​រុស្ស៊ី​ដែល​រស់​នៅ​ស៊ីរី។ តាម​តួលេខ​ស្ថាន​កុងស៊ុល​រុស្ស៊ី​ នៅ​ស៊ីរី មាន​ពលរដ្ឋ​រុស្ស៊ី​ប្រមាណ​ ៥.០០០​នាក់ ដែល​បាន​ចុះ​បញ្ជី​នៅ​ទី​នោះ។
តាម​ទិន្នន័យ​ផ្សេង ចំនួន​អ្នក​ដែល​ចង់​ចាកចេញ​ពី​ស៊ីរី ហើយ​អាច​សង្ឃឹម​លើ​ជំនួយ ពី​ខាង​អាជ្ញាធរ​រុស្ស៊ី គឺ​មាន​ច្រើន​ជាងនេះ​ឆ្ងាយ ដល់​រាប់​ម៉ឺន​នាក់ រឺ​ដល់ ១​សែន​នាក់​ឯ​ណោះ ក្នុង​នោះ មាន​ជា​អាទ៏ គឺ​គ្រួសារ​ស៊ីរី ដែល​កាន់​ Passeport ជា​ពលរដ្ឋ​សហព័ន្ធ​រុស្ស៊ី​ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ ពេល​ថ្មីៗ​ តំណាង​របស់​ភាគី​ប្រឆាំង​មួយ​នៅ​ស៊ីរី ដែល​បាន​មក​ធ្វើ​កិច្ច​ចរចា នៅ​ម៉ូស្គូ គឺ​លោក Mahmud Hamza បាន​ថ្លែង​ទៅ BBC ថា សព្វ​ថ្ងៃ​វត្តមាន​ប្រចាំ​នៅ​ស៊ីរី ក៏​​មាន​ទាំង​ពួក​អ្នក​ឯកទេស​យោធា​រុស្ស៊ី​ផង ទោះ​បី​រឿង​នេះ​ ឥត​មាន​ប្រកាស​ជា​ផ្លូវការ​ក្តី។ តាម​សំដី​គាត់ អ្នក​ស្រុក​នៅ​ស៊ីរី ជា​ទូទៅ​តែង​ដឹង​ថា ក្នុង​រដ្ឋធានី​ដាម៉ាស មាន​អគារ​ធំៗ ផ្ទះ​ធំៗ ទុក​សម្រាប់​ការ​ស្នាក់​នៅ នៃ​ពួក​អ្នក​ឯកទេស​យោធា។

អាជ្ញាធរ​រុស្ស៊ី​ផ្ទាល់ មិន​សូវ​ចូលចិត្ត​និយាយ​ទេ អំពី​រឿង​ជម្លៀស​ពលរដ្ឋ​រុស្ស៊ី​ចេញ​ពី​ស៊ីរី។ ឧទាហរណ៍ អ្នក​នាំ​ពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក Alexandre Loukachevitch ចាត់​ទុក​រឿង​នេះ​ជា​បញ្ហា​រសើប​ក្រៃ មក​ពី​មូលហេតុ​ដែល​ងាយ​យល់​ទេ​តើ”។

ប៉ុន្តែ អ្នក​ការទូត​រុស្ស៊ី​នេះ​បញ្ជាក់​ថា “ផែនការ​សម្រាប់​ជម្លៀស​នោះ គឺ​មាន​គ្រោង​ទុក​មែន។ សម្រាប់​រុស្ស៊ី គឺ​ត្រូវ​តែ​ត្រៀម​ខ្លួន​ជានិច្ច ចំពោះ Scenario ណា​ក៏​ដោយ ដែល​អាច​កើត​ឡើង បណ្តាល​មក​ពី​ស្ថានការណ៍​នៅ​ស៊ីរី ចេះ​តែ​ស្រុត​ចុះ​អាក្រក់​ទៅ”៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close