អតីតមន្រ្តីទូតអាមេរិកនិងប្រធានក្រុមហ៊ុន Google បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង
អតីត មន្រ្តីការទូតអាមេរិក គឺលោក Bill Richardson និងប្រធានក្រុមហ៊ុន Google គឺលោក Eric Schmidt បានបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងហើយ នៅ ថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែ ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសនេះបានបញ្ចប់ទៅ ដោយមិនបានទទួលជោគជ័យ ក្នុងការជួយដោះលែងពលរដ្ឋអាមេរិក ដែលកំពុងជាប់ឃុំ នៅក្នុងប្រទេសកូរ៉េខាងជើងនេះទេ។
នៅ មុនពេលធ្វើដំណើរទៅកូរ៉េខាងជើង លោក Bill Richardson អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប. និងជាអតីតអភិបាលរដ្ឋ New Mexico បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក និងប្រធានក្រុមហ៊ុន Google ទៅកូរ៉េខាងជើង គឺធ្វើឡើងក្នុងលក្ខណៈជាឯកជន និងក្នុងគោលដៅមនុស្សធម៌សុទ្ធសាធ។ ការថ្លែងបែបនេះ ធ្វើឲ្យគេសន្និដ្ឋានថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វះស្វែងរកការដោះលែង ពលរដ្ឋអាមេរិក ដើមកំណើតកូរ៉េម្នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងប្រទេសកូរ៉េខាងជើង។
កាលពីពេលកន្លងមក គេធ្លាប់ឃើញថា ពលរដ្ឋអាមេរិក ដែលជាប់ឃុំនៅកូរ៉េខាងជើង ត្រូវបានគេដោះលែងមកវិញ នៅពេលមានដំណើរទស្សនកិច្ចរបស់ឥស្សរជនអាមេរិក ដូចជា លោកអតីតប្រធានាធិបតី ប៊ីល គ្លីនតុន ជាដើម។
ក៏ប៉ុន្តែ នៅថ្ងៃព្រហស្បតិ៍នេះ លោក Bill Richardson និងលោក Eric Schmidt បានវិលត្រឡប់ពីកូរ៉េខាងជើងមកវិញ ដោយដៃទទេ ហើយពលរដ្ឋអាមេរិក ដែលកូរ៉េខាងជើងចាប់ឃុំខ្លួន តាំងពីខែវិច្ឆិកាមកនោះ នៅតែបន្តជាប់ឃុំដដែល។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះក្រុងប៉េកាំង ក្រោយពីវិលត្រឡប់ពីកូរ៉េខាងជើង លោក Bill Richardson បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនេះ លោកមិនបានចូលជួបពលរដ្ឋអាមេរិក ដែលកំពុងជាប់ឃុំ នៅក្នុងប្រទេសកូរ៉េខាងជើងផងទេ គឺបានត្រឹមតែទទួលការធានាអះអាងពីអាជ្ញាធរក្រុងព្យុងយ៉ាងថា ពលរដ្ឋអាមេរិករូបនេះមានស្ថានភាពសុខភាពល្អជាធម្មតាតែប៉ុណ្ណោះ។ ម្យ៉ាងទៀត លោកក៏មិនបានចូលជួបលោកគីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើងដែរ គឺបានជួបត្រឹមតែមន្រ្តីថ្នាក់ក្រោមតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោក Bill Richardson បានអះអាងថា ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង គឺជាជោគជ័យដ៏សំខាន់មួយ។ ជោគជ័យពីព្រោះលោកមានឱកាស អំពាវនាវដល់របបដឹកនាំក្រុងព្យុងយ៉ាងឲ្យផ្អាករាល់ការសាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ ចំណែកប្រធានក្រុមហ៊ុន Google វិញ មានឱកាសអំពាវនាវឲ្យមេដឹកនាំកូរ៉េខាងជើងបើកសិទ្ធិសេរីភាពដល់ ប្រជាជន ក្នុងការប្រើប្រាស់បណ្តាញអ៊ីនធ័រនែត។
គួរបញ្ជាក់ថា កន្លងមក លោក Bill Richardson ធ្លាប់ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាច្រើនលើករួចមកហើយ។ ផ្ទុយទៅវិញ នេះគឺជាលើកទី១ ដែលប្រធានក្រុមហ៊ុន Google ធ្វើដំណើរទៅកូរ៉េខាងជើង។ ដំណើរទស្សនកិច្ច ដែលនាំឲ្យមានការរិះគន់ និងមានការចោទជាសំណួរថា តើលោក Eric Schmidt ដែលតែងតែតាំងខ្លួនជាអ្នកការពារសិទ្ធិសេរីភាពក្នុងការប្រើប្រព័ន្ធ អ៊ីនធ័រនែត ទៅធ្វើអ្វី នៅប្រទេស ដែលបំបិទសិទ្ធិសេរីភាពអ៊ីនធ័រនែតជាងគេបំផុតនៅលើពិភពលោក ដូចជាកូរ៉េខាងជើងនេះ?ដោយ សេង ឌីណា (RFI)