ផែនការសន្តិភាពរបស់លោកអាសាដត្រូវបក្សប្រឆាំងច្រានចោលនិងត្រូវលោកខាងលិចទិតៀន
ប្រធានាធិបតីស៊ីរីលោកBachar el-Assad ទើបបានស្នើ”ផែនការនយោបាយ”មួយនៅថ្ងៃអាទិត្យទី៦មករាដែល តម្រូវទុកលោកនៅកាន់កាប់អំណាចដដែល។ ផែន ការនយោបាយនេះ ត្រូវបានបក្សប្រឆាំង ច្រានចោលជាបន្ទាន់។ លោកខាងលិចវិញដែលមានសហរដ្ឋអាមេរិកអង់គ្លេសនិងសហភាពអឺរ៉ុបក៏បានបញ្ចេញប្រតិកម្ម ជាអវិជ្ជមានដែរទៅលើសន្ទរកថារបស់ Bachar el-Assad។
បក្សប្រឆាំងស៊ីរី បានច្រានចោល”ផែនការសន្តិភាព”ដែលស្នើឡើងដោយលោកប្រធានាធិបតីស៊ីរី កាលពីថ្ងៃអាទិត្យម្សិលមិញនិងទាមទារឲ្យលោក Bachar el-Assad ចុះចេញពីការកាន់កាប់អំណាចជានិច្ច មុននឹងរកដំណោះស្រាយណាមួយនៅក្នុងជម្លោះបង្ហូរឈាមគ្នាដែលបាន ហែកហូរប្រទេសស៊ីរីចាប់តាំងពី២១ខែកន្លងមកហើយ។ ក្រុមអ្នកប្រឆាំង ថែមទាំងបានចោទលោក Assad ថាចង់រើសបក្សពួកខ្លួនមកធ្វើជាដៃគូសន្ទនាដើម្បីរិះរកមធ្យោបាយ រក្សាការកាន់កាប់អំណាចរបស់ខ្លួន។
លោក Walid al-Bounni អ្នកនាំពាក្យនៃក្រុមបក្សប្រឆាំង បានអះអាងទៀតថា ក្រុមបក្សប្រឆាំងនៅតែស្វែងរក”ដំណោះស្រាយនយោបាយមួយជានិច្ច”ប៉ុន្តែ គោលដៅរបស់ប្រជាជនស៊ីរីគឺរកដំណោះស្រាយមួយដែលគ្មានរូបលោក Bachar el-Assad។ អ្នកនាំពាក្យរបស់ក្រុមប្រឆាំងបានថ្លែងបន្ថែមទៀតថា « ប្រជាជនស៊ីរី បានបាត់បង់បណ្តាអ្នកតស៊ូដើម្បីបុព្វហេតុនេះជាង ៦ម៉ឺននាកហើយគេក៏ពុំមែនពលីជីវិតដើម្បីចង់រក្សាទុករបបសង្កត់ សង្កិនផ្តាច់ការរបស់លោកអាសាដនេះដែរ។
លោក Bachar el-Assad ដែលនៅតែប្រកាន់ជំហរដ៏រឹងរូសនោះ បានចាត់ទុកថាជម្លោះផ្ទៃក្នុងស៊ីរី ជាម្លោះរវាងមាតុភូមិនឹងក្រុមខ្មាំងសត្រូវដោយបានប្រកាសថា រដ្ឋាភិបាលស៊ីរីនឹងធ្វើការវាយប្រយុទ្ធប្រឆាំងពួកភេរវនិយម ប្រដាប់អាវុធដែលឧបត្ថម្ភហិរញ្ញប្បទានដោយលោកខាងលិច » ហើយលោក ក៏ពុំត្រៀម ខ្លួនដើម្បីធ្វើការចរចាជាមួយដែរ។
ចំណែកក្រុមអ៊ីស្លាមនិយមជ្រុលឈ្មោះ”ក្រុមភាតរបុត្រអ៊ីស្លាមស៊ីរី ដែលជាចលនាប្រឆាំងដ៏សំខាន់នៅក្នុងប្រទេសស៊ីរី បានវាយតម្លៃនៅក្នុងសេចក្តីជូនដំណឹងមួយរបស់ខ្លួនថា »ផែនការ សន្តិភាពរបស់លោកអាសាដ គ្មានន័យអ្វីឡើយ និងចាត់ទុកលោក Bachar el-Assad ថាជា «ជន ឧក្រិដ្ឋសង្គ្រាមដែលនឹងត្រូវទទួលការកាត់ទោស»។
រីឯលោកខាងលិច ក៏បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់គ្នាដែរ ក៏ប៉ុន្តែជាប្រតិកម្មប្រកបដោយអវិជ្ជមាន។ លោក Willam Hague រដ្ឋមន្ត្រីក្រសួងការ បរទេសអង់គ្លេស បានបញ្ចេញប្រតិកម្មមុនគេឆ្លើយតបលោក Bachar el-Assad ដោយផ្សព្វផ្សាយ នូវសារមួយដ៏គួរឲ្យចុកចាប់នៅតាមបណ្តាញសង្គម Twitter ថា”សន្ទរកថារបស់លោក អាសាដ នេះគឺជារឿងមួយហួសពីការលាក់ពុតទៅទៀត។ មនុស្សស្លាប់ អំពើហិង្សា និងការវាយបង្រ្កាបប្រជាជនដែលរីករាលដាលនៅក្នុងប្រទេសគឺជាកំហុសរបស់លោកអាសាដផ្ទាល់។ចំណែក ការសន្យាឥតប្រយោជន៍នានានៃកំណែទម្រង់របស់លោកអាសាដទាំងអស់ នោះ ក៏ពុំអាចបោកបញ្ឆោតអ្នកណាម្នាក់បានឡើយ។
ចំពោះទីក្រុងវ៉ាស៊ីនតោនវិញយល់ឃើញថា គំនិតផ្តួចផ្តើមរបស់លោក Bachar el-Assad គឺពុំបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងឡើយនិងក៏គ្រាន់តែជា ការប៉ុនប៉ងថ្មីមួយទៀតនៃរបបស៊ីរី ដើម្បីការក្តោបកាប់អំណាចរបស់ខ្លួនតែប៉ុណ្ណោះ-នេះបើយោងតាមលោកស្រី Victoria Nuland អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក។
ចុងក្រោយគេ គឺ សហភាពអឺរ៉ុបដែលបានអំពាវនាវជាថ្មីម្តងទៀតឲ្យលោក Bachar el-Assad ចាកចេញពីអំណាចដើម្បីអនុញ្ញាតដល់ការរៀបចំនយោបាយអន្តរកាលមួយនៅ ក្នុងប្រទេសស៊ីរី៕ដោយ នុយ ប៊ែរណាដែត (RFI)