សម្ថកិច្ចបង្ក្រាបមុខសញ្ញាចោរប្លន់ ២នាក់
ភ្នំពេញ៖ កាលពីថ្ងៃទី ៧មករា ២០១៣ វេលាម៉ោង ៣ទៀបភ្លឺ មានករណីបង្ករបួសស្នាម ផ្ទុះអាវុធ និងបាញ់គំរាម១គ្រាប់ បណ្តាលឲ្យបាត់ម៉ូតូ ១គ្រឿង នៅចំណុចផ្លូវ២០០៤ ភូមិត្រពាំងស្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បើតាមការអះអាងរបស់ជនរងគ្រោះឈ្មោះ អ៊ុក សុវណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ដែលមានទីលំនៅនៅភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងមានមុខរបរជាជាងកាត់សក់ បានប្រាប់សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF5489 តែម្នាក់ឯង ត្រឡប់ពីចូលរួមខួបកំណើតមិត្តភក្តិ នៅជិតផ្សារដើមគរ តាមផ្លូវលេខ២៧១ បត់ចូលតាមផ្លូវម៉ៃដា ២០០៤ ពីទិសខាងកើតមកលិច ក្នុងគោលបំណងត្រឡប់មកផ្ទះ នៅភូមិចម្ការឪឡឹក វិញ ប៉ុន្តែខណៈដែលជនរងគ្រោះមកដល់ជញ្ជីងថ្លឹងរថយន្ត ជិតព្រលានយន្តហោះ ភ្នំពេញ ដោយផ្លូវកោង និងមានទួលកាត់ទទឹង ទើបជនរងគ្រោះ បង្អង់ល្បឿនម៉ូតូ ស្រាប់តែមានម៉ូតូជនសង្ស័យ ២គ្រឿង ជិះគ្នា៤នាក់ មកពាំងពីមុខផ្លូវ ពីមុខ១គ្រឿង ពីក្រោយ១គ្រឿង ។
ពេលនោះ ជនសង្ស័យដែលជិះម៉ូតូពាំងពីមុខម្នាក់ ដែលអង្គុយពីក្រោយ បានចុះពីលើម៉ូតូ ដកអាវុធខ្លី អត់ស្គាល់ម៉ាក មកវាយលើជនរងគ្រោះ ចំលើចិញ្ចើមឆ្វេង បែកចេញឈាម និងបាញ់ភ្ជុចដីគំរាម១គ្រាប់ ហើយជនសង្ស័យ ២នាក់ទៀត បានចុះពីលើម៉ូតូ រុញជនរងគ្រោះ ចេញពីម៉ូតូ។ ពេលនោះ ក៏ផ្អើលអ្នកនៅជិតខាង និងទាហានយាមនៅក្បែរនោះ រត់ចេញមកមើល ទើបជនសង្ស័យ២នាក់ រត់គេចខ្លួនបាត់ នៅសល់តែ២នាក់ ត្រូវទាហានឃាត់ខ្លួន បាន ប៉ុន្តែម៉ូតូ ជនរងគ្រោះ ស្រាប់តែបាត់ មិនដឹងអ្នកណាយកឡើយ។
ជនសង្ស័យទាំង២នាក៉ ដែលត្រូវឃាត់ខ្លួនបាន មាន ១. ឈ្មោះ ម៉ុង សាម៉ៃ ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរជានគរបាល ស្នាក់នៅស្ថានីយ៍ប្រេងឥន្ធនៈតូតាល់(ឧកញ៉ា ដួង ងៀប), ១. ឃីម សោភ័ណ្ឌ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅនៅភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានមុខរបរជានគរបាល រីឯជនសង្ស័យ២នាក់ ទៀត ដែលបានរត់គេចខ្លួនបាត់៕