ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនឹងត្រូវចំណាយប្រហែល ២១លានដុល្លារ
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹក ថ្ងៃទី០៤ ខែមករា ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា ថវិកាសំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ត្រូវចំណាយប្រហែល ២១ លានដុល្លារ ហើយនៅក្នុងនោះ ម្នាក់ៗ ត្រូវចំណាយជាង ២ ដុល្លារ។
ឯកឧត្ដម បានបន្តថា “ថវិកាសំរាប់ការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០១៣ នេះ បូកទាំងការចុះឈ្មោះបោះឆ្នោតផង យើងត្រូវចំណាយប្រហែល ២១ លានដុល្លារ ហើយសំរាប់ម្នាក់ៗ អាចថា ប្រហែលត្រូវចំណាយជាង ២ ដុល្លារ ក្នុងម្នាក់ៗ ហើយយើងគុណនឹងចំនួនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតទៅនឹងឃើញចំនួនថវិកាទាំងមូលហើយ។
ឯកឧត្ដម ក៏បានបញ្ជាក់ផងដែរថា កាលពីឆ្នាំការបោះឆ្នោត ឆ្នាំ២០០៨ ចំណាយប្រហែលជិត ១៧ លានដុល្លារ ដូច្នេះ ការចំណាយនាពេលនេះ មានចំនួនលើសពីមុនដោយសារអ្នកបោះឆ្នោតកាលនោះ មានប្រមាណ ៨ លាននាក់ ប៉ុណ្ណោះ ហើយការចំណាយក្នុងម្នាក់ៗ ប្រហែលជា ២ ដុល្លារ ដូចគ្នា។
ចំពោះប្រភពថវិកា រាជរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវធានាលើការចំណាយទាំងអស់នេះ តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានអំពាវនាវទៅដល់ប្រទេសជាមិត្ត និងអង្គការក្រៅរដ្ឋាភិបាលអន្តជាតិ ដែលធ្លាប់សហការ និងឧបត្ថម្ភដល់ការបោះឆ្នោតកន្លងមកឲ្យជួយ ហើយក្នុងករណីដែលគាត់ផ្តល់ថវិការមកឲ្យ គ.ជ.ប នៅក្នុងគំរោងណាមួយ គ.ជ.ប នឹងកាត់បន្ថយថវិការបស់រាជរដ្ឋាភិបាលវិញ ដូច្នេះ បញ្ហាថវិកាទាំងអស់រដ្ឋាភិបាលជាអ្នកធានា៕