ព្រុយត្រីឆ្លាមរាប់ម៉ឺនដាក់ហាលលើដំបូលរោងចក្រនៅហុងកុង
នៅហុងកុង សមាគមការពារបរិដ្ឋានជាច្រើន បានបរិហារ និងរិះគន់ជាថ្មីម្តងទៀតនូវការនេសាទត្រីឆ្លាម ដោយសារគេបានរកឃើញ ព្រុយត្រីឆ្លាមរាប់ម៉ឺនដាក់ហាលលើដំបូលរោងចក្រមួយ កន្លែង នៅហុងកុង។ ទីផ្សារហុងកុង ជាទីផ្សារមួយ នាំមុខគេក្នុងការកាត់ព្រុយត្រីឆ្លាមយកមកធ្វើជាម្ហូបអាហារ និងនាំចេញទៅប្រទេសចិន។ ត្រីឆ្លាម ជាប្រភេទត្រីជិតផុតពូជនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ ការនេសាទត្រីឆ្លាម ដើម្បីកាត់យកព្រុយ បង្កអោយបាត់បង់ត្រីឆ្លាម ៧៣ លានក្បាល ពីធនធានសមុទ្រ។
សមាគមអន្តរជាតិការពារធនធានសមុទ្រ Gary Stokes បានរកឃើញ នៅពេលថ្មីៗនេះ នូវព្រុយត្រីឆ្លាមពី ១៥០០០ ទៅ ២០ ០០០ ដាក់ហាលលើដំបូលរោងចក្រមួយកន្លែង នៅហុងកុង។ ក្រុមអ្នកប្រឆាំងនឹងការនេសាទត្រីឆ្លាម បានរិះគន់ អំពីទង្វើដ៏ឃោរឃៅ ក្នុងការនេសាទត្រីឆ្លាម ដោយសារតែ ពេលនេសាទបានត្រីឆ្លាមមកគេកាត់យកត្រឹមតែព្រុយរបស់ត្រីតែប៉ុណ្ណោះហើយគេបោះវាចោលទាំងនៅ រស់រវើក ចូលទៅក្នុងទឹកសមុទ្រវិញ។
នៅហុងកុង ព្រុយត្រីឆ្លាមត្រូវបានគេយកទៅធ្វើជាម្ហូបអាហារ ក្នុងពិធីបុណ្យទាននានា ជាពិសេសនៅពេលដែលបុណ្យចូលឆ្នាំ ប្រពៃណីជាតិចិនជិតមកដល់។ អ្នកនិយមបរិភោគ ចាត់ទុកអាហារ ធ្វើពីព្រុយត្រីឆ្លាមជាអាហារពិសេសបំផុត។
នៅចំពោះមុខការបរិហាររិះគន់ លើអំពើព្រៃផ្សៃក្នុងការនេសាទត្រីឆ្លាម ក្រុមអ្នកផ្គត់ផ្គង់ព្រុយត្រីឆ្លាម បានព្យាយាមគេចវេះចេញ អំពីការប្រមើលមើលរបស់សាធា រណជន ។ ថ្វីដ្បិតតែការផ្គត់ផ្គង់ព្រុយត្រីឆ្លាមនៅហុងកុងមានការធ្លាក់ចុះ ប៉ុន្តែ នៅឯផ្នែកខាងចិនឯណោះវិញ តំរូវការព្រុយត្រីឆ្លាមបានកើនឡើង។
ត្រីឆ្លាមជាប្រភេទត្រីមួយ ដែលជិតបាត់បង់ផុតពូជនៅលើពិភពលោក។ ខុសប្លែកពីប្រភេទត្រីផ្សេងទៀត ពូជត្រីឆ្លាមជាពូជមួយពិបាកនឹងរក្សានូវភាពគង់វង្សបាន យូរអង្វែងដោយសារតែត្រីនេះចាប់ពេញវ័យដើម្បីធ្វើការបន្តពូជបាន នៅពេល ដែល មានអាយុជាង ១០ឆ្នាំឡើងទៅ ហើយក្នុងការបង្កកំណើតទៀតសោត ត្រីឆ្លាមបង្កើតកូនត្រីបានតិចតួច មិនដូចជាត្រីដទៃទៀតនោះទេ។ ជារៀងរាល់ឆ្នាំ ត្រីឆ្លាម ៧៣ លានក្បាល បានបាត់បង់ពីធនធានសមុទ្រ ព្រោះតែការនេសាទ៕ ដោយ ព្រំ សឿន សូលីណា (RFI)