អាកាសយានដ្ឋានអន្តរជាតិស៊ីរី នៅក្រុងអាលិពបិទលែងដំណើរការ
នៅប្រទេសស៊ីរី អាកាសយានដ្ឋានអន្តរជាតិស៊ីរី នៅក្រុងអាលិព ស្ថិតនៅភាគពាយព្យប្រទេសត្រូវបិទលែងអោយដំណើរការហោះហើរ។ យោងតាមក្រុម សង្កេត ការសិទ្ធិមនុស្សរបស់ស៊ីរី អាកាសយាន្តដ្ឋាន លែងមានដំណើរការ តាំងពីថ្ងៃអាទិត្យមកម្ល៉េះ បន្ទាប់ពីមានការផ្ទុះគ្រាប់បែកមួយ ដែលធ្វើឆេះយន្ត ហោះមួយគ្រឿង។ ប៉ុន្តែ អ្នកទទួលខុសត្រូវ អាកាសយាន្តដ្ឋាន អាលិព បានបដិសេធ ដោយប្រាប់ថា ការបិទលែងអោយដំណើរការនេះ ដោយសារតែត្រូវធើ្វការជួសជុល ថែទាំតែប៉ុណ្ណោះ។ អាកាសយានដ្ឋានអន្តរជាតិ ក្រុងអាលិព បានចាត់ទុកជាកន្លែងយុទ្ធសាស្ត្រប្រយុទ្ធ មួយរបស់ពួកឧទ្ទាម ព្រោះគេសង្កេតឃើញថា រដ្ឋាភិបាលស៊ីរី តែងតែប្រើប្រាស់កន្លែងនេះ ដើម្បីបញ្ជូនទ័ពជំនួយ ប្រឆាំងពួកឧទ្ទាម។
ប្រទេសស៊ីរី បានប្រារព្ធឆ្នាំថ្មី ឆ្នាំសកល ២០១៣ ជាមួយនឹងអំពើហិង្សា ដោយនៅបរិវេណទីក្រុងដាម៉ាស កងទ័ពអាកាសរដ្ឋាភិបាល បានបាញ់ប្រហារ កន្លែងការពាររបស់ក្រុមឧទ្ទាម ធ្វើអោយ ស្លាប់ជនស៊ីវិល ៦នាក់។ នៅក្រុងអាលិព ដែលជាក្រុងសំខាន់ទីពីររបស់ ស៊ីរី អាកាសយាន្តដ្ឋានអន្តរជាតិ ត្រូវបានបិទលែងអោយ ដំណើរការ។
ថ្វីដ្បិតតែ អ្នកទទួលខុសត្រូវអាកាសយាន្តដ្ឋាន បានប្រាប់ថា ការបិទនេះ មានរយៈពេលខ្លី ដោយសារតែត្រូវ ធើ្វការជួសជុល ថែទាំក្តី តែបើយោងតាមក្រុមសង្កេតការសិទ្ធិមនុស្សរបស់ស៊ីរី ពួកឧទ្ទាមប្រហែលជាដាក់គ្រាប់បែក កាលពីយប់ថ្ងៃសៅរ៍ ធ្វើអោយឆេះយន្តហោះមួយគ្រឿង នៅទីនោះ ទើបអាកាសយាន្ត ដ្ឋាននេះត្រូវបិទ។
នេះជាលើកទីមួយហើយ ដែលអាកាសយានដ្ឋានអន្តរជាតិស៊ីរី នៅក្រុងអាលិព ត្រូវបិទលែងអោយមានដំណើរការ។ យោងតាមសារព័ត៌មានបារាំង AFP ការសំរេចបិទអាកាសយាន្តដ្ឋាននេះ គឺជាមធ្យោបាយបណ្តោះអាសន្នមួយ ដើម្បីចៀស វៀងមនុស្សស្លាប់ច្រើន ដោយសារតែក្រុមប្រឆាំងបានព្យាយាមបាញ់យន្ត ហោះ ស៊ីវិលនានា ដែលកំពុងហោះហើរ។
អំពើហិង្សា នៅតែបន្តមាននៅក្នុងប្រទេសស៊ីរី ដែលជិតពីរឆ្នាំមកនេះ ជនជាតិស៊ីរី ៤៦០០ពាន់នាក់ បានបាត់បង់ជីវិត។ ស៊ីរី ធ្លាក់ខ្លួនក្នុងវិបត្តិនយោបាយដ៏រ៉ាំរ៉ៃ ពិបាករកដំណោះស្រាយមួយ អោយបានពិតប្រាកដ។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលបានប្រកាស យល់ព្រមដោះស្រាយវិបត្តិ តាមរយៈការចរចា។
ក្នុងដំណោះស្រាយវិបត្តិស៊ីរី បេសកជនរបស់អង្គការសហប្រជាជាតិ លោក ឡាក់ដារ ប្រាហ៊ីមី បានស្នើអោយមាន បទឈប់បាញ់គ្នា មានការបង្កើតរដ្ឋាភិបាលមួយដែលមានសិទ្ធិដាច់មុខ ព្រមទាំងគំរោងរៀបចំអោយមានការបោះឆ្នោតប្រធានាធិបតី រឺក៏ការបោះឆ្នោតសភា។ ប៉ុន្តែសេចក្តីថ្លែងការក្រុង ហ្សឺណែវ មិនបានលើកយកការចាកចេញរបស់ប្រធានាធិបតី អាសាដ ពីអំណាចមកនិយាយឡើយ៕ ដោយ ព្រំ សឿន សូលីណា (RFI)