ទ័ពអាកាសរុស្ស៊ីទើបទទួលបាន យន្តហោះចម្បាំងថ្មី ធុន Sukhoi-34
ដោយបញ្ចប់ឆ្នាំចាស់ ហើយបើកឆ្នាំថ្មី ប៉ុន្មានថ្ងៃនេះ កងទ័ពរុស្ស៊ី បំពាក់ទៅ ដោយសព្វាវុធថ្មីៗបន្ថែមទៀត។ ទន្ទឹមនឹង កងម៉ារីនដែលទើបទទួលបាននាវា មុជ ទឹកស្រករថ្មី ដែលចល័តក្នុងជម្រៅទឹក យ៉ាងស្ងាត់ៗ មិនឲ្យ “ត្រចៀក” Radarនាវាមុជទឹកខ្មាំងឮទៅកើតឥឡូវកងអាកាសរុស្ស៊ីទើបទទួលបានយន្តហោះ ទម្លាក់គ្រាប់បែកប្រភេទថ្មី ធុន Sukhoi-34 ដែលល្បី ខាងសមត្ថភាពប្រយុទ្ធរបស់វា។
យន្តហោះចម្បាំងធុនថ្មី Sukhoi-34 ទើបមានចំនួន១០គ្រឿងប៉ុណ្ណោះ ក្នុងកងអាកាសរុស្ស៊ី។ហើយឥឡូវមាន៥គ្រឿងទៀត ដែលចូលខ្លួនទៅជំនួសយន្ត ហោះទម្លាក់គ្រាប់បែក ស្រករមុន អាធុន Sukhoi-24។
ស្របនឹងយុទ្ធសាស្ត្ររុស្ស៊ីខាងធ្វើទំនើបកម្មកងទ័ព ទៅទល់ឆ្នាំ ២០២០ សព្វា វុធកងទ័ពនេះ ត្រូវមានលក្ខណៈទំនើប ឲ្យបានយ៉ាងហោចណាស់ ៧៥-៨០% ទល់នឹង ៣០% សព្វថ្ងៃនេះ ដ្បិតភាគច្រើន គឺជាសព្វាវុធ ផលិតតាំងពីជំនាន់សូវៀតម៉្លេះ។ ដើម្បីសម្រេចគោលដៅទំនើបកម្មនេះ រដ្ឋរុស្ស៊ី ត្រៀមចំណាយរហូតដល់ ៧០០.០០០លានដុល្លារស.រ.អា.ឯណោះ។
យន្តហោះ Sukhoi-34 ចំនួន ៥ គ្រឿងថ្មីទែង ដែលទើបចូលខ្លួនទៅបំពាក់កងអាកាសរុស្ស៊ី វាបានត្រូវផលិតដោយរោងចក្រនៅក្រុង Novosibirsk ចម្ងាយ ៣.២៤៧គ.ម.ខាងកើត ពីម៉ូស្គូ ហើយបន្ទាប់មក បានរងវិញ្ញាសាល្បងពិសោធន៍ អស់ពេញមួយឆ្នាំទម្រាំវាបានហោះទៅដល់ មូលដ្ឋានឈ្មោះ Baltimor នៃក្រុង Voronesh ជាមូលដ្ឋានមួយ នៃ កងអាកាសរុស្ស៊ីស្ថិតនៅ ចម្ងាយ ៥៣៥គ.ម. អគ្នេយ៍ពីរដ្ឋធានីរុស្ស៊ី។
ទៅទល់ឆ្នាំ២០២០ កងអាកាសរុស្ស៊ី ត្រូវទទួលយន្តហោះទម្លាក់គ្រាប់បែកធុន Sukhoi-34 សរុបទៅចំនួន ១២០គ្រឿង។ វង់ប្រតិបត្តិការរបស់វា គឺសឹង២ដង ឆ្ងាយជាង អាធុន Sukhoi-24 ដោយវាអាចធ្វើការវាយប្រហារ រហូតដល់ចម្ងាយ ៤.០០០គ.ម.ប្រកបដោយល្បឿន ជិត ២.០០០គ.ម.ក្នុង១ម៉ោង។ យន្តហោះនេះ បានចាប់ផ្តើមចូលខ្លួនទៅបម្រើកងអាកាសរុស្ស៊ីទើបក្នុងឆ្នាំ២០១១ទេតើ។ វាត្រូវបក្ស សម្ព័ន្ធ OTAN ឲ្យឈ្មោះវាថា Fullback។ តម្លៃវាលើទីផ្សារ ១គ្រឿងៗ គឺប្រមាណ ៣៣លានដុល្លារអាមេរិក។
ជាការកត់សម្គាល់ក្នុងចំណោមសព្វាវុធដែលរុស្ស៊ីលក់ទៅក្រៅ គឺយន្ត ហោះចម្បាំងតែម្តង ដែលមានអត្រា ដល់ទៅ៥៥%។ ក្នុងនោះ ត្រូវគេនិយមទិញ មែនទែន គឺយន្តហោះធុន Sukhoi។
យ៉ាងណាមិញ យន្តហោះធុន Sukhoi-30 ពេលថ្មីៗ ត្រូវបានទិញដោយឥណ្ឌា ៤២គ្រឿងទៀត បន្ថែមទៅលើ ២៤៣គ្រឿងដែលមានទិញពីមុនទៅហើយ។
រុស្ស៊ី ជាមហាអំណាចកងអាកាស ដោយបច្ចុប្បន្ន មានយន្តហោះចម្បាំងធុនប្លែកៗ ចំនួនដល់ ទៅជាង ៤.០០០គ្រឿង និងយោធាទ័ពអាកាស ១៧០.០០០ នាក់ គឺចាញ់តែស.រ.អា. ប៉ុណ្ណោះ៕ដោយ កែវ ឆាយា (RFI)