សមត្ថកិច្ចចាប់ខ្លួនយុវជនម្នាក់ពីបទចាប់រំលោភមិនបានសំរេច
ភ្នំពេញ៖ កាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី០១ ខែមករា នគរបាលខណ្ឌដង្កោ បានឃាត់ខ្លួន យុវជនម្នាក់ លួចគាស់ទ្វារចូលរំលោភ ស្ត្រីម្នាក់មិនបានសំរេច នៅចំណុចក្នុងផ្ទះជនរងគ្រោះ ឃុំរកាកោង សង្កាត់ព្រៃស ខណ្ឌដង្កោ។
ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ពៅ អាយុ២១ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ អ-ក អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រ។
មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានត្រឡប់មកពីធ្វើការ ហើយរៀបចំខ្លួន ឡើងដេកលើផ្ទះតែម្នាក់ឯង ខណៈនោះជនសង្ស័យឈ្មោះ សុខ ពៅ ឃើញឱកាសល្អ ជនសង្ស័យបានលួចគាស់ទ្វារក្រោយ ក្នុងបំណងចូលទៅរំលោភ ស្ត្រីរងគ្រោះប៉ុន្តែ សំណាងអាក្រក់ ត្រូវជនរងគ្រោះឃើញទាន់ក៏ស្ទុះរត់ចេញក្រៅ ចាក់សោរទ្វារបន្ទប់ ទុកជនសង្ស័យឲ្យនៅក្នុង រួចស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតចំណុចកើតហេតុនាំគ្នាមកជួយ ឃាត់ខ្លួនជនសង្ស័យឲ្យប៉ូលិស។
ជនសង្ស័យបានឆ្លើយសារភាពខ្លួនពិតជាមានបំណងចូលរំលោភស្ត្រីរងគ្រោះ ពិតប្រាកដមែន។ យោងទៅតាមពាក្យបណ្តឹងស្ត្រីរងគ្រោះ និងចម្លើយសារភាពជនសង្ស័យសមត្ថកិច្ចបានកសាងសុំណុំរឿង ឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ៖ ហេង នាង