បុរសម្នាក់ប្រើហិង្សាលើប្រពន្ធត្រូវសម្ថកិច្ចចាប់ញាត់ទ្រុង
ភ្នំពេញ៖ កាលពីវេលាម៉ោង០៤និង៣០នាទី រសៀលថ្ងៃទី១ ខែមករា បុរសម្នាក់មានប្រពន្ធ ដល់ទៅ៣ នាក់ កើតរោគប្រចណ្ឌប្រពន្ធទី២ ចាប់ប្រពន្ធចងស្លាបសេក វាយនិងដំបងឈើ បណ្ដាលឱ្យបាក់កដៃស្ដាំ និងរងរបួស ពេញខ្លួន ស្ងិតនៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុមទី ១៣ ភូមិ រោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះដែលជាប្រពន្ធទី២ មានឈ្មោះ សំ ស៊ីថា អាយុ ៣៣ឆ្នាំ មានកូន ៤នាក់ ក្នុង បន្ទុក មុខរបរធ្វើការបម្រើហាងបារាំង ស្នាក់នៅផ្ទះកើត ហេតុ។ ចំណែកប្ដីដែលបានវាយ ធ្វើទារុណកម្មលើប្រពន្ធមាន ឈ្មោះ ឌឿន យ៉ត អាយុ ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានប្រពន្ធ៣ មានកូន ៥នាក់។
លោក ហែម វទ្ធី នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ភ្នំពេញថ្មី បានឱ្យដឹងថា មុនកើតហេតុ ជនដៃដល់ជាប្ដីបានទៅដល់ផ្ទះ ប្រពន្ធ ទី២ ទាំងកំហឹងដោយសារសេចក្ដីប្រចណ្ឌ ព្រោះ មាន គេប្រាប់ថា ប្រពន្ធទី២ របស់ខ្លួនមានប្រុសថ្មី ក៍ទាញយកកាំបិតប៉័ងតោ ដេញគំរាមកាប់ រួច ចាប់ប្រពន្ធបាន ក៏យកក្រមាចងស្លាបសេកទៅក្រោយ ហើយវាយសំពងបណ្ដាលឱ្យបាក់កដៃ របួសជើងឆ្វេង ហើមជាំលើភ្លៅនិងស្នាមជាំស្ទើរពេញខ្លួន។
ក្រោយបង្កហិង្សាអ្នកជិតខាង បានរាយការណ៍ពីអំពើហិង្សា មួយនេះ ទើបត្រូវនគរបាល ប៉ុស្ដិ៍ ឃាត់ខ្លួនបាន បុរសជាប្ដីយកទៅញាត់ទ្រុង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសា លាដំបូងរាជធានីភ្នំពេញ ដាក់ទោស តាមច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយ ដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ដោយ៖ ហេង នាង