ផ្ទុះធុងហ្គាសក្នុងផ្ទះលក់ហ្គាសបណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ គ្រោះអគ្គិភ័យមួយបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ចេញពី ផ្ទះលក់ហ្គាស ដ៏ធំមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៤១ ខាងលិចផ្សារអូរឬស្សី ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
គ្រោះអគ្គិភ័យនេះបង្កឡើងដោយសារតែ ផ្ទុះធុងហ្គាស នៅក្នុងផ្ទះ ទើបបណ្តាលឲ្យមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ជុំវិញហេតុការណ៍ខាងលើនេះ ប្រជាពលរដ្ឋ ដែលរស់នៅជិតចំណុចកើតហេតុ បានឲ្យដឹងថា មុនមានអគ្គិភ័យឆាបឆេះ គេបានឃើញអ៊ុំស្រីម្នាក់មានឈ្មោះ កែវ លីឆេង អាយុ៥៩ឆ្នាំ ជាម្ចាស់ផ្ទះ បាននៅក្នុងផ្ទះតែម្នាក់ឯង ខណៈនោះ ស្រាប់តែលឺសូរសំលេងផ្ទុះ យ៉ាងខ្លាំង ចេញពីក្នុងបន្ទប់ធុងហ្គាស ដែលដាក់តាំងលក់ ហើយក៏ឃើញមានអណ្តាលភ្លើងឆាបឆេះឡើង។
ភ្លាមៗនោះ ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានសហការ គ្នា អន្តរាគមន៍ដោយយកបំពង់ពន្លត់អគ្គិភ័យតាមផ្ទះនានា និង យកទុយោទឹក មកតជួយបាញ់ពន្លត់អណ្ដាតភ្លើងដែលកំពុងឆាបឆេះ ក្រោយមករថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋានរាជធានីភ្នំពេញ បើកមកដល់ចំណុចកើតហេតុ បាញ់ពន្លត់អណ្ដាតភ្លើងរលត់ទៅវិញ។
គួរបញ្ជាក់ថា មនុស្ស៤នាក់ ដែលជួយអន្តរាគមន៍បាញ់ពន្លត់អណ្ដាតភ្លើងខាងលើ នេះ គឺត្រូវរងរបួសរលាកដៃ រលាកជើង ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទាក់ទិននឹងការខូចខាតនូវទ្រព្យសម្បត្តិនោះ គឺគេមិនទាន់អាចបញ្ជាក់បាននៅឡើយទេ៕
ដោយ៖ ហេង នាង