លោក ស្ហ៊ិនហ្សូ អាបេ វិល​មក​កាន់​តំណែង​​នាយករដ្ឋមន្ត្រី​ជប៉ុន​ជាថ្មី

នៅ​ថ្ងៃពុធ​ទី ២៦ ធ្នូ​នេះ សភា​ជប៉ុន​បាន​បោះឆ្នោត​ជ្រើសរើស​ លោក ស្ហ៊ិន ហ្សូ អាបេ ប្រធាន​គណបក្ស​ សេរី​ប្រជាធិបតេយ្យ ​ ជា​នាយក​រដ្ឋមន្ត្រី​ បន្ទាប់​ពី​គណបក្ស​នេះ បាន​ទទួល​ជោគ​ជ័យ​ក្នុង​សម័យ​បោះឆ្នោត​សភា កាលពី​១០​ថ្ងៃមុន។ ល្បី​ខាង​មាន​និន្នាការ​ជាតិ​និយម​ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ ដែល​កំពុង​ជួប​នឹង​គ្រោះ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ លោក​ អាបេ បាន​យក​បញ្ហា​សេដ្ឋកិច្ច​មក​ធ្វើ​ជា​អាទិភាព​ចំបង​ សម្រាប់​អណត្តិ​នេះ។

ធ្លាប់​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ នៅ​ចន្លោះឆ្នាំ​២០០៦-២០០៧ លោក​ ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) ត្រូវ​បាន​សមាជិក​សភា​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត​ឱ្យ​ដឹកនាំ​រដ្ឋាភិបាល ក្នុង​សំឡេង ៣២៨ លើ​៤៧៨សំឡេង។ ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី បន្ត​ពី​លោក យូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) នៃ​បក្ស​ប្រជាធិបតេយ្យ ដែល​ជា​អ្នកឆ្វេង​​កណ្តាល​និយម​ លោក អាបេ បាន​បិទ​បញ្ចប់​សករាជ​ បី​ឆ្នាំ​ជា​បក្ស​ប្រឆាំង​ និង​នាំ​ជប៉ុន​មក​រកទម្លាប់​ដើម​វិញ ពោល​គឺមាន​គណបក្ស​អភិរក្សនិយម​ ​​គ្រប់​គ្រង​អំណាច​​ជាប់​រហូត ស្ទើរ​គ្មាន​ដាច់​ តាំង​ពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទីពីរ។

ប៉ុន្តែ​ លោក​នាយករដ្ឋមន្ត្រី​ទី៧​របស់​ជប៉ុន ក្នុង​រយៈ​ពេលតែ​​៧​ឆ្នាំ​ចុង​ក្រោយ​នេះ គ្មាន​ជម្រើស​ច្រើន​ទេ ក្នុង​ផ្នែកសេដ្ឋកិច្ច​ ក៏​ដូច​ជា​ការទូត។​ ប្រទេស​ជប៉ុន​កំពុង​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ រងគ្រោះ​បន្ត​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភព លោក ប្រាក់​យេន​ថ្លៃ​ជ្រុល​ហួស​ហេតុ …។ ទោះបី​ជា​ នៅ​ពេល​ឃោសនា​បោះឆ្នោត​ លោក ស្ហ៊ិនហ្សូ អាបេ បាន​បង្ហាញ​ច្បាស់​អំពី​ចរិក​ជា​អ្នក​ស្តាំ​​និយម មាន​ជំហរ​អភិរក្ស​ និង​ជាតិ​និយម​ដ៏​តឹង​រ៉ឹង​ ជា​ពិសេស​ក្នុងសំណុំ​រឿង​នយោ បាយ​ការបរទេស តែ​សេដ្ឋកិច្ច ស្ថិត​ជា​អាទិភាព​ដ៏​ចំបងបំផុត។ លោក អាបេ គ្រោង​នឹង​វិល​មក​រក​អនុវត្ត​នយោបាយ​ចាស់​គឺ​បង្កើត​ការ​ដ្ឋាន​ធំៗ​ជំរុញ​លទ្ធ ភាព​ ចាយវាយ​ បញ្ហា​រូបិយប័ណ្ណ និង​កម្ចី​គ្រប់​ធុន​ ដើម្បី​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​របស់​​មហាអំណាច​ទី​បី​ពិភពលោក​។

លោក​ស្ហ៊ីនហ្សូ អាបេ អាច​ពឹង​លើគណបក្ស​សម្ព័ន្ធ​មិត្ត​​ ដើម្បី​មាន​​​​សំឡេង​ភាគ​ច្រើនដាច់​ខាត​នៅ​ក្នុង​សភា ដល់​ទៅ​ពីរ​ភាគ​បី ក្នុង​ការ​សម្រេច​សំណើ​អ្វី​មួយ​។ ហើយ​បើ​ចង់​បញ្ចៀស​ឧបសគ្គ ​ ​គណបក្ស​អភិរក្ស​និយម​នេះ​ ត្រូវ​ប្រមូល​សំឡេង​ដាច់​ខាត​ឱ្យ​បាន​ទៀត នៅ​ក្នុង​សម័យបោះឆ្នោត​​ព្រឹទ្ធសភា​ នា​រដូវ​ក្តៅ​ខាង​មុខ​៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close