បុរសម្នាក់រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុក
ភ្នំពេញ ៖ នៅវេលាម៉ោង១២ និង៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ធ្នូ បុរសម្នាក់រងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុក រួចបន្ថែមល្បឿន បើករត់បាត់ ស្ថិតនៅចំណុចផ្លូវលេខ៣៦០ កែង៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តវីហ្គោ ពណ៌ស បើកបរតាមផ្លូវលេខ៥១ ពីជើងទៅ ត្បូង ចំណែកម៉ូតូសង់កូរ៉េ ពណ៌ក្រហម ជិះម្នាក់ឯង តាមផ្លូវលេខ៣៦០ ពីលិចទៅកើត ខណៈមកដល់ចំណុចផ្លូវកែង រថយន្តបើកលឿនពេក ចាប់ហ្វ្រាំងមិនទាន់ បើកទៅបុកម៉ូតូកំពុងឆ្លងផ្លូវ ត្រូវកិនចំពាក់កណ្តាលម៉ូតូ ធ្វើឲ្យខូចខាតស្ទើរទាំងស្រុង អ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តបន្ថែមល្បឿន រត់គេចបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូដែលរងការខូចខាត ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល បឹងកេងកងទី១៕
ដោយ៖ ហេង នាង