សម្តេច ហ៊ុន សែន ជំរុញឲ្យពលរដ្ឋប្រយ័ត្នចំពោះអាកាសធាតុ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ធ្នូ ២០១២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពាវនាវ ឲ្យពលរដ្ឋកម្ពុជា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ ដែលបានចុះត្រជាក់នៅចុងឆ្នាំនេះ។
ថ្លែងនៅក្នុងពិធីសម្ភោធរោងចក្រ សម្ព័ន្ធអន្តរជាតិផ្កាយ៥កម្ពុជា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា អាកាសធាតុ គឺមានការប្រែប្រួល ដូច្នេះពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្ន។
សម្តេចបានបញ្ជាក់ថា « ឆ្នាំរោងតាមធម្មតាវាតែងតែមានទឹកធំ តែបែរជាតូច ឆ្នាំទៅត្រឹមតែខែតុលាគឺរងារ តែឆ្នាំនេះ រដូវត្រជាក់គឺនៅចុងខែធ្នូ ដូច្នេះអាកាសធាតុបែបនេះត្រូវមានការប្រុងប្រយ័ត្ន»។
សម្តេចបានបញ្ជាក់ទៅអាជ្ញាធរថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគឺ ចំពោះមនុស្សចាស់ និងកូនក្មេង ។ អាវរងាប្រមាណ៤ទៅ៥ម៉ឺនអាវ ត្រូវបានសម្តេចបញ្ជាឲ្យទិញស្តុកទុក សម្រាប់បញ្ជូនទៅកាន់កងទ័ព នគរបាល និងអាវុធហត្ថ ដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងតាមដែនកោះនានា៕
ដោយ៖ ហេង នាង