អគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​ប្រទេស​ចិន​ប្តេជ្ញា​​ពង្រីក​ទំនាក់ទំនង​ជាមួយ​ចិន​អោយ​បាន​ប្រសើរ​ឡើង​

ជាច្រើនខែ បន្ទាប់ពីមាន ជំលោះតានតឹង ជាមួយប្រទេសចិន ក្នុងរឿងប្រជុំកោះ សិនសាគូ នាតំបន់សមុទ្រចិនខាងត្បូងមក ប្រទេសជប៉ុនហាក់ចាប់ផ្តើម សំរាលនូវ គោលជំហររបស់ខ្លួន។នៅថ្ងៃចន្ទនេះអគ្គរាជទូតជប៉ុនថ្មីលោក ម៉ា សាតូ គីតេរ៉ា ដែលនឹងត្រូវចូលកាន់ដំណែង ប្រចាំការនៅ ប្រទេសចិន ក្នុង ពេលឆាប់ៗនេះ បានប្រកាសពីគោលបំណងរបស់ជប៉ុនក្នុងការខំប្រឹងពង្រីកវិស័យទំនាក់ទំនង ជាមួយ ចិន អោយបានប្រសើរឡើងវិញ។ 

អនាគតនាយករដ្ឋមន្ត្រី ជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ ដែលទើបនឹង ព្រមានចិនជុំវិញជម្លោះដណ្តើមប្រជុំកោះ សិនសាគូនា ពេល ថ្មីៗនេះបានសំរាលឥរិយាបថរបស់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងមកដោយ សន្យាថា ជប៉ុននឹងប្រឹងប្រែង ធ្វើការទាក់ទង សហប្រតិបត្តការជាមួយចិន ឡើងវិញ ក្នុងដំនើរការស្វែងរកប្រយោជន៍យុទ្ធសាស្ត្ររួម។

លោក ម៉ាសាតូ គីតេរ៉ា អគ្គរាជទូតជប៉ុនថ្មីប្រចាំប្រទេសចិន បានប្រាប់ទូរ ទស្សន៍ NHK របស់ជប៉ុនថា “ខ្ញុំនឹងពន្យល់ដល់អ្នកដឹកនាំចិននានា ថា ជប៉ុននឹង ពង្រឹង អោយទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន មានភាពរស់រវើកឡើងវិញ បើទោះជា ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ មានភាពតឹងតែងក៏ដោយ ព្រោះថា សកម្មភាពការងាររបស់ក្រុមហ៊ុនជប៉ុន ជាការចូលរួមលើកស្ទួយសេដ្ឋកិច្ចរបស់ ប្រទេសចិន។ជប៉ុននិងចិនត្រូវតែផ្លាស់ប្តូរទំនាក់ទំនងគ្នាក្នុងវិស័យផ្សេងៗទៀត ដើម្បីបន្ថយនូវស្ថានភាពតានតឹង រវាងប្រទេសទាំងពីរ” ។

ប្រទេសជប៉ុន ហាក់សំរាលនូវឥរិយាបថរបស់ខ្លួន បន្ទាប់ពីមាន ជំលោះតានតឹង ជាមួយប្រទេសចិន ទាក់ទងរឿងប្រជុំកោះ សិនសាគូ នាតំបន់សមុទ្រចិនខាងត្បូង អស់រាប់ខែមក។ ប្រជុំកោះ សិនសាគូ ស្ថិតនៅ ២០០គីឡូម៉ែត្រ ភាគឥសានពីឆ្នេរ ប្រទេសតៃវ៉ាន់ និង ៤០០ គីឡូម៉ែត្រ ខាងលិចកោះជប៉ុន អូគីណាវ៉ា។  ប្រជុំកោះ នេះ ជាកន្លែងដែលគ្មានមនុស្សរស់នៅ។ ចិន និងជប៉ុន បានឈ្លោះដណ្តើម បូរណភាពដែនដី រៀងៗខ្លួន ក្នុងតំបន់កោះនេះ។

ស្ថានភាពជំលោះ មានលក្ខណៈកាន់តែតឹងតែងខ្លាំង ចាប់ពីខែ កញ្ញាកន្លង មកនៅពេលដែលជប៉ុនបានទិញដីមួយភាគនៃប្រជុំកោះនេះពីឯកជនយកមកធ្វើជា កម្ម សិទ្ធិ របស់ជាតិខ្លួន។ បន្ទាប់ពីនោះ មក ប្រជាជនចិនបាននាំគ្នាបញ្ឈប់ ការប្រើប្រាស់ ផលិតផលជប៉ុន ពិសេស ផលិតផលរថយន្ត ដែលធើ្វអោយការលក់ រថយន្តជប៉ុន នៅក្នុងប្រទេសចិន ថយចុះ ជាង ៨៤ភាគរយ។

ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងទាំងនេះ អនាគតនាយករដ្ឋមន្ត្រី ជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ ត្រៀមនឹង ផ្តល់លិខិតសុំធ្វើការផ្សះផ្សារជាមួយចិន នៅខែ មករា ខាងមុខនេះ តាមរយៈបេសកកម្មរបស់លោក កូម៉ូរ៉ា អនុប្រធានាធិបតី នៃគណ បក្សអភិរក្សនិយមជប៉ុន៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close