ប៉ូលីស​​ឥណ្ឌា​​ហាម​​មិន​​អោយ​​ធ្វើ​​បាតុកម្ម​​នៅ​​ទី​ក្រុង​​​ញូវដែលី​ ជុំវិញ​​​រឿង​​និស្សិត​​ស្រី​​ត្រូវ​​គេ​​រំលោភ​

សំណុំរឿងនិស្សិតស្រី ដែលត្រូវបានយុវជនមួយក្រុមចាប់រំលោភរួមគ្នានៅ ប្រទេសឥណ្ឌាគឺជារឿងក្តៅគគុកនៅទូទាំងប្រទេស។ជាងមួយសប្តាហ៍មកហើយ ប្រជាជនឥណ្ឌារាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងអំពើរំលោភបំពាន នេះ ដែលធ្វើអោយប៉ូលីសមិនសប្បាយចិត្ត ។ នៅថ្ងៃអាទិត្យនេះក្រុមប៉ូលីស ឥណ្ឌាបានប្រកាសហាមឃាត់មិនអោយប្រជាជនធ្វើបាតុកម្មដាច់ខាតនៅប្រជុំជន ក្រុងញូដេលលី។

និស្សិតពេទ្យស្រីដែលត្រូវបានបុរសមួយក្រុមចាប់រំលោភរួមគ្នាមានអាយុ២៣ឆ្នាំ។ កាលពីសប្តាហ៍មុនបន្ទាប់ពីចេញពីមើលកុនជាមួយនឹងសង្សាររបស់នាងនាងត្រូវបាន បុរសស្រវឹងស្រា ៦នាក់ ចាប់រំលោភបន្តបន្ទាប់គ្នា នៅក្នុងរថយន្តក្រុងមួយ។ បន្ទាប់មកក្រុមបុរសទាំងនេះ បានយកដំបងដែកវាយ ទៅលើរូបនាង យ៉ាងដំណំ បង្កអោយផ្នែកពោះវៀនរបស់និស្សិតស្រីរូបនេះរងគ្រោះធ្ងន់ធ្ងរ ។ រួចពី នោះមកទៀត នាង ត្រូវបានក្រុមបុរសទាំងនេះ ច្រានទំលាក់ចេញ ពីរថយន្តក្រុង។ នៅថ្ងៃសៅរ៍នេះ ស្ថានភាពរបស់និស្សិតស្រី មានលក្ខណៈប្រសើរឡើង បន្តិច វិញ ហើយនាងចាប់ផ្តើមរ៉ាយរ៉ាប់ ផ្តល់ព័ត៌មានដល់ក្រុមអ្នកស៊ើបអង្កេត។

អំពើ រំលោភយ៉ាងអមនុស្សធម៌ លើនិស្សិតស្រី បានបង្កអោយប្រជាជន ខឹង សម្បារខ្លាំងនាំគ្នាធ្វើបាតុកម្មថ្កោលទោសជនឧក្រិដ្ឋ។ក្នុងចំនោមបាតុករ រាប់ពាន់នាក់បាតុករភាគច្រើនជានិស្សិតទាមទារអោយមានការធានាសុវត្ថភាពខ្ពស់ ដល់ស្ត្រីឥណ្ឌា និងអោយមានការដាក់ទោសប្រហារជីវិត ដល់ជនឧក្រិដ្ឋដែល រំលោភនិស្សិតស្រី។

បាតុកម្មនេះបានឈានទៅដល់ការប្រទាញប្រទង់គ្នារវាងក្រុមបាតុករនិងក្រុមប៉ូលីស ។នៅថ្ងៃអាទិត្យនេះប៉ូលីសបានហាមឃាត់មិនអោយមានបាតុកម្ម នៅទីប្រជុំ ជនក្រុងញូវដែលី ជាពិសេសនៅតំបន់មួយចំនួន ជិតសភា និងវិមានប្រធានាធិបតី។

ប្រឈមមុខនឹងប្រជាជនដែលខឹងសម្បារខ្លាំង រដ្ឋាភិបាលឥណ្ឌាបានឆ្លើយតប កាលពីថ្ងៃសៅរ៍ម្សិលមិញថានឹងអាចដាក់ទោសប្រហារជីវិតដល់ឧក្រិដ្ឋជនប្រសិន បើការរំលោភមានលក្ខណៈធ្ងន់ធ្ងរ។

យោងតាមសមាគមសិទ្ធិមនុស្សនានាក្នុងរយៈពេល២០ឆ្នាំមកនេះអំពើ រំលោភ ផ្លូវភេទបានកើនឡើងទ្វេដងនៅប្រទេសឥណ្ឌា ដែលជាប្រទេសមួយផ្តល់អាទិភាព គ្រប់គ្រងដល់បុរស៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close