សម្ថកិច្ចចុះឆែកឆេរសណ្ឋាគារ បូលីណា ផាលេស រឹបអូសថ្នាំញៀនជិត ២គីឡូក្រាម
ភ្នំពេញ ៖ កាលពីវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃទី២៣ ធ្នូ ២០១២ កម្លាំងនគរបាល ការិយាល័យប្រឆាំងការ ជួញដូរ គ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង សមត្ថកិច្ច មូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ រាជធានីភ្នំពេញ បានចុះឆែកឆេរ និងរឹប អូសថ្នាំញៀនចំនួន ១៨៣៨,៤ក្រាម (ចំនួន២ម៉ឺនគ្រាប់) នៅ សណ្ឋាគារ បូលីណាផាលេស ស្ថិតនៅផ្ទះលេខ ៨, ៩ និង១០បេ (បីល្វែង) តាមបណ្តោយ១៥៤ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌ ដូនពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សម្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះជនជាតិខ្មែរ២នាក់ និងឡាវចំនួន២នាក់ ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕