ឩបនាយករដ្ឋមន្ត្រីថៃម្នាក់ ជាប់ទោសពីបទនាំខ្លា១០០ក្បាលចេញទៅប្រទេសចិន
នៅប្រទេសថៃ ឩបនាយករដ្ឋមន្ត្រី Plodprasop Suraswadi ត្រូវបានជាប់ពិរុទ្ធ ពីបទនាំសត្វខ្លា ១០០ក្បាលចេញទៅប្រទេសចិន។សត្វខ្លា ១០០ក្បាលនេះ គឺ ជាប្រភេទខ្លា ដែលជិតបាត់បង់ផុតពូជ ពីពិភពលោកនេះ។ ឩបនាយករដ្ឋមន្ត្រីថៃ បានប្រកែកថា ការនាំចេញខ្លាទៅចិន មិនមែនជាទង្វើខុសច្បាប់នោះទេ។
ការអនុញ្ញាតអោយនាំខ្លាចេញទៅប្រទេសចិនបានអនុវត្តឡើងតាំងពីឆ្នាំ២០០២ ម្ល៉េះដែលកាលនោះ ឩបនាយករដ្ឋមន្ត្រី Plodprasop Suraswadi មានតំណែង ជាអ្នកដឹកនាំ នាយកដ្ឋានព្រៃឈើ នៅក្រសួងកសិកម្មថៃ។ ក្រមព្រហ្មទណ្ឌថៃ ដាក់ទោសឩបនាយករដ្ឋមន្ត្រីថៃរូបនេះពីបទបំពានលើអំណាច ស៊ីសំណូក និងគ្មាន សមត្ថភាពសំរេចភារកិច្ចរបស់ខ្លួន។
លោក Plodprasop Suraswadi ដែលត្រូវបានដោះលែង ដោយបង់ប្រាក់កក់ នោះ បានទទួលស្គាល់ថា កាលនោះ លោកពិតជាបានអនុញ្ញាត អោយនាំសត្វខ្លា ទាំងនេះចេញ ទៅប្រទេសចិនមែន ប៉ុន្តែ លោកបានប្រកែក ថា ការនាំចេញខ្លាពី ថៃទៅប្រទេសចិនមិនមែនជាកំហុសបំពានលើច្បាប់នោះទេ។ ឩបនាយករដ្ឋមន្ត្រី Plodprasop Suraswadi បានទាមទារអោយមានភស្តុតាងជាក់ស្តែង អំពីការចោទ ប្រកាន់នេះ។
សត្វខ្លាទាំង១០០ក្បាល ត្រូវដឹកចេញ ពីសួនសត្វប្រជាប្រិយមួយ នៅប្រទេសថៃ បញ្ជូនទៅកន្លែងចិញ្ចឹមសត្វមួយកន្លែងនៅប្រទេសចិន។ ខ្លាទាំងនេះ គឺជា ប្រភេទខ្លាតំបន់បង់ហ្កាល ស្ទើរដាច់ពូជ ពីពិភពលោកនេះហើយ។
នៅអាស៊ីថៃគឺជាប្រទេសមួយដែលសំបូរទៅដោយការជួញដូរប្រភេទសត្វព្រៃ ដែល ជិតបាត់បង់ផុតពូជ ពីលើលោកយើងនេះ។ អនុសញ្ញាអន្តរជាតិ ស្តីពីការជួញដូរ ប្រភេទសត្វព្រៃដែលស្ថិតក្រោមការការពារ ហាមឃាត់ នូវរាល់ការជួញដូរសត្វខ្លា ជាលក្ខណៈអន្តរជាតិ។គេអាចនាំខ្លាចេញពីប្រទេសបានលុះត្រាតែការនាំចេញគ្មាន លក្ខណៈជាការរកស៊ី ជួញដូរ ឧទាហរណ៍ដូចជា នាំខ្លាទៅធ្វើការពិសោធន៍ផ្នែក វិទ្យាសាស្ត្រ៕ (RFI)