សម្ថកិច្ច​ឃាត់​ខ្លួន​ក្រុម​វាយ​យក​លុយ​ និង​ឆក់​ទូរស័ព្ទ​

ភ្នំពេញ៖ កាលពី វេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៨ ធ្នូ ក្រុមវាយយកលុយ និងឆក់ទូរស័ព្ទតាមដងផ្លូវសាធារណៈមួយក្រុម ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពវាយ និងឆក់យកទូរស័ព្ទអ្នកដំណើរតាមដងផ្លូវ ស្ថិតនៅក្នុងផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះ ទី១ មាន ឈ្មោះ សាត ក្តឹប ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរ ជាអ្នកដើររើសអេតចាយ, ទី២ មានឈ្មោះ វ៉ែន ឡោះ ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ អ្នកទាំងពីរ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ត្រូវ ឃាត់ខ្លួន បន្ទាប់ពីកើតហេតុ) ហើយនិង៤នាក់ទៀត កំពុងតែរត់គេចខ្លួន។

មុនពេលកើតហេតុ នគរបាលប្រចាំប៉ុស្តិ៍គោលដៅ ក្បែរកន្លែងកើតហេតុ ទទួលបានព័ត៌មានពីប្រជា ពលរដ្ឋ រាយការណ៍ប្រាប់ថា មានជនសង្ស័យចំនួន១ក្រុម បានធ្វើសកម្មភាពវាយគេយកលុយ និងយកទូរស័ព្ទ ពេលនោះ កម្លាំងនគរបាលរបស់លោក បានពួនស្ទាក់ និងដើរល្បាតគ្រប់ច្រកល្ហក លុះរហូតដល់ម៉ោងកើតហេតុ ក៏ប្រទះឃើញជន សង្ស័យ ដែលមានភិនភាគ ដូចការរាយការណ៍ របស់ប្រជាពលរដ្ឋ ក៏ឃាត់ខ្លួនសាកសួរ និងធ្វើការឆែកឆេរ ប្រទះឃើញ វត្ថុតាងមានកាំបិតសមួយដើម និងពូថៅមួយ។

បន្ទាប់ពីកម្លាំងរបស់លោកសាកសួរ ជនសង្ស័យបានសារភាពថា ពួកពិតជាបានធ្វើសកម្មភាព វាយជនរងគ្រោះយកលុយ និងយកទូរស័ព្ទពិតមែន៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close