សហភាពអឺរ៉ុប និងសិង្ហបុរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មដោយសេរី
នៅទីបំផុតនិងបន្ទាប់ពីបានចរចាគ្នាអស់រយៈពេលជាង២ឆ្នំាមកកិច្ចព្រមព្រៀង ផ្តោះប្តូរដោយសេរីរវាងសហភាពអឺរ៉ុប និងប្រទេសសិង្ហបុរីបានរកឃើញហើយ នៅថ្ងៃអាទិត្យទី១៦ធ្នូម្សិលមិញ។យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនឹង ត្រូវបោះឆ្នោតអនុម័តដោយសភាសហភាពអឺរ៉ុប និងសភាសិង្ហបុរី។ គួរជម្រាប ជូនថា សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មទី១៣របស់សហភាពអឺរ៉ុបជាមួយនឹងវត្តមាន ក្រុមហ៊ុនអឺរ៉ុបជាង ៨ ០០០ក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី។
បន្តិចម្តងៗ សហភាពអឺរ៉ុបបាននិងកំពុងចាប់ផ្តើមពង្រីកដៃគូពាណិជ្ជកម្មរបស់ ខ្លួនជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី។ សិង្ហបុរី គឺជាប្រទេសអាស៊ីទី២ ដែលសហភាពអឺរ៉ុបទទួលបានកិច្ចព្រមព្រៀង ផ្តោះប្តូរដោយសេរីបន្ទាប់ពី ប្រទេសកូរ៉េខាងត្បូង។កិច្ចព្រមព្រៀងផ្តោះប្តូរដោយសេរីជាមួយកូរ៉េខាងត្បូង ដែលបានចូលជា ធរមានកាលពីខែកក្កដា ឆ្នំា ២០១១កន្លងទៅ។ បច្ចុប្បន្ន និងបើយោងតាមទីក្រុងព្រុចសែល ការផ្តោះប្តូរផលិតផល និងសេវារវាងសហភាព អឺរ៉ុបនិងសិង្ហបុរីមានទឹកប្រាក់ដល់ទៅ៧៤ ០០០លានអឺរ៉ុប ហើយការផ្តោះប្តូរនេះ មាន ការកើនឡើងចំនួន ៤០% បើគិតក្នុងចន្លោះឆ្នំា ២០០៩ និង២០១១។
យោងតាមគណៈកម្មការអឺរ៉ុប កិច្ចព្រមព្រៀងផ្តោះប្តូរដោយសេរីជាមួយ ប្រទេសសិង្ហបុរីនៅពេលនេះ នឹងអនុញ្ញាតឲ្យមានការអភិវឌ្ឍន៍នៅលើសេវា ផ្សេងៗទៀត ពិសេសសេវាធនាគារ សេវាធានារ៉ាប់រង ឬមួយក៏សេវាហិរញ្ញវត្ថុ ជាដើម។ទន្ទឹមគ្នានេះកិច្ចព្រមព្រៀងក៏នឹងបើកផ្លូវព្រមទំាងបង្កលក្ខណៈងាយ ស្រួលក្នុងការនំាផលិតផលឧស្សាហកម្ម និងកសិកម្មអឺរ៉ុបចូលក្នុងប្រទេស សិង្ហបុរីផងដែរ។យ៉ាងណាក៏ដោយភាគីទំាងពីរសង្ឃឹមថា កិច្ចព្រមព្រៀង នឹងចាប់ផ្តើមចូលជាធរមាននៅនិទាឃរដូវឆ្នំា ២០១៣ខាងមុខ។
បន្ទាប់ពីប្រទេសសិង្ហបុរីសហភាពអឺរ៉ុបក៏កំពុងបន្តចរចាស្វែងរកកិច្ចព្រមព្រៀង ផ្តោះប្តូរដោយសេរីជាមួយប្រទេសម៉ាឡេស៊ីនិងប្រទេសវៀតណាមព្រមទំាង កំពុងសំឡឹងមើលជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀតនៅក្នុងតំបន់៕ ដោយ គួច គន្ធារ៉ា (RFI)