បើក​ឡាន​បុក​រះ​កន្លែង​លក់​ដូរ​រួច​ធ្លាក់​ទឹក​ក្រឡាប់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១៣ និង ២០នាទី រសៀលថ្ងៃទី១៩ ធ្នូ បុរសចំណាស់ម្នាក់បើក ឡានរេចង្កូតបុករះម៉ាស៊ីនបូមខ្យល់ ពាងទឹក ដបសាំងដែលដាក់តាំងលក់នៅចិញ្ចើមផ្លូវ បណ្ដាលឲ្យបែកបាក់ខ្ទេចខ្ទី ហើយហួសទៅធ្លាក់ទឹកនៅស្រះក្បែរផ្លូវក្រឡាប់ផ្ងារជើង ស្ថិត នៅតាមបណ្ដោយផ្លូវ៥៩៨ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

រថយន្តបង្កម៉ាហ្វ័ររ៉េន័រ ពណ៌ស ពាក់ស្លាកលេខរាជការ ១៤៩៧ បើកបរដោយឈ្មោះពង់ អំណត់ ភេទប្រុស អាយុ៧៣ឆ្នាំមុខរបរទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូន និងជា អតីតអភិបាលខេត្តកំពង់ឆ្នាំងរស់នៅកន្លែងកើតហេតុខាងលើ។

រីឯ ជនរងគ្រោះដែលព្រលឹងចុងសក់ជាម្ចាស់សម្ភារៈខូចខាត មានឈ្មោះ កែវ សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបូមខ្យល់ និងលក់សាំងតាមចិញ្ចើមផ្លូវរស់នៅផ្លូវ៥៩៨ ភូមិសង្កាត់កើតហេតុខាងលើ។

បើតាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបើកពីទិសខាងត្បូង ទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅចិញ្ចើមផ្លូវបុករះដបសាំង ពាង ទឹក ម៉ាស៊ីនខ្យល់ បាក់បែកខ្ទេចខ្ទីរួចក៏ជ្រុលចង្កូតធ្លាក់ទឹកក្រឡាប់ផ្ងារជើងតែម្ដង ពេលនោះក៏មានអ្នកជិតខាងជួយទាញតៃកុងឡានចេញ មកក្រៅឡានក៏បានលិចបាត់ទៅក្នុង ទឹក ត្រូវតៃកុងឡានហៅរថយន្តស្ទូចយកចេញពីទឹកភ្លាមៗផងដែរ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្ដាលឲ្យមានមនុស្សណាម្នាក់ រងរបួស នោះទេ។ ក្រោយកើតហេតុ ជនបង្កនិងជនរងគ្រោះបានសម្រួលសងការខូចខាតចំនួន១ លាន១០ម៉ឺនរៀល៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close