ធាតុអាកាស​ត្រជាក់ខ្លាំង ផ្អាក​ការ​រៀនសូត្រ​នៅ​តាម​សាលាមធ្យមសិក្សា

ដំណឹងនេះ ផ្សាយគ្មានរំលងឡើយ តាំងពីព្រឹកមិញមក ដោយប៉ុស្តទូរទស្សន៍ធំៗ នៃប្រទេសដែលលំអិតថា ឆ្នាំនេះរដូវធា្លក់ទឹកកក ពាំនាំមកនូវសីតុណ្ហភាពត្រជាក់ ប្លែកពីធម្មតានៅតាមតំបន់ភាគច្រើននៃប្រទេស ជាពិសេសនៅតំបន់ស៊ីបេរីគឺចុះ ដល់ទ្រនិចពី ៤០ ទៅ ៥០អង្សាក្រោមសូន្យទាល់តែអាជ្ញាធរអនុគ្រោះដល់ សិស្ស សាលាកុំធ្វើដំណើរទៅរៀនអី។

ត្រជាក់មែនទែន គឺគ្របដណ្តប់ពេញលើតំបន់ស៊ីបេរីខាងលិច និងខាងកើត បែបយ៉ាង នៅខេត្ត Altai Novosibirsk Irkoutsk Omsk Tyva ភ្នំ Oural ជាទីដែលសីតុណ្ហ ភាពជាទូទៅ នៅជុំវិញ៤០អង្សាក្រោមសូន្យ ហើយនៅឯឧបទ្វីប Kamchatka ចុងបូព៌ាប្រទេសចម្ងាយ៨.២០០គ.ម. ពីម៉ូស្គូគឺដល់ទៅ៥២អង្សាក្រោម សូន្យ ឬពី១០ ទៅ១៥ អង្សាទាបជាងធម្មតា។ ករណីខេត្ត Tyva នៅចម្ងាយជាង ៤.៦០០គ.ម. ខាងកើតពីរដ្ឋធានីម៉ូស្គូ ក្នុងក្រុង Kysyl ដោយមកពីព្រឹកមិញធាតុ អាកាសចុះដល់៤៤អង្សាក្រោមសូន្យ ការសិក្សានៅតាមសាលារៀននៃក្រុង នេះដែលមានបណ្តាជន១សែន១ម៉ឺននាក់ត្រូវលុបមិនឲ្យប្រព្រឹត្តទៅទេ។ដ្បិតស្រប នឹងបទណែនាំចេញដោយអាជ្ញាធរសិក្សាធិការខេត្ត ដរាបណាដែលធាតុអាកាស ចុះដល់៤០អង្សាក្រោមសូន្យគឺហាមមិនឲ្យសិស្សពីថ្នាក់ទី១ដល់ទី៤ទៅរៀន ឡើយបើចុះដល់៤១-៤២អង្សា បម្រាមនោះប៉ះដល់សិស្សរហូតដល់ថ្នាក់ទី៩ នៅទី បំផុត បើចុះដល់ក្រោម ៤៣អង្សា គឺរួមក្តោបទាំងសិស្សថ្នាក់លើ គឺថ្នាក់ទី១០ និងទី១១។

របបសិក្សាបែបនេះ ក្នុងលក្ខណៈនៃអាកាសធាតុត្រជាក់ខ្លាំងក៏ត្រូវគេអនុវត្ត នៅតាមខេត្តផ្សេងៗនៃតំបន់ស៊ីបេរី ។ តាមឧត្តុនិយមធាតុអាកាសត្រជាក់ខ្លាំង នៅតំបន់នោះដែលបានចាប់ផ្តើមប៉ុន្មានថ្ងៃមុននឹងពន្យារទៅពេញមួយសប្តាហ៍ នេះតែម្តង។ ឧត្តុនិយមខេត្ត Irkoutsk ដែលស្ថិតនៅចម្ងាយ ៥.២០០គ.ម. ពី ម៉ូស្គូបានឲ្យដឹងថា បើគិតក្នុង៣០ឆ្នាំចុងក្រោយ គឺតែ ២លើកប៉ុណ្ណោះ ដែល សីតុណ្ហភាពធ្លាក់ចុះយ៉ាងគំហុកបែបនេះ។ ព្រឹកមិញ នៅអាកាសយានដ្ឋាន ទីរួមខេត្តនេះ យន្តហោះដែលត្រូវដឹកទេសចរទៅសម្រាកនៅឆ្នេរសមុទ្រថៃ ស្រាប់តែមិនអាចហោះចេញ ដោយមកពីធាតុអាកាសត្រជាក់ធ្វើឲ្យរអាក់រអួលដល់ ប្រព័ន្ធ Computer របស់វា។

ទាំងសត្វក៏រងគ្រោះដែរនឹងធាតុអាកាសត្រជាក់ខ្លាំង។ ប៉ុន្មានថ្ងៃមុន ទូរទស្សន៍ បញ្ចាំងឲ្យឃើញឧប្បត្តិហេតុមួយកើតឡើងមកពីអគ្គីភ័យស្រាប់តែឆេះក្នុងរថយន្ត ទ្រុងដឹកដំរី២ក្បាលជាដំរីលេងសៀកនៅខេត្ត Novosibirsk ចម្ងាយ៣.៣០០គ.ម. ពីម៉ូស្គូ។ ម្ចាស់ដំរីទាំង២នោះ ដោយខំជួយសង្គ្រោះវា រូបគាត់ផ្ទាល់ត្រូវរលាក ខ្លាំងនឹងធាតុអាកាសត្រជាក់ជាង៤០អង្សា ក្រោមសូន្យ ហើយត្រូវដឹកទៅមន្ទីរ ពេទ្យ។ ចំណែកដំរីទាំង២ក្បាលនោះដែលអាយុសុទ្ធតែជាង៣០ឆ្នាំ ក៏រលាកនៅ ត្រង់ស្លឹកត្រចៀកវា ហើយដើម្បីកុំឲ្យវារងារពេក ក្រុមសង្គ្រោះបានឲ្យវាផឹកទឹក ដោយលាយនឹងស្រា Vodka សរុបទៅអស់២កែស។

បើនិយាយពីរដ្ឋធានីរុស្ស៊ីវិញក៏ត្រជាក់គួរដែរអស់ប៉ុន្មានថ្ងៃជាប់មកហើយ សីតុណ្ហ ភាពពេលថ្ងៃគឺ ពី ១៤ ទៅ ១៧ អង្សាក្រោមសូន្យហើយយប់ គឺចុះដល់២១-២២ អង្សា។ ឧត្តុនិយមព្យាករណ៍ថា របបសីតុណ្ហភាពនេះនឹងពន្យារទៅរហូតដល់ ចុងសប្តាហ៍៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close