ជិះម៉ូតូបុកគូទរថយន្តរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ភ្នំពេញ ៖ នៅវេលាម៉ោង ៣និង៤០ នាទីទៀបភ្លឺថ្ងៃទី១៨ ធ្នូ យុវជន ២នាក់ ស្រវឹងស្រាជិះម៉ូតូលឿនពេក ទៅបុករថយន្តដឹកទំនិញធុនធំមួយគ្រឿង កំពុងបើកឆ្លងផ្លូវជិតផុតហើយ បណ្តាលឲ្យអ្នកបើកម៉ូតូបាក់ជើងស្តាំ អ្នកជិះពីក្រោយ ជាម្ចាស់ម៉ូតូ រងរបួសស្រាល ស្ថិតនៅស្តុបនាងគង្ហីង ក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា ។

ប្រភពព័ត៌មានពីប៉ូលិសបានឲ្យដឹងថា រថយន្តធុនធំដឹកទំនិញ ពណ៌សឆ្នូតខៀវ បើកតាមផ្លូវលេខ១៨២ ឆ្ពោះទៅស្តុបនាងគង្ហីងបត់ឆ្វេងជិតផុតហើយ ស្រាប់តែម៉ូតូឃ្លីក ពណ៌ទឹកក្រូចលាយខ្មៅ ជិះគ្នា២នាក់ តាមផ្លូវលេខ២១៧ ពីកើតទៅលិច ជិះលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកគូទ ក្រោយរថយន្តចំហៀងខាងស្តាំ ធ្វើឲ្យម៉ូតូដាច់កង់មុខ បណ្តាលឲ្យអ្នកបើកម៉ូតូបាក់ជើងស្តាំ ចំណែកអ្នកជិះពីក្រោយរបួសស្រាល ។

អ្នកបើកម៉ូតូមានឈ្មោះ ឌឿន ភេទប្រុស អាយុ២៥ឆ្នាំ របួសបាក់ជើងស្តាំ ស្នាក់នៅម្តុំផ្សារឌុយម៉ិច ចំណែកម្ចាស់ម៉ូតូដែលជិះពីក្រោយមានឈ្មោះសម្បត្តិ អាយុ២៣ឆ្នាំ ស្នាក់សំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រងរបួសស្រាល ។

ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅខណ្ឌ ៧មករា ចំណែកជនរងគ្រោះរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close