អូស្រ្ដាលីរៀបចំការប្រជុំធ្វើកំណែទម្រង់ពន្ធដារ
នៅថ្ងៃនេះលោក Wayne Swan រដ្ឋមន្រ្ដីក្រសួងផែនការថវិកាអូស្រ្ដាលីនឹង ទទូចឲ្យខាងរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដីអូស្រ្ដាលីទាំងអស់ចូលរួមចំណែកឲ្យ បានស្មើគ្នាក្នុង កិច្ចការធ្វើកំណែទម្រង់ពន្ធដារ។
លោក Wayne Swan ធ្វើការជួបប្រជុំជាមួយនឹងបណ្ដារដ្ឋមន្រ្ដីថ្នាក់ រដ្ឋដទៃទៀត នៅថ្ងៃនេះនៅក្រុងខេនបេរ៉ាពិភាក្សាអំពីរឿងនេះ។លោកថា លោកនឹងជម្រាប ទៅបណ្ដារដ្ឋមន្រ្ដីថ្នាក់រដ្ឋនិងដែនដីថា ការធ្វើកំណែទម្រង់ពន្ធដារមិនមែនជា ការទទួលខុសត្រូវតែឯកឯងរបស់រដ្ឋាភិបាលសហព័ន្ធអូស្រ្ដាលីនោះទេហើយថា រដ្ឋា ភិបាលថ្នាក់រដ្ឋត្រូវតែដកចេញនូវពន្ធដារទាំងឡាយដែលគ្មាន ប្រសិទ្ធភាព។
លោកបានលើកយកដែនដីរដ្ឋធានីអូស្រ្ដាលីជាឧទាហរណ៍ ថា រដ្ឋាភិបាលដែនដី ACT នេះគ្រោងនឹងជម្រុះចោលនូវពន្ធដារលើដីធ្លីផ្ទះសម្បែង។ ក្រៅពីនេះ នៅក្នុង របៀបវារៈនៃការប្រជុំក៏មានការសើរើឡើងវិញអំពីពន្ធដារលើទំនិញនិងសេវាកម្មដែលហៅ កាត់ថា GST ផងដែរ៕ (Radio Australia)