អេហ្ស៊ីប​ចាប់ផ្តើម​បោះឆ្នោត​ប្រជាមតិ​ដើម្បី​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី

អេហ្ស៊ីបបានចាប់ផ្តើមធ្វើការបោះឆ្នោតប្រជាមតិនៅថ្ងៃសៅរ៍នេះដើម្បីអនុម័ត រដ្ឋធម្មនុញ្ញថ្មីដ៏ចម្រូងចម្រាស ។ រដ្ឋធម្មនុញ្ញដែលគាំទ្រដោយគណបក្ស កាន់អំណាច ប៉ុន្តែ ក្រុមប្រឆាំង និងក្រុមសកម្មជនសិទ្ធិមនុស្សជាច្រើន រិះគន់ថា រដ្ឋធម្មនុញ្ញថ្មីនេះនឹងបើកផ្លូវនាំអេហ្ស៊ីបទៅជាប្រទេសអ៊ីស្លាមជ្រុលនិយម ។ប្រធានាធិបតីអេហ្ស៊ីបបានចេញបញ្ជាឲ្យដាក់ពង្រាយកងទ័ពដើម្បីជួយជាកម្លាំង ដល់ប៉ូលិស ដើម្បីការពារសុវត្ថិភាព ពេញក្នុងអំឡុងពេលបោះឆ្នោតនេះ។

ការបោះឆ្នោតប្រជាមតិ ដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មីនៅអេហ្ស៊ីបនេះ នឹង ប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺនៅថ្ងៃសៅរ៍នេះនិងនៅថ្ងៃសៅរ៍សប្តាហ៍ ក្រោយ។ការរៀបចំការបោះឆ្នោតពីរថ្ងៃដោយមួយថ្ងៃៗឃ្លាតពីគ្នារហូត ដល់ទៅមួយសប្តាហ៍បែបនេះ បណ្តាលឲ្យមានការព្រួយបារម្ភពីសំណាក់ក្រុម ប្រឆាំងគឺម្យ៉ាងខ្លាចមានបញ្ហាទាក់ទងនឹងការរក្សាហិបឆ្នោតដែលបោះ រួចនៅថ្ងៃសៅរ៍នេះដែលអាចនាំឲ្យមានការលួចបន្លំសន្លឹកឆ្នោត និង ម្យ៉ាងទៀត គឺបារម្ភខ្លាចលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃសៅរ៍ ត្រូវលេចធ្លាយចេញទៅក្រៅ ហើយជះឥទ្ធិពលទៅដល់អ្នកដែលត្រូវបោះ ឆ្នោត នៅថ្ងៃសៅរ៍ក្រោយ។

គួរបញ្ជាក់ថា មុននឹងឈានដល់ការបោះឆ្នោតប្រជាមតិថ្ងៃនេះ អេហ្ស៊ីបបាន ឆ្លងកាត់ភាពចលាចលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយសារតែមាន បាតុកម្មនិងអំពើហិង្សារវាងក្រុមប្រឆាំងនិងក្រុមអ្នកគាំទ្ររដ្ឋធម្មនុញ្ញ ដែលភាគ ច្រើនជាក្រុមអ៊ីស្លាមជ្រុលនិយម។ ការប្រឈមមុខដាក់គ្នារវាងគូបដិបក្ខទាំងពីរនេះ នៅតែបន្តកើតមាន រហូតមកទល់នឹងថ្ងៃសុក្រម្សិលមិញ ដែលការប៉ះទង្គិចគ្នា បណ្តាលឲ្យមានអ្នករបួសយ៉ាងតិច ១៥នាក់។

ការបោះឆ្នោតនៅថ្ងៃសៅរ៍នេះក៏កំពុងប្រព្រឹត្តធ្វើទៅក្នុងភាពតានតឹង យ៉ាងខ្លាំងដែរ ។ យោងតាមក្រសួងមហាផ្ទៃអេហ្ស៊ីបប៉ូលិសប្រមាណ១៣ម៉ឺន នាក់និងទាហាន១២ម៉ឺននាក់នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខ នៅក្នុងពេល បោះឆ្នោតប្រជាមតិនេះ ពោលគឺចាប់ពីថ្ងៃសៅរ៍នេះ រហូតដល់ពេលប្រកាស លទ្ធផល។

ក្រុមប្រឆាំងអេហ្ស៊ីបធ្លាប់បានទាមទារដោយទទូចឲ្យលើកពេលការធ្វើ ប្រជាមតិ លើរដ្ឋធម្មនុញ្ញសិន ក៏ប៉ុន្តែ លោកប្រធានាធិបតី Mohamed Morsi ដែលគាំទ្រ ដោយក្រុមអ៊ីស្លាមជ្រុលនិយមបានបដិសេធ។ក្រុមអ្នកប្រឆាំងបានរិះគន់ថាសេចក្តី ព្រាងរដ្ឋធម្មនុញ្ញនេះមិនមានចែងអំពីការការពារសិទ្ធិសេរីភាព ដល់ស្រ្តី សិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការគោរពសាសនា។ ក្រុម សកម្មជនសិទ្ធិមនុស្សមួយចំនួនក៏បានធ្វើការរិះគន់ប្រហាក់ ប្រហែលគ្នានេះដែរ ដោយបារម្ភខ្លាច រដ្ឋធម្មនុញ្ញនេះ នាំអេហ្ស៊ីបទៅរកផ្លូវ អ៊ីស្លាមជ្រុល និយម ដែលជាផ្លូវដ៏គ្រោះថ្នាក់មួយ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close