ម៉ូតូ​បុក​ជា​មួយ​ថយ​ន្ត​តាក់​ស៊ី​ម៉ែត្រ​ធ្លាយ​ពោះ​វៀន​ស្លាប់​

ភ្នំពេញ ៖ រថយន្តតាក់ស៊ីម៉ែត្របត់ឆ្វេង ម៉ូតូគេចមិនផុតទៅបុកកាងមុខរថយន្តខាងឆ្វេង បណ្តាលឲ្យម៉ូតូផ្លោងទៅបោកផ្ទប់នឹងរ៉ឺម៉ក ដាក់ប្រដាប់ប្រដាប៉ះកង់ម៉ូតូ នៅជាប់ទ្វារផ្ទះតែម្តង ធ្វើឲ្យធ្លាយពោះវៀន ស្លាប់បាត់បង់ជីវិតម្នាក់ របួសធ្ងន់ម្នាក់ របួសស្រាលម្នាក់។

គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី ១១ ធ្នូ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវ ២០០៤ ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តតាក់ស៊ីម៉ែត្រ ពណ៌លឿង ប្រភេទរថយន្តជិះបានគ្នា ៧នាក់ តាមមហាវិថីសហព័ន្ធរុស្ស៊ី ពីលិចទៅកើត ចំណែកម៉ូតូសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ជិះគ្នា ៣នាក់ ពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈមកដល់ស្តុប២០០៤នោះ ស្រាប់តែរថយន្តបត់ឆ្វេង ធ្វើឲ្យម៉ូតូខំប្រឹងបើកគេចរថយន្តនោះ តែគេចមិនផុត ជ្រុលទៅបុកក្បាលរថយន្តខាងឆ្វេង ធ្លាក់កាងមុខ ហើយម៉ូតូផ្លោង ទៅបោកផ្ទប់នឹងរ៉ឺម៉កដាក់ប្រដាប់ប្រដាប៉ះកង់ នៅជាប់ទ្វារផ្ទះតែម្តង បណ្តាលឲ្យអ្នកជិះកណ្តាលគេ ធ្លាយពោះវៀនចេញក្រៅស្លាប់បាត់បង់ជីវិត អ្នកបើកម៉ូតូរងរបួសធ្ងន់ និងអ្នកអង្គុយក្រោយគេរងរបួសស្រាល ។

ជនរងគ្រោះ ស្លាប់បាត់បង់ជីវិតមានឈ្មោះ សុខ លីន ភេទប្រុស អាយុ ២៥ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើត នៅភូមិដុតកំបោរ ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ អ្នករបួសធ្ងន់ ឈ្មោះ យ៉ុង យ៉េន ភេទប្រុស អាយុ ៣០ឆ្នាំ ធ្វើការ និងស្រុកកំណើតជាមួយគ្នា ត្រូវជាឪពុកមា អ្នកស្លាប់បាត់បង់ជីវិត ។

សពជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ។ ចំណែករថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close